កម្ពុជា

ពពូល​ទឹក ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ

ពពូល​ទឹក ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ
ពពូល​ទឹក ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោក បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) ដែល​ជា​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ និង​ប្រជាសហគមន៍ បាន​រក​ឃើញ​សំបុក​ពងកូន​សត្វ​ពពូល​ទឹក នៅ​ដង​ស្ទឹង​មេម៉ាយ​ស្ថិត​នៅ​ក្នុង​ដែន​ជម្រកសត្វព្រៃ គូលែន ព្រហ្ម​ទេព ខេត្ត​ព្រះវិហារ។ សត្វ​ប្រភេទ​នេះ​ត្រូវ​បានគេ​ដឹងថា​ មាន​តិច​ជាង ១០០០ក្បាល ប៉ុណ្ណោះនៅ​ទូទាំង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា

លោក​រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព​នៃក្រសួង​បរិស្ថាន និង​អង្គការ WCS បាន​អោយ​ដឹងថា អង្គការ​បានរក​ឃើញ​ពពូល​ទឹក ១ក្បាល​នៅលើ​សំបុកក្បែរ​ដង​ស្ទឹង​មេម៉ាយ ហើយ​កន្លង​មក​សត្វ​ប្រភេទនេះ មិនដែល​ប្រទះ​ឃើញ​សំបុក​វា​ចាប់តាំង​ពីឆ្នាំ ២០១៣ មកម្ល៉េះ។ ហេតុ​ដូច្នេះ អង្គការ​ក៏បាន​ធ្វើការ​អបរំ និងផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពីសត្វដ៏​កម្រនេះ ហើយ​ក៏បាន​ចាត់​ប្រជាសហគមន៍ ២រូប​អោយ​ចាំ​យាម និងការពារ​សំបុក​របស់​វាដើម្បី​ជៀសវាង​ការ​រំខាន។

សូម​ជម្រាប​ថា នៅកម្ពុជា​មាន​តែដែន​ជម្រក​សត្វ​ព្រៃគូ​លែន ព្រហ្ម​ទេព​ប៉ុណ្ណោះ​ដែល​មានសត្វពពូល​ទឹក ហើយនេះក៏ជា​លើក​ដំបូង​ក្នុងរយៈ​ពេល ៤ ឆ្នាំចុង​ក្រោយដែរ ដែល​ប្រភេទ​សត្វជិត​ផុតពូជ​នេះ​បាន​បង្ហាញ​ខ្លួន។ ជម្រក​សត្វព្រៃ​គូលេន ព្រហ្មទេព ជាដែន​ជម្រក​ដ៏សំខាន់​របស់​ប្រភេទសត្វ​កម្រ ដែល​ចាំបាច់​ត្រូវ​ការពារ និង​ត្រួតពិនិត្យ​អោយ​បាន​ល្អ។ ហើយ​ជា​រឿយៗ មន្ត្រី​ឧទ្យានុរក្ស​របស់​មន្ទីរ​បរិស្ថាន បាន​ចុះ​ល្បាត​នៅតាម​តំបន់​ទីជម្រក និង​ទីតាំង​កូន​ពងពពូល​ទឹក​ផង​ដែរ ដើម្បីការពារ​ហានិភ័យ​ដែល​កើត​មាន។

បើ​តាម​លោក អាលីស្ទ័រ មោល (Alistair Mould) ទីប្រឹក្សា​បច្ចេកទេស​ប្រចាំតំបន់​ខ្ពង់រាប​ខាងជើង​របស់​អង្គការ WCS បាន​បញ្ជាក់​ថា ការ​ការពារ​ទីជម្រក​នៅតាម​មាត់​ទន្លេ និង​ប្រភព​ទឹក ដូចជា​ស្ទឹងមេម៉ាយ​នេះ ពិត​ជា​ចាំបាច់​ដើម្បី​ធានា​ដល់​ការ​រស់​រាននៃចំនួន​សត្វ​ពពូល​ដែល​នៅសេសសល់​ក្នុងប្រទេស​កម្ពុជា។ ហើយ​ការរក​ឃើញ​សត្វ​ពពូល​ទឹក​នេះ ក៏ជា​ភស្តុតាង​បង្ហាញ​ថា​តំបន់​ខ្ពង់រាប​ខាងជើង​ គឺជា​តំបន់​អភិរក្ស​ដ៏សំខាន់​បំផុត​សម្រាប់​ប្រភេទ​ដែលស្ទើរ​តែជិត​ផុតពូជ​នៅលើ​ពីភពលោក។

គួរ​បញ្ជាក់​ថា ពពូល​ទឹក ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថាជាប្រភេទ​សត្វ​រងគ្រោះ​ជិតផុតពូជនៅលើ​សកលលោក ហើយ​ឃើញ​មានតែ​នៅក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា៖ កម្ពុជា បង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា សិង្ហបុរី ថៃ និងវៀតណាម​ប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI