កម្ពុជា-សង្គម

​លោក ​ស ​ខេង​៖«​ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម​ពិធី​កម្ទេច​ផលិត​ផល​ក្លែង​ក្លាយ​លើ​ក​ក្រោយ​ទេ បើ​ចាប់​មិន​បាន​អ្នក​ទទួល​ខុស​ត្រូវ​»​

ផលិតផលក្លែងក្លាយ ដែលត្រូវកំទេចចោលនៅថ្ងៃទី១២មីនាឆ្នាំ២០១៩
ផលិតផលក្លែងក្លាយ ដែលត្រូវកំទេចចោលនៅថ្ងៃទី១២មីនាឆ្នាំ២០១៩ fb

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​អ្នក​ទទួល​ខុស​ត្រូវ​យក​មក​ដាក់​ទោស​តាម​ច្បាប់​នៅ​ឡើយ​ ជុំវិញ​ការ​រឹប​អូស​ទំនិញ​ក្លែង​ក្លាយ ដោយ​លោក​គិត​ថា​ចំណុច​នេះ​គឺ​ជា​បញ្ហា​។ ការ​លើក​ឡើង​របស់​លោក ស ខេង ដូច្នេះ បាន​ធ្វើ​ឡើង​ខណៈ​លោក​ចូល​រួម​នៅ​ក្នុង​ពិធី​កម្ទេច​ចោល​ផលិត​ផល​ក្លែង​ក្លាយ ខុស​ច្បាប់​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ចំនួន​៧០​តោន​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​មន្ត្រី អង្គទូត និង​អ្នក​ចូល​រួម​ជា​ច្រើន​នាក់​ផ្សេង​ទៀត លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹង​ថា លោក​អប​អរ​ដល់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បាន​នូវ​ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នេះ ក៏​ប៉ុន្តែ​លោក ស ខេង ហាក់​មិន​ចង់​សម្តែង​នូវ​ក្តី​សោមនស្ស​រីក​រាយ​ទេ ខណៈ​ផលិត​ផល​ក្លែង​ក្លាយ គឺ​ជា​រឿង​ដែល​នាំ​ឲ្យ​មាន​ការ​ទុក​សោក​ដល់​ប្រជាពលរដ្ឋ​។

លោក​រដ្ឋមន្ត្រី លើក​ជា​សំណួរ​ថា ការ​ដែល​នាំ​គ្នា​ប្រមូល​ផលិត​ផល​ក្លែង​ក្លាយ​នេះ​មក​កិន​ចោល តើ​ត្រូវ​កិន​ប៉ុន្មាន​លើក​ ប៉ុន្មាន​សារ​ទើប​អស់ ដោយ​សារ​ការ​រិប​អូស​ផលិត​ផល​ក្លែង​ក្លាយ​ ខុស​ច្បាប់​ទាំង​៤​លើក​មក​នេះ នៅ​មិន​ទាន់​ចាប់​បាន​អ្នក​ទទួល​ខុស​ត្រូវ​មក​ដាក់​ទោស​តាម​ច្បាប់​នៅ​ឡើយ? លោក​ថា សមត្ថ​កិច្ច​ចេះ​តែ​នាំ​គ្នា​បក់​ផ្សែង តែ​មិន​នាំ​គ្នា​ពន្លត់​ភ្លើង​នោះ​ទេ​។

ដោយ​មាន​ការ​ជម្រុញ​ឲ្យ​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ប្រឹង​ប្រែង​បន្ថែម​ទៀត លោក ស ខេង បញ្ជាក់​ថា​ជោគ​ជ័យ​ជា​មូល​ដ្ឋាន​នៃ​ការ​ងារ​គឺ​ការ​លុប​បំបាត់​ផ្តាច់​ឫស​គល់​ការ​ចរាចរ និង​ការ​លក់​ដូរ​ផលិត​ផល​ក្លែង​ក្លាយ​។ វត្ត​មាន​ផលិត​ផល​ក្លែង​ក្លាយ​គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពល​រដ្ឋ ប៉ះ​ពាល់​មុខ​មាត់​ប្រទេស និង​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​។ នេះ​បើ​តាម​លោក ស ខេង​។

ជាមួយ​គ្នា​នេះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ក៏​បាន​ដាក់​លក្ខ​ខណ្ឌ​ដែរ​ថា ពិធី​កំទេច​ផលិត​ផល​ក្លែង​ក្លាយ ខុស​ច្បាប់​លើក​ក្រោយ លោក​នឹង​មិន​ចូល​រួម​ទេ ប្រសិន​បើ សមត្ថកិច្ច​ចាប់​បាន​តែ​ផលិត​ផល តែ​ចាប់​មិន​បាន​ម្ចាស់​ឬ​អ្នក​ទទួល​ខុស​ត្រូវ​។

សូម​បញ្ជាក់​ថា ផលិត​ផល​ក្លែង​ក្លាយ ខុស​ច្បាប់ ដែល​សមត្ថ​កិច្ច​រឹប​អូស​និង​កំទេច​ចោល​ភាគ​ច្រើន ជា​ផលិត​ផល​ចំណី​អាហារ​ខូច​គុណ​ភាព មាន​ផ្ទុក​សារធាតុ​គីមី ដែល​ជនល្មើស បាន​ចរាចរ ចែកចាយ និង​ផលិត ដូចជា ទឹកបរិសុទ្ធEvian សុរា ឱសថ​ក្លែងក្លាយ គ្រឿង​សម្អាង​ក្លែង​ក្លាយ ផលិត​ផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ផលិតផល​ទឹក​ស៊ីអ៊ីវ ទឹក​សៀង​ជា​ដើម​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក សមត្ថកិច្ច​បាន​រិប​អូស និង​កំទេច​ចោល​ផលិត​ផល​ក្លែង​ក្លាយ ខុស​ច្បាប់ បាន​ចំនួន​៤​លើក​មក​ហើយ គិត​ទាំង​លើក​នេះ ដែល​មាន​ផលិត​ផល​ក្លែង​ក្លាយ​សរុប​ប្រមាណ​ជាង​៣០០​តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI