ថ្ងៃទី១នៃបុណ្យសមុទ្រមានអ្នកចូលរួម១០ម៉ឺននាក់ខណៈកន្លែងស្នាក់នៅមានការដំឡើថ្លៃ
ភ្ញៀវទេសចរ១០ម៉ឺននាក់ទាំងជាតិនិងអន្តរជាតិបានចូលរួមពិធីបុណ្យសមុទ្រដែលកំពុងរៀបចំឡើងនៅខេត្តព្រះសីហនុសម្រាប់ថ្ងៃទី១ម្សិលមិញ។ នៅថ្ងៃសៅរ៍នេះដែលជាថ្ងៃទី២នៃពិធីបុណ្យសមុទ្រមន្ត្រីក្រសួងទេសចរណ៍រំពឹងថា ភ្ញៀវទេសចរនឹងកើនឡើងលើសការរំពឹងទុកព្រោះថា ជាថ្ងៃបើកកម្មវិធីផ្លូវការក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី១នៃពិធីបុណ្យសមុទ្រដែលកំពុងរៀបចំឡើងក្នុងខេត្តព្រះសីហនុ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអះអាងថា ស្ថានភាពទូទៅដំណើការល្អដោយទទួលបានភ្ញៀវទេសចរ១០ម៉ឺននាក់ទាំងជាតិនិងអន្តរជាតិ។
ទោះជាគ្រប់យ៉ាងដំណើរការទៅល្អក៏ពិតមែន លោកវ៉ាត់ ចំរើន បានទទួលស្គាល់ថាបញ្ហាចោរកម្មកើតឡើងខ្លះៗដែរដូចជាករណីលូកហោប៉ៅនិងការផ្គត់ផ្គង់ម្ហូបអាហារមានភាពខ្វះខាត។ ខ្វះខាតដោយសារតែភ្ញៀវទេចរមានចំនួនច្រើនលើសចំនួនភោជនីយដ្ឋានដែលមានក្នុងខេត្តព្រះសីហនុ។ បើតាមលោក វ៉ាត់ ចំរើន សម្រាប់ថ្ងៃទី២និងថ្ងៃទី៣ស្អែកក្រសួងទេសចរណ៍បានណែនាំឲ្យអ្នកលក់ដូរនិងម្ចាស់ភោជនីយដ្ឋានបង្កើនបរិមាណម្ហូបអាហារ។
ខណៈមានការរិះគន់ពីការដំឡើងថ្លៃកន្លែងស្នាក់នៅក្នុងឱកាសបុណ្យសមុទ្រនេះលោកវ៉ាត់ ចំរើន ក៏បានទទួលស្គាល់ថា បញ្ហានេះពិតជាកើតមានឡើងប្រាកដមែនដោយសារតែតម្រូវការច្រើនតែការផ្គត់ផ្គង់នៅមានកម្រិតទើបជាឱកាសមួយធ្វើម្ចាស់អាជីវកម្មឆ្លៀតដំឡើងថ្លៃ។ ជាដំណោះស្រាយលោកវ៉ាត់ ចំរើន អះអាងថា ក្រសួងទេសចរណ៍បានធ្វើការណែនាំទៅសណ្ឋាគារឬផ្ទះសំណាក់រួចហើយ។ សម្រាប់លោក វ៉ាត់ ចំរើន បើពួកគេនៅតែបន្តឡើងថ្លៃនឹងនាំឲ្យសណ្ឋាគារឬផ្ទះសំណាក់របស់ពួកគេបាត់បង់ប្រជាប្រិយភាពជាផ្នែកមួយនាំឲ្យភ្ញៀវលែងចូលស្នាក់នៅ។
លទ្ធភាពម្យ៉ាងទៀតក្រសួងក៏បានលើកទឹកចិត្តឲ្យពលរដ្ឋជួលបន្ទប់ឬកន្លែងស្នាក់នៅដល់ភ្ញៀវទេសចរជាតិ។ ហើយក្នុងនោះក៏មានភ្ញៀវជាតិចូលស្នាក់នៅរួចហើយដែរ។ រូបភាពនេះលោក វ៉ាត់ ចំរើន អះអាងថា ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានរៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ថ្ងៃទី២នៃពិធីបុណ្យសមុទ្រនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកកម្មវិធីបុណ្យសមុទ្រលើកទី៥។ បន្ទាប់មកទៀតក៏មានការប្រគុំតន្ត្រីដោយមានការចូលរួមពីសិល្បៈករខ្មែរ វៀតណាម ចិន ឥណ្ឌូណេស៊ី។ ដោយឡែកសម្រាប់កម្មវិធីពេលព្រឹកមានការប្រណាំងកង ការប្រកួតប្រដាល់ និង ការប្រកួតបាល់ទាត់និងបាល់ទះជាដើម។
បើតាមគម្រោងបុណ្យសមុទ្រឆ្នាំក្រោយនឹងរៀបចំក្នុងខេត្តកែប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ