កម្ពុជា

ក្រសួង​វប្បធម៌រៀបចំ​ពិធី​បួងសួង​រំលឹក​គុណ​បុព្វបុរស​ខ្មែរ នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក

តំបន់ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ២០១៧
តំបន់ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ២០១៧ REUTERS

ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​ពិធី​បួងសួង​រំឭក​គុណ​បុព្វបុរស​ខ្មែរ នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​។ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពីរសៀល​ថ្ងៃ​អាទិត្យ​ស្អែក​ត​ទៅ រហូត​ដល់​ថ្ងៃ​ចន្ទ​ទី​៧​សីហា​។ ខណៈ​ដែល​ពិធី​កាន់​តែ​រំកិល​ខិត​ជិត​ចូល​មក​ដល់ អាជ្ញាធរ​ខេត្ត​កំពង់ធំ​ឯ​ណោះវិញ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បាន​ត្រៀម​ខ្លួន​រួច​ស្រេច​អស់​ហើយ​សម្រាប់​ពិធី​នេះ​។

ផ្សាយពាណិជ្ជកម្ម

ពិធី​​បួងសួង​រំឭក​គុណ​បុព្វបុរស​ខ្មែរ និង​ព្រឹត្តិការណ៍​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​បេតិកភណ្ឌ​ពិភពលោក នឹង​ប្រារព្ធ​ធ្វើ​នៅ​ត្រង់​​ចំណុច​​សំខាន់​ៗ​ចំនួន​៤ រួម​មាន ប្រាសាទ​ជ័យ អាស្រម​តា​ឥសី ប្រាសាទ​សំបូរ និង​ប្រាសាទ​តោ ឋិត​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ វិមាន អភិបាល​រង​ខេត្ត​កំពង់​ធំ​។ លោក​បាន​បន្ត​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​ខេត្ត​កំពង់​ធំ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​អស់​ហើយ ដើម្បី​រៀបចំ​ពិធី​ដ៏​សំខាន់​នេះ ពិសេស​គឺ​បាន​ត្រៀម​កម្លាំង​សមត្ថកិច្ច​ដើម្បី​​ការពារ​សុខ​សុវត្ថិភាព និង​ជួយ​សម្រួល​ដល់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​។

គួរ​ជម្រាប​ជូន​ថា ពិធី​​បួងសួង​រំឭក​គុណ​បុព្វបុរស​ខ្មែរ និង​ព្រឹត្តិការណ៍​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​បេតិកភណ្ឌ​ពិភពលោក ត្រូវ​បាន​ផ្ដួច​ផ្ដើម​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​ភាគី​ពាក់ព័ន្ធ​ដ​ទៃ​ទៀត​។

នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៦ សីហា ពិធី​នេះ​នឹង​ចាប់​ផ្ដើម​ប្រារព្ធ​ធ្វើ​កម្មវិធី​ក្រុងពាលី ក្រោម​អធិបតី​ភាព​លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន​។ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៧​សីហា នឹង​មាន​ការ​ប្រគំ​តន្ត្រី សិល្បៈ​ចាប៉ី​ដង​វែង និង​របាំ​ប្រពៃណី​។ ក៏​មាន​ផង​ដែរ ការ​សម្ដែង​ក្បាច់​គុណ​ខ្មែរ កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ និង​ល្បែង​កម្សាន្ត​ដទៃ​ទៀត​។

លោក គង់ វិមាន អភិបាល​រង​ខេត្ត​កំពង់ធំ រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​រាប់​ពាន់​នាក់​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ​។ លោក​ក៏​បាន​​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទៅ​​ផង​ដែរ ព្រោះ​វា​ជា​​ឱកាស​ដែល​​ពលរដ្ឋ​ខ្មែរ​បាន​ទស្សនា​ប្រាសាទ​បុរាណ​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ដែល​មាន​វ័យ​ចំណាស់ និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ព្រម​ទាំង​អាច​​ទស្សនា​ទស្សនីយភាព​សិល្បៈ​បុរាណ​ប្រពៃណី​ចម្រុះ​​ទៀត​ផង​​។

សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​៨​កក្កដា រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ពិធី​អបអរ​ជា​បន្ត​បន្ទាប់។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់ ទូង​ស្គរ ដើម្បី​អបអរ​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នេះ​។ បន្ទាប់​ពី​នោះ ពិធី​ប្រគំ​តន្ត្រីអបអរ​មួយ​ទៀត​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ដែរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​លោក​នាយករដ្ឋ​មន្ដ្រី និង ភរិយា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI