លោក សម រង្សី នឹងមិនមានវត្តមានដឹកនាំបាតុកម្មប្រឆាំង លោក ហ៊ុន សែន នៅញូយ៉ក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បានប្រកាសថាលោកនឹងមិនមានវត្តមាននៅក្រុងញូយ៉កនាថ្ងៃទី២៩ ខែកញ្ញា ដែលជាថ្ងៃលោកធ្លាប់ប្រកាសថានឹងដឹកនាំបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ការប្រកាសប្តូរគម្រោងភ្លាមៗ របស់លោក សម រង្ស៊ី ធ្វើឡើងខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ។
លោក សម រង្ស៊ី តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃទី២៦ ខែកញ្ញា បានសរសេរថា លោកសុំទោសចំពោះអ្នកគាំទ្ររបស់លោក ដែលលោកមិនបានទៅទីក្រុងញូយ៉ក នាថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា នេះទេ ដោយសារតែមានកិច្ចផ្សេងទៀតត្រូវបំពេញ។ ថ្ងៃទី២៩ ខែកញ្ញា ជាថ្ងៃ ដែលលោក សម រង្ស៊ី ធ្លាប់បានប្រកាសថាលោកនឹងដឹកនាំបាតុកម្មទាមទារកុំឲ្យមានការទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
My apologies are due as I will be unable to attend in New York on Saturday September 29 due to work commitments elsewhere. Many thanks to all those who are able to attend this important rally. #SamRainsy #Cambodia
Rainsy Sam (@RainsySam) September 26, 2018
ក្នុងសំណេរដដែលនោះ អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រលោក ដែលនៅបន្តចូលរួមធ្វើបាតុកម្ម ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនចេញដំណើរពីក្រុងភ្នំពេញនាថ្ងៃទី២៧ ខែកញ្ញានេះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តលោក ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន និងអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល។
តាមរយៈតារាងកម្មវិធី នៅទីក្រុងញូយ៉ក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
នាឱកាសចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ៕
សូមជម្រាបជូនថា ក្នុងឱកាសកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ កម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ