កម្ពុជា

ស្ត្រី​ម្នាក់ យក​ស្បែក​ជើង​គប់​រូប​លោក ហ៊ុន សែន ត្រូវ​តុលាការ​កោះបញ្ជាឲ្យ​ចូល​ខ្លួន!

រូប​នារី​គេ​ដែល​សង្ស័យ ផ្សាយ​ដោយ​Freshnews
រូប​នារី​គេ​ដែល​សង្ស័យ ផ្សាយ​ដោយ​Freshnews @Freshnews

ពីម្សិលមិញ​នេះ ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ បាន​កោះបញ្ជាឲ្យ​ ស្ត្រី​ម្នាក់ ​ចូល​ខ្លួនទៅ​ស្នង​ការ​នគរ​បាល​ ដើម្បីសាក​សួរ​ពីដំណើរ​រឿង​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​។ ការ​កោះ​ហៅនេះ គឺ​ក្រោយ​ពីរូប​នាង​ បាន​យក​ស្បែក​ជើង គប់​ស្លាក​គណ​បក្ស​ប្រជាជនកម្ពុជា​ ដែល​មាន​រូបថត​​លោក ហ៊ុន សែន និង​រូប​លោក ហេង សំរិន។ ក៏ប៉ុន្តែ រំលង​ផុត​បាន​មួយ​ថ្ងៃទៅ​ហើយ នារីនោះនៅតែ​មិន​ទាន់​ចូល​ខ្លួន ហើយ​សមត្ថកិច្ច​ក៏​មិន​ទាន់​រក​រូប​​នាង​ឃើញ​នៅឡើយ​ដែរ។ ទន្ទឹម​នេះ ​បណ្តាញ​ព័ត៌មាន​ស្និទ​នឹង​បក្ស​កាន់អំណាច បាន​សរសេរចោទថា នារីនោះ​​ជា “​សកម្មជន​បក្ស​ប្រឆាំង”។

ផ្សាយពាណិជ្ជកម្ម

ចំពោះ​អង្គ​ហេតុ​នៃ​​រឿង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថាកើត​ឡើង​តាំងពី​ពេល​ណា​នោះទេ ព្រោះ​គ្មាន​កាល​បរិច្ឆេទនៃ​បទល្មើស​​។​ ក៏ប៉ុន្តែ​តាមរយៈ​វីដេអូ​ខ្លី ត្រឹម​១៣វិនាទី​ ដែល​ត្រូវបណ្តាញ​ព័ត៌មាន​ដែល​ស្និទ​នឹង​បក្សកាន់អំណាច​ចុះ​ផ្សាយ​នោះ គឺ​បង្ហាញ​សកម្មភាព​ពី​ស្ត្រី​ម្នាក់ បាន​យក​ស្បែក​ជើង ទៅគប់ចំនួន​ពីរដង ទៅ​​លើ​រូប​ស្លាក​ប្រមុខ​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជនកម្ពុជា និង​ថែមទាំង​និយាយ «អាណេះ វា​តាម​បំផ្លាញ​ជាតិ​ដល់​នេះទៀត អាហ្នឹង!»។

សកម្មភាព​និងពាក្យ​សម្តី​នេះ ត្រូវ​ព្រះរាជអាជ្ញា​ខេត្ត​កំពង់​ស្ពឺចាត់ទុកថា ជា​ការ​ប្រមាថ និង​ជាការ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ហើយ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន ​នារីម្នាក់ឈ្មោះ សំ សុខា អាយុ​៣៨ ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឲ្យ​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​មន្ត្រីនគរ​បាល​យុត្តិធម៌​ ឲ្យ​បាន​មុន​​ថ្ងៃទី​៨មេសា​។

ពេល​វេលា​កំណត់​បាន​ផុត​ហើយ ក៏ប៉ុន្តែ មន្ត្រីស្នង​ការ​នគរបាលខេត្ត​កំពង់​ស្ពឺ លោក សម​ សាមួន ប្រាប់វិទ្យុ​បារាំង ​RFI យ៉ាង​ខ្លីថា មិនទាន់​ឃាត់​ខ្លួន​នារី​រូប​នោះ​នៅឡើយទេ។​ ពេល​នេះ សមត្ថកិច្ច​កំពុង​ដុត​ដៃដុត​ជើង ធ្វើការ​ងារ។​ ចំណែក​ស្ថាប័ន​អយ្យការ​ ក៏​ពុំទាន់​មាន​សេចក្តី​ពន្យល់​បន្ថែម​នៅឡើយ​ដែរ នៅ​ថ្ងៃអាទិត្យទី៩មេសា។

រីឯ​មន្ត្រីអ្នក​នាំពាក្យ​ទាំង​២នាក់​ និង​អនុប្រធាន​ទាំង​៣​ របស់​បក្ស​សង្គ្រោះជាតិ ក៏​គ្មាន​សេចក្តីអធិប្បាយ​យ៉ាងណា​នោះឡើយ​។ ផ្ទុយ​ពីគេ​ឯង អ្ន​កតំណាង​រាស្ត្របក្ស​ប្រឆាំង លោក នុត រំដួល ដែល​កំពុង​ចុះ​មូលដ្ឋាន​ស្រាប់ ក៏​ថា​លោក​ពុំទាន់បាន​​ដឹង​រឿង​នេះនៅឡើយ​​ទេ។

យ៉ាងណាក៏ដោយ​ ប្រសិន​បើ​តុលាការ​រកឃើញ​ថា នារី​រូប​នោះ មាន​ពិរុទ្ធ​ពិតមែន!​ នាងទំនង​ជា​​អាច​នឹង​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ ចំនួន​២​​ករណី។ ទី១ បទប្រមាថ ដែល​ត្រូវជាប់​ពន្ធនាគារ​ពី​១ថ្ងៃទៅ​៦ថ្ងៃ ហើយ​បង់លុយ ១ពាន់ទៅ​១០ម៉ឺន​រៀល ហើយ​និងទី២ បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើសអើង ដែល​អាច​ត្រូវ​ប្រឈម​នឹង​ជាប់​គុក​១ឆ្នាំទៅ​៣ឆ្នាំ ហើយ​បង់​ពិន័យ​ប្រាក់​ ពី​២លាន​ទៅ​៦លាន​រៀល។

ក៏ប៉ុន្តែអ្នក​ច្បាប់​​មាន​ជាអាទិ៍ លោក មេធាវី សុខ សំអឿន យល់ថា មិន​គួរ​យក​បទល្មើស២នេះ មក​ចោទ​លើ​រូប​នាង​​នោះឡើយ។ ព្រោះបើតាម​ការ​បកស្រាយ​ផ្លូវ​ច្បាប់ របស់មេធាវីរូបនេះ មាត្រា ៥០២ ស្តីពី​ ការ​ប្រមាថ អ្នក​រាជការ​សាធរណៈឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត​ គឺ​សំដៅ​តែ​ក្នុង​ពេល​បុគ្គល​នោះ​បំពេញ​មុខ​ងារ​តែប៉ុណ្ណោះ។​ ហើយ​មាត្រា​ ៤៩៦ គឺ​សម្រាប់​ដែល​ករណី​រើស​អើង​ជាតិពន្ធុ ក្រុម​ជាតិ ពូជ​សាសន៍ និង​សាសនា តែប៉ុណ្ណោះ គឺគ្មាន​ការ​រើសអើង ឬ​ស្អប់​បុគ្គល​ម្នាក់ៗ​នោះឡើយ។ លោកមេធាវី សង្កត់​ធ្ងន់​ថា គេ​ត្រូវ​បែង​ចែក​ឲ្យ​ដាច់​ពីគ្នា រវាង​ការ​ស្អប់​ មិន​ចូលចិត្ត ការ​បញ្ចេញ​មតិ​ និង​ការ​ប្រមាថ ហើយ​គេ​ក៏ពុំ​គួរ​បកស្រាយ​ច្បាប់​ដើម្បី​ការពារ​ប្រយោជន៍​បក្ស​និង​បុគ្គល​នោះទេ​។

ក៏ប៉ុន្តែ នៅ​មាន​មាត្រា​៤៩៤មួយ​ទៀត របស់​ក្រម​ព្រហ្មទណ្ឌ​ ដែល​អ្នក​ច្បាប់ឯករាជ្យ​ខ្លះ ​គិតថា អាច​ជា​សំអាង​​របស់​តុលាការ​ក្នុង​ការ​​ចោទ​ប្រកាន់។ មាត្រា​ច្បាប់នេះ ក្តោប​លើ​ការ​ញុះញង់​តាម​​សំណេរ គំនូរ និង​ពាក្យ​សម្តី​តាម​ប្រភេទ​ណា​ក៏ដោយ​ នៅ​ទី​សាធារណៈ​​ គឺត្រូវ​ផ្តន្ទាទោស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI