លោក ស ខេង កោតសរសើរនគរបាលដែលបានទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
លោក ស ខេង ក្នុងថ្ងៃកំណើតនគរបាលជាតិ បានថ្លែងកោតសរសើរនគរបាល ដែលបានធ្វើសកម្មភាពទប់ស្កាត់នូវឧបាយកល ដែលបង្កមហន្តរាយដល់សង្គម រួមនឹងសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោក ស ខេង ហៅសកម្មភាពនេះថាបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងនាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃទាំងឡាយ ដែលកងកម្លាំងនគរបាលជាតិសម្រេចបាននាឆ្នាំ២០១៨កន្លងទៅនេះ ពិសេសគឺការដោះស្រាយ និងគ្រប់គ្រងសភាពការណ៍សន្តិសុខប្រកបដោយវិជ្ជាជីវៈ។
បើតាមលោក ស ខេង កងកម្លាំងនគរបាលជាតិបានទប់ស្កាត់ និងបញ្ចៀសបាននូវឧបាយកល សកម្មភាព ដែលបង្កមហន្តរាយដល់សង្គម ដែលក្រុមឧទ្ទាមក្រៅច្បាប់បានបង្កឡើង ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងដណ្តើមយកអំណាច ដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលបញ្ហានយោបាយនៅកម្ពុជាបានលើកឡើងថា លោកមិនទាន់ឃើញមានចលនាមួយណា ដែលអាចចេញរូបរាងជាបដិវត្តពណ៌ ដើម្បីផ្តួលរំលំ ក្រៅតែពីការធ្វើយុទ្ធនាការផ្សេងៗទាំងគណបក្សប្រឆាំង ទាំងពលរដ្ឋរងផលប៉ះពាល់ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលដោយសន្តិវិធី និងតាមរយៈការបោះឆ្នោត។
លោក ស ខេង ក្នុងសុន្ទរកថា ជិត៣០នាទី មិនបានបញ្ជាក់ថាក្រុមឧទ្ទាមក្រៅច្បាប់នោះជាអ្នកណាទេ។ ប៉ុន្តែលោក ស ខេង បានក្រើនរំលឹកឲ្យកងកម្លាំងនគរបាលជាតិ ដែលជាកងកម្លាំងអនុវត្តច្បាប់ត្រូវបង្កើនស្មារតីដោះស្រាយវិញ្ញាសាដ៏ស្មុគស្មាញនានា តាមរយៈការលើកកម្ពស់សមត្ថភាពជំនាញ គោរពក្រមសីលធម៌វិជ្ជាជីវៈជាដើម។
ចំណែក លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងថ្ងៃកំណើតនគរបាលជាតិក៏បានបញ្ជាក់ថា ទោះបីកងកម្លាំងនគរបាលជាតិសម្រេចបានសមិទ្ធផលជាច្រើនក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាអាចប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួនទៀត ពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយមួយផ្នែកទទួលរងឥទ្ធិពលពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។
បើតាមលោក នេត សាវឿន មួយផ្នែកទៀតគឺដោយសារសម្ពាធបរិយាកាសសង្គម ដែលពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ ដូចជាការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីបរទេស ចេតនាទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដោយការធ្វើបដិវត្តពណ៌ និងបញ្ហាគ្រឿងញៀន ការជួញដូរផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាមួយចំនួនទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ