លោក ស ខេង រិះគន់ច្បាប់ព្រៃឈើថាធ្វើឲ្យជនខិលខូចមានឱកាសលួចកាប់ឈើ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកញ្ញា បានថ្លែងរិះគន់ច្បាប់គ្រប់គ្រងព្រៃឈើ និងជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីការពារធនធានធម្មជាតិព្រៃឈើកម្ពុជា។ ការថ្លែងរបស់លោកត្រូវបានសង្គមស៊ីវិល ដែលធ្វើការការពារព្រៃឈើស្វាគមន៍។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ពីខេត្តបាត់ដំបង បានថ្លែងថា ច្បាប់ព្រៃឈើមិនបានផ្តល់អំណាចមកឲ្យរដ្ឋបាលដែនដី ដែលមានកម្លាំងគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ទេ តែបែរជាផ្តល់អំណាចឲ្យទៅរដ្ឋបាលព្រៃឈើទៅវិញ។ ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់ នាំចេញជាបន្តបន្ទាប់ ដែលនេះ ធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។
លោកបន្ថែមថា នៅអាណត្តិថ្មីនេះ លោកនឹងជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងព្រៃឈើឲ្យទាល់តែបាន ព្រោះនេះគឺជាផលប្រយោជន៍ជាតិ ហើយមិនមានអ្នកណាម្នាក់កើតមកយកព្រៃឈើមកតាមទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះក៏រិះគន់ដែរ ចំពោះសកម្មភាពប្រមូលឈើសំអាតបាតអាងនៃទំនប់វារីអគ្គិសនី ដោយលោកអះអាងថា មានការកាប់ឈើពីតំបន់ផ្សេង ហើយថាជាឈើនៅក្នុងបាតអាងនៃទំនប់វារីអគ្គិសនីទៅវិញ។
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ ដែលធ្វើការជាមួយសហគមន៍ព្រៃឈើទូទាំងប្រទេសបានអះអាងថា ច្បាប់ស្តីពីព្រៃឈើថ្មីៗនេះ កំពុងស្ថិតក្នុងសេចក្តីព្រាងវិសោធនកម្ម ប៉ុន្តែលោកមិនទាន់ដឹងថារហូតមកដល់ពេលនេះ សេចក្តីព្រាងនៃវិសោធនកម្មច្បាប់ព្រៃឈើដំណើរការដល់ណាទេ។ លោក សុខហេង បន្តថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចជាផ្នែកមួយជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើកាន់តែឆាប់។
សូមជម្រាបថា ច្បាប់ស្តីពីព្រៃឈើ ដែលមាន១៨ជំពូក និង១០៩មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ ដែលច្បាប់នេះ មានគោលបំណងធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌។
យោងតាមឯកសារស្រាវជ្រាវ ដែលបានធ្វើបទបង្ហាញទៅកាន់អង្គការសហប្រជាជាតិ កាលពីចុងខែមិថុនាកន្លងទៅ ព្រៃឈើនៅក្នុងប្រទេសកម្ពុជា នឹងបាត់បង់នៅក្នុងឆ្នាំ២០៤០ ប្រសិនបើការកាប់បំផ្លាញនៅតែបន្តកើតមាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ