លោក ស ខេង ថា ចរាចរណ៍សត្វព្រៃខុសច្បាប់នៅកម្ពុជា កើតឡើងដោយសារបច្ចុប្បន្នភាពពិភពលោក
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ដោយសារតែស្ថានភាពនៃសកលលោក នាពេលបច្ចុប្បន្ន ទើបធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលឧក្រិដ្ឋជន ឆ្លងកាត់ ដើម្បីដឹកជញ្ជូន និងចរាចរសត្វព្រៃខុសច្បាប់។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានធ្វើឡើងក្នុងខណៈលោកដឹកនាំគណៈប្រតិភូចូលរួមក្នុងសន្និសីទ ស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី ៤ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស នៅថ្ងៃទី១១ និង១២ខែតុលានេះ។ ជាសន្និសីទ ដែលមានការចូលរួមពីប្រទេសជាង ៨០ ក្នុងក្របខណ្ឌថ្នាក់ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិល និងវិស័យឯកជន ប្រមាណ ១,០០០នាក់។
ចុះផ្សាយនៅថ្ងៃ៖
លោក ស ខេង បានថ្លែងក្នុងសន្និសីទកាសែតនៅចំពោះមុខអ្នកចូលរួមជាង ១,០០០នាក់នោះថា បទល្មើសជួញដូរសត្វព្រៃខុសច្បាប់ មិនត្រឹមតែនាំមកនូវមហន្តរាយ ដល់និរន្តភាពបរិស្ថាន និងធនធានធម្មជាតិនៃភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែប្រាក់កាសដែលទទួលបានពីការប្រព្រឹត្តិបទល្មើសនេះ ក៏បាននាំបញ្ហាស្មុកស្មាញជាច្រើនដល់សង្គម និងសកលលោកផងដែរ។ តាមលោក ស ខេង បទល្មើសជួញដូរសត្វព្រៃខុសច្បាប់ នាំឲ្យមានបទល្មើសពាក់ព័ន្ធផ្សេងទៀត ដូចជា ការសម្អាតប្រាក់ អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការជួញដូរអាវុធខុសច្បាប់ជាដើម។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា កម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាចរាចរណ៍សត្វព្រៃនេះ ទោះបីជាកម្ពុជាមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យមានការជួញដូរផលិតផលសត្វព្រៃស្របច្បាប់ និងមិនមែនជាប្រទេសដែលមានតម្រូវការផលិតផលសត្វព្រៃ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏ដោយ។
ឆ្លើយតបនឹងបញ្ហានេះ លោក ស ខេង បានលើកពីការប្តេជ្ញាចិត្ត បន្តអនុវត្តគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជា និងសន្និសីទលើកទី៣ កន្លងមកបានដាក់ចេញ។ វិធានការទាំងនោះ រួមមានបន្តគោលនយោបាយគាំពារ គ្រប់គ្រង ថែរក្សា និងអភិរក្សសត្វព្រៃ ឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់, បន្តពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែតឹងរ៉ឹង , សហការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ, បន្តផ្សព្វផ្សាយបង្កើនការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃ និងបន្តផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយស្ថាប័នអនុវត្តច្បាប់ ក្នុងការចែករំលែកបទពិសោធ និងព័ត៌មានដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់ទម្រង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ