កម្ពុជា-សង្គម

​ក្រសួង​មហា​ផ្ទៃ ចេញ​សេច​ក្តី​ណែ​នាំ​ឲ្យ​អាជ្ញាធរ​សហ​ការ​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្នុង​ពេល​ចុះ​បេសកម្ម​

ក្រសួង​មហា​ផ្ទៃ​កាល​ពីថ្ងៃទី ០៤ មីនា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ស្តីពី ការ​ផ្តល់​កិច្ច​សហ​ការ​ដល់​ការ​ចុះ​បំពេញ​បេសកម្ម​ការងារ​នៅ​តាម​រាជ​ធានី ខេត្ត​ របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​។ សេចក្តី​ជូន​ដំណឹង​នេះ បាន​ធ្លាក់​មក​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កិច្ច​ប្រជុំ​លើក​ទី១រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន និង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ បន្ទាប់​ពី​ការ​បំពេញ​បេសកម្ម​ការងារ​របស់​ពួក​គេ​រយៈ​ពេល​១ឆមាស​រួច​មក​។ 

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង
លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​សេចក្តី​ណែ​នាំ​នេះ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ មាន​ភារ​កិច្ច​តាម​ដាន​ពី​ដំណើរ​ការ​អនុវត្ត​ច្បាប់ និង​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ផ្តល់​អនុសាសន៍​កែ​លម្អ​ភាព​អសកម្ម និង​ភាព​មិន​ប្រក្រតី​។ ក្នុង​ស្មារតី​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​ភារ​កិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​ឲ្យ​លោក​លោក​ស្រី​ដែល​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ផ្តល់​កិច្ច​សហ​ការ​ឲ្យ​បាន​ជិត​ស្និទ្ធ ដល់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ ក្នុង​ពេល​ចុះ​បំពេញ​បេសកម្ម​ការ​ងារ​នៅ​តាម​រាជ​ធានី-ខេត្ត ឲ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន និង​ស្រប​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​។

គួរ​ជំរាប​ជូន​ថា សេចក្តី​ណែ​នាំ​របស់​ក្រសួង​មហា​ផ្ទៃ​នេះ បាន​ធ្លាក់​មក​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កិច្ច​ប្រជុំ​លើក​ទី១​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន និង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ កាល​ពី​ថ្ងៃទី ២៨ កុម្ភៈ ដោយ​បាន​លើក​ឡើង​ពី​ឧបសគ្គ​របស់​ពួក​គេ​ក្នុង​ពេល​ចុះ​បំពេញ​បេសកម្ម​រយៈ​ពេល​៦ខែ​កន្លង​មក​នេះ​។ ក្នុង​រយៈ​ពេល​៦ខែ​កន្លង​មក​នេះ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ទើប​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ បាន​ចុះ​បំពេញ​បេសកកម្ម​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​១០០​លើក​។ ហើយ​ភាគ​ច្រើន​ជា​ករណី​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​។ តាម​រយៈ​កិច្ច​ប្រជុំ​នោះ​ហើយ ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ទទួល​ស្តាប់​ពី​ការ​ត្អូញ​ត្អែរ​របស់​ពួក​គេ។​

គួរ​ជំរាប​ជូនទៀត​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​ចំនួន​៣២​រូប មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​សុទ្ធ​សឹង​តែ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​និង​រដ្ឋ​មន្ត្រី​នេះ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​ការ​ផ្តួច​ផ្តើម​គំនិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី០៦​ឆ្នាំ​២០១៨ ដើម្បី​ប្រមូល​ធាតុ​ចូល ទស្សនៈ​ពហុ​គំនិត និង​ជា​ប្រយោជន៍​ដល់​ការ​ស្ថាបនា​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ចំនួន ១៦ គណបក្ស​។

លោក ពេជ្រ ស្រស់ ប្រតិ​ភូ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ចាត់​ទុក​សេចក្តី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ថា គឺ​ជា​លិខិត​បើក​ផ្លូវ​មួយ​ទៀត សម្រាប់​សម្រួល​ដល់​ការ​ចុះ​បំពេញ​បេសកម្ម​ការងារ​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ និង​បំភ្លឺ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ខេត្ត យល់​ច្បាស់​ពី​តួនាទី​របស់​ពួក​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI