អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

ក្រសួង​រ៉ែ និង​ថាមពល ៖ អាចមាន​ហេតុផល​បច្ចេកទេស​បី ដែល​នាំ​ឲ្យ​តួលេខ​នាំចេញ​ខ្សាច់​ទៅ​សឹង្ហ​បុរី​ខុសគ្នា​ខ្លាំង

យុវជន​​មាតា​​ធម្មជាតិ​ កំពុង​ចង្អុល​បង្ហាញ​ពី​សាឡង់​បូមខ្សាច់​ នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ក្រុម​យុវជន​ធ្វើ​ការ​បណ្តេញ​ចេញ ​ក្នុ​ង​ខេត្ត​កោះ​កុង។​
យុវជន​​មាតា​​ធម្មជាតិ​ កំពុង​ចង្អុល​បង្ហាញ​ពី​សាឡង់​បូមខ្សាច់​ នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ក្រុម​យុវជន​ធ្វើ​ការ​បណ្តេញ​ចេញ ​ក្នុ​ង​ខេត្ត​កោះ​កុង។​ សហការី
ដោយ៖ ស្រី សុភ័ក្រ្ត
1 នាទី

ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គម្លាត​ខុសគ្នា​ឆ្ងាយ រវាង​តួលេខ​នាំចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​សឹង្ហ​បុរី របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​តួលេខ​របស់​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម លើ​ទំនិញ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ផ្តល់​ដោយ​ប្រទេស​សិង្ហ​បុរី ទំនង​ជាមាន​មូលហេតុ​បច្ចេកទេស​បី។ តែ​លោក សន ជ័យ ប្រធាន សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា មាន​មន្ទិល​ថា ការ​ពុករលួយ ក្នុង​ការដឹក​ខ្សាច់​ពី​កម្ពុជា ដែលមាន​ការឃុបឃិត​ជា ប្រព័ន្ធ មិន​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ដឹង អាចជា​ហេតុផល​ដ៏​គួរ​សង្ស័យ​បំផុត។ 

ផ្សាយពាណិជ្ជកម្ម

លោក ម៉េង សក្តិ​ធារ៉ា អ្នកនាំពាក្យ ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃទី៨ វិច្ឆិកា នេះ​ថា អាចមាន​កក្តា​បច្ចេកទេស​បី ដែល​នាំ​ឲ្យ តួលេខ​នាំចេញ​ខ្សាច់​ពី​កម្ពុជា ទៅ សឹង្ហ​បុរី មាន​គម្លាត​ខុសគ្នា​ឆ្ងាយ។ មូលហេតុ​ទាំងនោះ រួមមាន បច្ចេក​ទេស​​កត់ត្រា ការនាំចេញ​ខ្សាច់ ផ្អែកលើ​តម្លៃ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា និង​ប្រទេស​សឹង្ហ​បុរី ខុសគ្នា ការរត់ពន្ធ​ខ្សាច់​ខុសច្បាប់ នៅក្នុង​តំបន់ ដោយ​ជ្រក​ក្រោម​ស្លាក​ទង់ជាតិ​កម្ពុជា និង​ការ​ស៊ុំគ្រលុំ​គ្នា រវាង អ្នក​នាំចេញ​ខ្សាច់ ជាមួយនឹង អ្នក​អនុញ្ញាត​នាំចេញ ធ្វើ​របាយការណ៍​ក្លែង​បន្លំ ។

អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា យ៉ាងណាក៏ដោយ ក្រសួង​រ៉ែ និង​ថាមពល ចាំបាច់​ត្រូវការ​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់ ថា​តើ តួលេខ នាំចេញ​ខ្សាច់ ខុសគ្នា ក្នុង​ប្រពន្ធ​ពាណិជ្ជកម្ម​អន្តរ​ជាតិ បែបនេះ កើតឡើង​របៀប​យ៉ាងណា ?

ការឆ្លើយតប​នេះ ធ្វើឡើង​បន្ទាប់ពី បណ្តុំ​អង្គការ​សង្គម​ស៊ីវិល ជិត ៥០ស្ថាប័ន កាលពី​ថ្ងៃទី៣១ តុលា បាន ស្នើ​ទៅ ក្រសួង​រ៉ែ និង​ថាមពល បំភ្លឺ​លើ តួលេខ​នាំ​ខ្សាច់​ចេញពី កម្ពុជា ទៅកាន់​ប្រទេស​សឹង្ហ​បុរី អំឡុង​ឆ្នាំ២០០៧ ដល់ ២០១៥ របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កត់ត្រា ត្រឹម ២.៨ លាន​តោន ក្នុងតម្លៃ​ទឹកប្រាក់ ៥.៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​តួលេខ​របស់​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម លើ​ទំនិញ​របស់​អង្គការសហប្រជាជាតិ ដែល​ផ្តល់​ដោយ​ប្រទេស​សិង្ហ​បុរី បង្ហាញ​តួលេខ ៧២.៨ លាន​តោន ដែល​នាំ​ឲ្យ​មាន​គម្លាត​បរិមាណ​ខ្សាច់ ចំនួន​ជាង ៦៩.៩ លាន​តោន ក្នុងតម្លៃ ជាង ៧៤៦.៥លាន​ដុល្លារ សហរដ្ឋអាមេរិក។

លោក សន ជ័យ ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា កំពុង​ដាក់​ការសង្ស័យ​លើ អំពើពុករលួយ ក្នុង​ការដឹក​ខ្សាច់​ចេញពី​កម្ពុជា ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ មិន​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ដឹង ជាហេតុ​ផល​ដ៏​គួរ​សង្ស័យ​បំផុត។ លោក បាន​ណែនាំ​ឲ្យ រដ្ឋាភិបាល​កម្ពុជា គួរ​ទំនាក់ទំនង​ជាមួយនឹង រដ្ឋាភិបាល​សឹង្ហ​បុរី ដើម្បី​ស្រង់​ឈ្មោះ​ក្រុមហ៊ុន និង​ទិន្នន័យ​លម្អិត​ពី​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា ដើម្បី​ឲ្យ​ដឹង​ច្បាស់ ព្រោះ សឹង្ហ​បុរី មិនមែន​ចេះតែ​ទទួល​ខ្សាច់​គ្មាន​ប្រភព​ច្បាស់លាស់ និង​កត់ត្រា​មិន​ច្បាស់លាស់​នោះឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ