ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ចរន្ត​២​បញ្ច្រាស់​គ្នា

សំឡេង ០៤:៤៧
កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ប្រព្រឹត្ត​ឡើង ​ចាប់​ពី​ថ្ងៃ​ទី​ ២៣ ​ដល់​ថ្ងៃ​ទី​ ២៥។​
កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ប្រព្រឹត្ត​ឡើង ​ចាប់​ពី​ថ្ងៃ​ទី​ ២៣ ​ដល់​ថ្ងៃ​ទី​ ២៥។​ @RFI

បុណ្យ​សមុទ្រ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដែល​មាន​ទិស​ដៅ និង​គោល​បំណង​លើក​តម្កើងវិស័យ​ទេសចរណ៍ និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជា​ពិសេស​ខេត្ត​ជាប់​មាត់​សមុទ្រ។ ពិធី​បុណ្យ​នេះ​គឺ​ជា​ប្រភព​ចំណូល​ដ៏​ក្រាស់​ក្រែល ដែល​ជួយ​លើក​ស្ទួយ​ដល់​ប្រទេស​ និង​ជីវភាព​ប្រជាជន។ ទាំង​នេះ​គឺ​ជា​ចំណុច​ដ៏​វិជ្ជមាន​របស់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ អ្នក​ទទួល​ផល​ផ្សេង​ទៀត រួម​មាន​សេវាកម្ម ស្នាក់​នៅ ម្ហូប​អាហារ ជា​ដើម ហាក់​បាន​ដើរ​បញ្ច្រាស់​ទិសគ្នា​ពី​នេះ ដោយសារ​តែ​មាន​ទម្លាប់​តំឡើង​ថ្លៃ​សេវាកម្ម។

ផ្សាយពាណិជ្ជកម្ម

ការ​តំឡើង​វោហាសាស្ត្រ​ផ្នែក​ទេសចរណ៍​ជួយ​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស ពី​ប្រទេស​កម្ពុជា​ ដែល​ក្រីក្រ និង​ជា​ប្រទេស​ដែល​ទើប​អភិវឌ្ឍ​ក្រោយ​សង្គ្រាម ទៅ​ជា​«ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ» មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ជា​ចេតនា​រួម​ ដើម្បី​ទាក់​ទាញ​ទេសចរ​ឲ្យ​វេច​សំពាយ​លុយ​មក​កម្ពុជា ​បើ​ទោះ​ណា​ជា​មាន​ការ​លើក​ឡើង​ផ្សេង​ពី​នេះ​ថា កម្ពុជា​បច្ចុប្បន្ន​នៅ​មិន​ទាន់​សក្តិសម​នឹង​ឈ្មោះ​ដ៏​អស្ចារ្យ​នេះ​នៅ​ឡើយ​ក៏​ដោយ។

បន្ថែម​ពី​នេះ ក៏​គេ​សង្កេត​ឃើញ​ថា​មាន​ការ​ប្រឹង​ប្រែង​ធំ​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ខិត​ខំ​បញ្ចុះ​បញ្ចូល ប្រទេស​នានា ខេត្ត​ឬ​តំបន់​មួយ​ចំនួន ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា។ ការ​ដក​ប្រាសាទ​អង្គរវត្ត​ពី​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន យក​មក​គ្រប់គ្រង​ដោយ​រដ្ឋ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាជាតិ ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​អង្គរ​ដែរ​នោះ។ នៅ​មិន​ទាន់​អស់​ទេ ការ​កែ​សម្រួល​តំបន់​ឆ្នេរ ជា​ពិសេស​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​ឆ្នេរ​សមុទ្រ ដែល​ស្អាត​ជាង​គេ​លើ​ពិភ​ពលោក ក៏​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រឹង​ប្រែង​ប្រកប​ដោយ​ភាព​វិជ្ជ​មាន​មួយ​ដែរ។

ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​លើក​ឡើង​ដែរ​ថា​វិស័យ​ទេសចរណ៍​ខ្មែរ​រង​ការ​រារាំង​ ដោយ​សេវាកម្ម​មួយ​ចំនួន ដែល​កើត​មាន​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស។ នោះ​គឺ​ការ​តំឡើង​ថ្លៃ​ជា​២​ឬ​៣​ដង របស់​អាជីវករ ដែល​មាន​អាជីវកម្ម​ផ្នែក​ម្ហូប​អាហារ អាជីវកម្ម​កន្លែង​ស្នាក់​នៅ អាច​នឹង​កើត​មាន​ចំពោះ​សេវាដឹក​ជញ្ជូន​មួយ​ចំនួន​ផង​ដែរ។ ការ​តំឡើង​ថ្លៃ​នេះ មាន​ភាព​ទៀង​ទាត់​ណាស់ នៅ​ពេល​ដែល​មាន​បុណ្យ​ធំ​ៗ​ម្តង​ៗ ដូចជា​បុណ្យ​សមុទ្រ បុណ្យ​ឆ្លង​ឆ្នាំ និង​បុណ្យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក​ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា លោក​ទទួល​បាន​នូវ​បញ្ជា​បេសកកម្ម​ទៅ​ក្រុង​ព្រះសីហនុ។ លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​តំឡើង​ថ្លៃ​របស់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​យ៉ាង​ហោច​ទ្វេដង​ពី​តម្លៃ​ធម្មតា។ ការ​លើក​ឡើង​នេះ​ទំនង​ជា​លោក​ទៅ​ចូល​រួម​បុណ្យ​សមុទ្រ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃ​ទី​ ២៥ ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ។ ជាមួយ​គ្នា​នេះ លោក​ផៃ ស៊ីផាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប បាន​អំពាវនាវ រក​មិត្ត ដែល​អាច​អនុគ្រោះ​អោយ​លោក​ស្នាក់​នៅ បាន​មួយ​យប់​ពីរ ផង​ដែរ។ «ពាក្យ​ថា "បុណ្យ" មាន​ន័យ​ថា ជា​ការ​តំឡើង​ថ្លៃ​សេវាកម្ម​ស្រប​ច្បាប់​ឬ? រាល់​បុណ្យ​របស់​បរទេស​ជា​ទម្លាប់​ គឺ​មាន​ចុះ​តម្លៃ​ជា​ភាគ​រយ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។ សូម​ជួយ​គិត​ផង?» លោក​ផៃ ស៊ីផាន បន្ថែម​ជា​សំណួរ។

តាម​រយៈ​ការ​ត្អូញ​ត្អែរ​បែប​នេះ ធ្វើ​ឲ្យ​គេ​គិត​ថា អ្នក​ទទួល​ផល​ពី​សេវាកម្ម​ទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ម្នាក់​ៗ​ហាក់​ដូច​ជា​មាន​សកម្មភាព​ប្រជែង​គ្នា​នឹង​ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល។ រឿង​នេះ​មិន​មែន​ថ្មី​ទេ។ ហើយ​សំណួរ​ជុំវិញ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទួល​ផល​ពី​សេវាកម្ម​ទេសចរណ៍​ដើរ​បញ្ច្រាស់​ទិស​គ្នា​ពី​គោល​នយោបាយ​កៀងគរ​ទេសចរ របស់​រដ្ឋាភិបាល​ក៏​មិន​តិច​ដែរ។

អ្វីៗ​ត្រូវ​បាន​គេ​ទម្លាក់​ទៅ​លើ​ផែនការ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ទាំង​អស់។ ទីផ្សារ​សេរី​នៅ​ស្រុក​ខ្មែរ ដែល​ពេល​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បំផ្លាញ​ខ្លួន​ឯង និង​បញ្ច្រាស់​ចរន្ត​អភិវឌ្ឍ​ទេសចរណ៍​តាម​រយៈ​ការ​បណ្តេញ​ទេសចរ​ចេញ​ពី​ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ដោយ​មិន​បាន​គិត​ទៅ​ដល់​ទស្សនៈ​វិស័យ​ទៅ​អនាគត។ នេះ​គ្រាន់​តែ​វិស័យ​ទេសចរណ៍​មួយ​ជា​ឧទាហរណ៍។

ជា​ការ​ពិត​ការ​ឡើង​ថ្លៃ សេវា​ស្នាក់​នៅ សេវា​ម្ហូប​អាហារ ឬ​សេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​រឿង​អ្វី​ចម្លែក​ទេ។ គេ​ច្រើន​យក​ទម្លាប់​មក​ដាក់​មុខ ថា​ជា​ការ​ពិបាក​កែ​ប្រែ។ តើ​នៅ​លើ​លោក​នេះ ពិត​ជា​គេ​មិន​អាច​កែប្រែ​ទម្លាប់​បាន ឬ​មាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ? ការ​តំឡើង​ថ្លៃ​ណា​មួយ ដែល​ចាត់​ទុក​ថា​ជា​ការ​តំឡើង​មិន​សមរម្យ ចង់​មិន​ចង់ វា​ជា​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន​ខ្លួន​ឯង។

សំខាន់​គឺ​ជា​ឆន្ទៈ ថា​តើ​អ្នក​ពាក់ព័ន្ធ​នានា ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ជា​ដើម បាន​ស្ថិត​នៅ​ក្នុង​កញ្ចប់​សំណួរ​ដែល​គេ​ចោទ​សួរ​ថា បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តំឡើង​ថ្លៃ​ឥត​ត្រា​ប្រណី​ពេល​មាន​បុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ​ដែរ​ឬ​យ៉ាង​ណា? បញ្ហា​នេះ​បើ​មិន​មាន​ការ​កែប្រែ​ទេ នយោបាយ​ទាក់​ទាញ​ទេសចរណ៍​របស់​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​ទាញ​ថយ​ក្រោយ ដោយសារ​តែ​ការ​យក​ជើង​រាទឹក​ពី​សំណាក់​សេវាកម្ម​ឱកាស​និយម​ទាំង​អស់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI