មេធាវី៖ លោក សម រង្ស៊ី នឹងយកបញ្ហារំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្ម លោក ហ៊ុន សែន ប្រាប់តុលាការបារាំង
ចុះផ្សាយនៅថ្ងៃ៖
សហមេធាវីពីររូបរបស់លោកសម រង្ស៊ី នៅថ្ងៃទី២៣ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការប្រកាសស្វាគមន៍របស់លោកសម រង្ស៊ី ចំពោះការប្តឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ តាមក្រុមមេធាវី ក្រៅពីប្រកាសស្វាគមន៍ លោកសម រង្ស៊ី ក៏នឹងដាក់ភស្តុតាងមួយចំនួនស្តីពីការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលលោកចោទថា បានប្រព្រឹត្តឡើងដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់តុលាការនាពេលខាងមុននេះផងដែរ។
ក្រុមមេធាវីរបស់លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័តមានរបស់ខ្លួនថា លោកសម រង្ស៊ី នឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ ដើម្បីឆ្លើយតបទៅនឹងការប្តឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅតុលាការបារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមមេធាវីអះអាងថា លោកសម រង្ស៊ីនឹងពាំនាំនូវ ភស្តុតាងអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់លោកហ៊ុន សែន។ ភស្តុតាងនេះ គឺយកចេញពីរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)។ បើតាមក្រុមមេធាវី ភស្តុតាង ដែលបានពីក្រុមអ្នកជំនាញ និង អង្គការដែលគួរឱ្យទុកចិត្ត នឹងនាំយកទៅធ្វើជាតឹកតាង និងបំភ្លឺពីការពិតនៃសេចក្តីថ្លែងការណ៍របស់លោកសម រង្ស៊ី អំពីការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
បន្ថែមលើនេះ ក្រុមមេធាវីក៏បានលើកឡើងដែរថា លោកសម រង្ស៊ី នឹងលើកបង្ហាញពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់លោកហ៊ុន សែន នៅប៉ុន្មានទស្សវត្សរ៍នេះតាមរយៈការប្រើប្រាស់ប្រព័ន្ធច្បាប់ធ្វើទុក្ខបុកម្នេញលើសកម្មជនការពារសិទ្ធិមនុស្ស អ្នកនយោបាយបក្សប្រឆាំង រួមទាំងលោកសម រង្ស៊ី ខ្លួនឯងផង។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមមេធាវីលោកសម រង្ស៊ី បានគូសបញ្ជាក់ថា នៅពេលនេះ លោកហ៊ុន សែន កំពុងប៉ុនប៉ងប្រើប្រាស់តុលាការបារាំង ដើម្បីបន្ថែមការគាបសង្កត់ទៅលើគូប្រជែងនយោបាយរបស់លោក។
ក្រៅពីបញ្ហានេះ លោកសម រង្ស៊ី ក៏នឹងលើកបង្ហាញពីការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងៗ ដូចជា ករណីផ្ទុះគ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលសម្លាប់មនុស្ស១៥នាក់ និង ១៥០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីលោកសម រង្ស៊ី។
សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរបស់លោកសម រង្ស៊ីនាពេលនេះ ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់សហមេធាវីជនជាតិបារាំង៣រូប របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកឌី វិជ្ជា ដែលជាកូនប្រសារកាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ ដែលបានបញ្ជាក់ពីការប្តឹងលោកសម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»ទៅកាន់តុលាការបារាំង។ បណ្ដឹងនេះ ធ្វើឡើងជុំវិញសំណុំរឿងការស្លាប់របស់លោក ហុក ឡង់ឌី កាលពី១១ឆ្នាំមុន ដែលលោកសម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែនថា ជាមេខ្លោងនៅពីក្រោយការស្លាប់នេះ ហើយអះអាងទៀតថា លោកឌី វិជ្ជា ដែលជាកូនប្រុសលោកហុក ឡងឌី កំពុងរៀបគម្រោងការសងសឹកលោកហ៊ុន សែនវិញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមមេធាវីរបស់លោកហ៊ុន សែន បានគូសបញ្ជាក់ថា លោកហ៊ុន សែន មិនចង់ប្តឹងលោកសម រង្ស៉ី ដែលជាជនរួមជាតិជាមួយខ្លួននៅតុលាការបរទេសបែបនេះនោះទេ។ ប៉ុន្តែការចោទប្រកាន់របស់លោកសម រង្ស៊ីនេះ គឺមិនអាចអត់ឱនឱ្យបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ