កម្ពុជា-នយោបាយ

​លោក ស ខេង ​ឲ្យ​លុប​បំបាត់​ការ​បញ្ជួន​មន្រ្តី​ឈ្មោះ​ដដែលៗ​ទៅ​សិក្សា​បន្ថែម​

លោក ស ខេង ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់នៅកម្ពស់៥ជាន់ ក្នុងខេត្តកណ្ដាល
លោក ស ខេង ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់នៅកម្ពស់៥ជាន់ ក្នុងខេត្តកណ្ដាល @FB/ Sar Kheng

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ នៅថ្ងៃ​ពុធ​នេះ​ បាន​បញ្ជា​ឲ្យ​លុប​បំបាត់​នូវ​ទម្លាប់​មួយ​ដែល​តែង​តែ​កើត​ឡើង​ គឺការ​ចាត់​បញ្ជូន​មន្រ្តី​ឈ្មោះ​ដដែលៗ ​ចេញ​ទៅ​សិក្សា​បន្ថែម​ ខណៈ​អ្នក​មិន​ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ នៅតែ​គ្មានឱកាស​។​ ការ​លើក​ឡើង​របស់​ លោក​ ស​ ខេង​ ដូច្នេះ ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​អគារស្នាក់​នៅ​កម្ពស់​៥​ជាន់​ និង​សមិទ្ធផល​នានា​នៃ​បណ្ឌិត្យ​សភានគរបាល​កម្ពុជា ស្ថិត​នៅឃុំ​ដី​ឥដ្ឋ ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល​។ 

ផ្សាយពាណិជ្ជកម្ម

ក្រៅពី​បញ្ជា​ឲ្យ​លុប​បំបាត់​ទម្លាប់​បញ្ជូន​មន្រ្តី​ឈ្មោះ​ដដែលៗ​ចេញ​ទៅ​សិក្សា​បន្ថែម​នោះ ​លោក​ ស​ ខេង​ ​ក៏​បានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ ​មន្រ្តី​នគរបាល​ទាំង​អស់​គឺត្រូវ​តែ​ចូល​សាលា​រៀន​ជាមុន​សិន មុននឹង​បញ្ជូន​ទៅ​បំពេញការងារ​នៅតាម​អង្គភាព​នីមួយៗ​។ ​លើស​ពីនេះ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ក៏បាន​ជំរុញ​ឲ្យមាន​ការ​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​ដែល​ទទួលបាន​ការ​សិក្សា​បន្ថែមនោះ ដោយ​ប្រគល់​តួនាទី​របស់​ពួកគេ​មក​វិញ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​។​ ការ​​បញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​លោក​កត់​សំគាល់ថា​ កន្លងទៅ​មានមន្រ្តី​ខ្លះ​ដែល​ត្រូវបាន​ចាត់​បញ្ជូន​ទៅ​សិក្សា​បន្ថែម​ហើយ ពេល​បញ្ចប់​កម្មសិក្សា​មកវិញ ​ត្រូវ​អស់​កន្លែង​អង្គុយ​ ឬបាត់​បង់​តួនាទី​ពី​មុន ជា​ហេតុ​ធ្វើ​ឲ្យ​មន្រ្តីខ្លះ ​ខ្លាច​រអា​ក្នុងការចេញ​ទៅ​សិក្សា​បន្ថែម​។

យ៉ាងណាក៏ដោយ​ លោក​ ស ​ខេង​ បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ និង​បណ្ឌិត​សភា​នគរបាល ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ដល់​​មន្រ្តី​នគរបាល ដែល​ត្រូវបាន​ចាត់​បញ្ជូន​ទៅ​សិក្សាហើយ​ ប៉ុន្តែ​មិនបាន​មក​បង្ហាញមុខ ឬមិនគោរពវិន័យ​របស់​អង្គការ​ចាត់តាំង។

បើតាម​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ដដែល លោក​កំពុង​តែ​តាម​ដាន​ចំពោះ​មន្រ្តី​ដែល​ត្រូវ​បាន​ចាត់​បញ្ជូន​ឲ្យ​ទៅសិក្សា​បន្ថែមទាំងក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ហើយ ​បែរជា​មិន​គោរពវិន័យ ឬ​មិន​ចង់​សិក្សា ដែល​លោក​ចាត់​ទុក​ថា ​ធ្វើ​ខាត​បង់​ទាំង​ថវិកា​ និង​ខូច​មុខ​មាត់​ដល់​អង្គភាព ក៏ដូចជា​រដ្ឋាភិបាលទៀតផង។

លោក ស ខេង បានអះអាងថា ​មកទល់ពេលនេះ ធនធាន​នគរបាល​របស់​ខ្មែរ​មិន​ខ្សត់​​ដូច​ពី​មុន​ទៀតទេ ដោយ​ក្នុង​មួយឆ្នាំៗ កម្ពុជា​បានបញ្ជួន​មន្រ្តី​នគរបាល​រាប់​រយនាក់​ចេញ​ទៅ​សិក្សា​បន្ថែម​នៅបរទេស រួមមាន វៀតណាម ចិន សិង្ហបុរី ថៃ បារាំង និង​អាមេរិកជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI