កម្ពុជា-ច្បាប់

​លោក ស ខេង ​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា ​លោក​មាន​លទ្ធភាព​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌ​កម្ម​អន្តរជាតិ​

លោក ស ខេង អនុ​ប្រធាន គណបក្ស​ប្រជា​ជនកម្ពុជា
លោក ស ខេង អនុ​ប្រធាន គណបក្ស​ប្រជា​ជនកម្ពុជា @FB/Sar Kheng

លោក​ឧប​នាយក​រដ្ឋមន្រ្តី ស ខេង បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ពី​សំណាក់​ចៅ​អធិការ​វត្ត​ល្បី​ឈ្មោះ​មួយ​អង្គ​នៅ​កម្ពុជា ដែល​ថា មាន​តែ​លោក ស ខេង មួយ​រូប​គត់​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏​ដូច​ជា​រួច​ផុត​ពី​ការ​ផ្តាច់​អនុ​គ្រោះ​ពន្ធ​EBA​របស់​សភា​អឺរ៉ុប​ផង​ដែរ​។ ប៉ុន្តែ​លោក ស ខេង បាន​ចាត់​ទុក​ការ​លើក​សរសើរ​បែប​នេះ​ថា បាន​បង្គប់​ន័យ​មួយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​បែក​បាក់​ផ្ទៃ​ក្នុង​ទៅ​វិញ​នោះ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់ លោក ស ខេង តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​បែប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ព្រះ​តេជ​គុណ ហោ សុខុន មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​និង​ជា​ចៅ​អធិការ​វត្ត​ច្បារ​អំពៅ​។ ព្រះចៅ​អធិការ​ល្បី​ឈ្មោះ ដែល​ធ្លាប់​ប្តឹង លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ពី«ការ​ជេ​ប្រមាថ​»​។

យ៉ាង​ណា​ក៏​ដោយ លោក​ ស​ ខេង​ នៅ​ថ្ងៃ​ទី៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ បាន​ឆ្លើយ​តប​ទៅ​កាន់​ព្រះ​តេជ​គុណ ហោ សុខុន ថា​ លោក​មាន​ការ​រំភើប​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ណាស់​ដែរ​ចំពោះ​ពាក្យ​ពេចន៍ នៅ​ក្នុង​សារ​នេះ ដែល​មាន​ន័យ ជា​ការ​លើក​តម្កើង​ហួស​និស្ស័យ​។ បើ​តាម លោក ស ខេង សារ​នេះ​ដូច​ជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ឧបាយកល​របស់​អ្នក​នយោបាយ ដែល​តែង​តែ​មាន​បំណង​ចង់​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក៏​ប៉ុន្តែ ព្រះ​តេជ​គុណ ហោ សុខុន បាន​ឆ្លើយ​តប​វិញ​នៅ​ថ្ងៃ​បន្ទាប់​ថា លោក ស ខេង មាន​គុណ​ជួយ​រំដោះ​ជាតិ​ខ្មែរ មាន​គុណ​ធម៌ មិន​មាន​បាត​ដៃ​ប្រឡាក់​ឈាម គោរព​ព្រះ​មហាក្សត្រ និង ជា​អ្នក​ដឹក​នាំ​មាន​ចិត្ត​ធ្ងន់ និង​ជា​អ្នក​ប្រជា​ធិបតេយ្យ​ជា​ដើម​។

បើ​តាម ចៅ​អធិការ​វត្ត​ដដែល លោក ស ខេង អាច​ដឹក​នាំ​ប្រទេស​បញ្ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ក៏​ដូច​ជា​រួច​ផុត​ពី​ការ​ផ្តាច់​អនុ​គ្រោះ​ពន្ធ​EBA​របស់​សភា​អឺរ៉ុប​ផង​ដែរ ​ជាពិសេស ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សង្គម ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជន​អន្តោ​ប្រវេសន៍ និង​ប្រឆាំង​អំពើ​ពុក​រលួយ​។

ទោះ​ជា​យ៉ាង​ក៏​ដោយ លោក ស ខេង បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹក​នាំ​រដ្ឋា​ភិបាល គឺ​បាន​បង្ហាញ​ច្បាស់​ថា ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​ការ​ចូល​រួម ពី​ថ្នាក់​ដឹក​នាំ និង សមាជិក សមាជិកា គ្រប់​ជាន់​ថ្នាក់ ដើម្បី​ផល​ប្រយោជន៍ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។

លោក ស​ ខេង​ បន្ថែម​ថា​ គ្រប់​ជ័យ​ជម្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​កើត​ឡើង​ដោយ​សារ​តែ អច្ឆរិយ​បុគ្គល​ណា​មួយ​ឡើយ តែ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់ ថ្នាក់​ដឹក​នាំ និង​ការ​ចូល​រួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI