លោក ស ខេង ថា ក្រុមក្រៅច្បាប់មួយកំពុងបំផ្លាញសុខសន្តិភាពនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អនុប្រធានបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស ខេង បាននិយាយដោយប្រយោលថា "ក្រុមក្រៅច្បាប់" ដែលគេយល់ថាដឹកនាំដោយលោកសម រង្ស៊ី គឺជាក្រុមកំពុងប៉ុនប៉ងធ្វើសកម្មភាពប្រឆាំងនឹងសុខសន្តិភាពនៅកម្ពុជា។ លោកស ខេង អះអាងដូច្នេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃម្សិលមិញ។ ប្រឈមនឹងបញ្ហានេះ លោកបានបញ្ជាឱ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនទប់ស្កាត់នូវសកម្មភាពដែលបំផ្លាញសុខសន្តិភាពនៅកម្ពុជា។
បើទោះបីលោកស ខេង មិនបញ្ចេញឈ្មោះក៏ពិតមែន ប៉ុន្តែគេអាចដឹងបានថា "ក្រុមក្រៅច្បាប់" ដែលលោកចង់សំដៅដល់នោះ គឺក្រុមលោកសម រង្ស៊ី។ ក្រុមលោកសម រង្ស៊ី ដែលប្រកាសពីការវិលត្រឡប់របស់លោកសម រង្ស៊ីមកក្នុងប្រទេសកម្ពុជា និងបានបំផុសបំផុលឱ្យប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រអតីតបក្សប្រឆាំងប្រមូលគ្នាទៅទទួលលោកផងនៅពេលលោកមកដល់។ សម្រាប់លោកស ខេង ការវិលត្រឡប់របស់លោកសម រង្ស៊ី លើកនេះ គឺជាការចូលមកដោយខុសច្បាប់ ព្រោះមិនទទួលបានការលើកលែងទោសដូចកាលពីឆ្នាំ២០១៣នោះឡើយ។
លោកសម រង្ស៊ី បានប្រកាសថា នឹងចូលមកប្រទេសកម្ពុជាវិញឱ្យបាននៅក្នុងឆ្នាំ២០១៩នេះ តែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែកាលពីចុងសប្តាហ៍មុន លោកបង្ហាញពីភាពកាន់តែមិនច្បាស់លាស់ថែមទៀតជុំវិញដំណើរមកកាន់កម្ពុជានេះ ដោយលោកថា នឹងធ្វើអ្វីតាមកាលៈទេសៈ ហើយថា លោកមិនធ្វើដូចសពលោកបណ្ឌិតកែម ឡី និងឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចាប់ខ្លួនដូចលោកកឹម សុខាទេ។ តែយ៉ាងណា លោកបញ្ជាក់ថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំអំណោយផលសម្រាប់លោកចូលមកកាន់កម្ពុជា។
សម្រាប់លោកស ខេង ការចង់មកកម្ពុជារបស់លោកសម រង្ស៊ី នៅក្នុងឆ្នាំនេះ គឺការប៉ុនប៉ង ដើម្បីបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ពីព្រោះថាកាលណាចូលមកខុសច្បាប់ ប្រមូលកម្លាំងគាំទ្រចូលរួម ដើម្បីទទួលឬធ្វើសកម្មភាពណាមួយ បានន័យថា ប្រឆាំងជាមួយនឹងច្បាប់ ប្រឆាំងនឹងសុខសន្តិភាព ស្ថិរភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃនេះ។
ហេតុដូច្នេះហើយ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវភ្លេចខ្លួនទេ ពោលគឺត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនបង្រ្កាប និងបំផ្លាញចោលនូវរាល់សកម្មភាពទាំងឡាយណាដែលលោកថា មានបំណង ឫធ្វើសកម្មភាពបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកស ខេង ក៏ទទួលស្គាល់ថា ការដឹកនាំប្រទេសនាពេលនេះ មិនទាន់ល្អឥតខ្ចោះទេ តែប្រសើរជាងការដឹកនាំសម័យមុនៗ ហើយថា រដ្ឋាភិបាលកម្ពុជានឹងបន្តកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនប្រជាពលរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ