លទ្ធផលស៊ីហ្គេម១០ឆ្នាំកន្លងទៅបង្ហាញថាកីឡាកម្ពុជាមានការវិវត្តន៍តិចតួច
ចុះផ្សាយនៅថ្ងៃ៖
តម្រូវការសម្រាប់វិស័យកីឡា ដែលអាចធ្វើឲ្យកីឡាខ្មែរខ្លាំងបានចាប់ផ្តើមមានបណ្តើរៗហើយនោះគឺថវិកាលើកទឹកចិត្តរួមនឹងការផ្តល់កិត្តិយសពីរដ្ឋាភិបាល។ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងបង្កើនការហ្វឹកហាត់តាំងក្នុងនិងក្រៅប្រទេស។ ការកែទម្រង់រដ្ឋបាលនិងបច្ចេកទេសកីឡា។ ទាំងអស់នេះនឹងអាចជួយកីឡាកម្ពុជារួចផុតពីពាក្យថាអន់ថយ ក្នុងអំឡុងពេលយ៉ាងហើយពី៨ទៅ១០ឆ្នាំខាងមុខ។
កម្ពុជាបានត្រៀមរួចជាស្រេចក្នុងការចូលរួមប្រកួតកីឡាអាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ថាស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី។ តាមកាលវិភាគស៊ីហ្គេមដែលគេរៀបចំរវាងពីរឆ្នាំម្តងនោះ នៅឆ្នាំនេះ មិនធ្វើនៅចុងឆ្នាំដូចជាការរៀបចំឆ្នាំកន្លងទៅទេ គឺគេធ្វើនៅខែមិថុនា ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី១៦។
ការលើកទឹកចិត្តមួយត្រូវបានធ្វើឡើងកន្លះខែមុនកីឡាករខ្មែរចេញទៅប្រកួត ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនេះអាចចាត់ទុកថាជាការផ្តាំផ្ញើរចុងក្រោយពីប្រមុខរដ្ឋាភិបាលមុននឹងអត្តពលិកចេញទៅប្រយុទ្ធដណ្តើមយកមេដាយនៅក្នុងក្របខណ្ឌកីឡាតំបន់។
កីឡាស៊ីហ្គេមត្រូវបានគេរៀបចំឡើងរយៈពេល២ឆ្នាំម្តង ដោយមានការប្តូរវេនគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនៃសមាជិកអាស៊ានទាំងអស់។ ចាប់តាំងពីឆ្នាំ២០០៥មក កម្ពុជាបានចូលរួមប្រកួតចំនួន៥លើកចុងក្រោយរាប់ទាំងឆ្នាំ២០១៥នេះផង ឃើញថាមានភាពប្រសើរឡើងជាលំដាប់ គឺប្រសើរឡើងទាំងបច្ចេកទេស ទឹកចិត្តនិងថាមពលនៃការប្រកួត។
ការប្រែប្រួលនេះបើនិយាយតាមការវិវត្តន៍គ្រប់វិស័យ កម្ពុជាគួរតែដល់ពេលមានការវិវត្តន៍ផ្នែកកីឡាមួយដូចជាប្រទេសនានាក្នុងតំបន់ហើយ នេះបើពិនិត្យមើលទៅលើស្ថានភាពស្រុកទេសដែលមានភាពស្ងប់ស្ងាត់ខាងនយោបាយ និងមានលំនឹងផ្នែកសេដ្ឋកិច្ច។ ការដែលមានមោទនភាពលើវិស័យធំៗដូច្នេះហើយ ហើយកីឡានៅតែមិនដើរទៅមុខទៀតនោះវាជាការអៀនខ្មាស់មួយនៅចំពោះមុខដៃគូក្នុងតំបន់។
តាមពិតកន្លងមកកីឡាកម្ពុជាត្រូវទទួលស្គាល់ថាមិនមានអ្វីជឿនលឿននោះទេ ភាពអន់ថយនេះមានហេតុផលជាច្រើនសម្រាប់ជាការសំអាង។ ការឆ្លងកាត់សង្គ្រាមកម្ពុជាបាត់បង់ធនធានមនុស្សអស់ជាច្រើន ហេដ្ឋារចនាសម្ព័ន្ធកីឡាត្រូវបំផ្លាញខ្ទេចខ្ទី។ អ្នកដែលនៅសេសសល់ពីសង្គ្រាមបានបាក់កំលាំង និងបាត់ទេពកោសល្យនិងសមត្ថភាពជាកីឡាករល្អតកូនតចៅ ដោយសារកង្វះខាតអាហាររូបត្ថម្ភពីជំនាន់ប៉ុលពតតមក។
នៅក្នុងស្ថានភាពដែលប្រទេសត្រូវបានរៀបចំបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៩៣មក នយោបាយបានដើរតួនាទីសំខាន់ជាងអ្វីៗទាំងអស់ ដោយសារតែខ្មែរនិងខ្មែរនៅមិនទាន់មានសន្តិភាពជាមួយគ្នាមែនទែន។ ការប្រជែងគ្នាស្លាប់រស់ផ្នែកនយោបាយ បានធ្វើឲ្យវិស័យកីឡាក្លាយជាបញ្ហាបន្ទាប់បន្សំ និងមិនត្រូវបានយកចិត្តទុកដាក់ ឬក៏ថាជាការរុញទូកបណ្តោយទឹកទុកឲ្យកីឡាទៅតាមដំណើរសិន ដោយសារថ្នាក់ដឹកនាំដែលមានការប្រទាញប្រទង់គ្នាកន្លងមកយល់ថា កីឡាខ្មែរខ្សោយទៅហើយ ខំប្រឹងជួយ ឬយកចិត្តទុកដាក់ក៏មិនដឹងជាបានប្រយោជន៍អ្វីដែរ។
គេអាចនិយាយម្យ៉ាងទៀតថា កីឡាករ កីឡាការិនី ត្រូវគេយកចិត្តទុកដាក់ផងដែរក៏ប៉ុន្តែនៅក្នុងតែបុព្វហេតុគាំទ្រផ្នែកនយោបាយប៉ុណ្ណោះ អំឡុងពេលដែលមានការប្រទាញប្រទង់គ្នាខ្លាំងកាលណោះរវាងគណបក្សហ្វុនស៊ីនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ពោលគឺមិនមែនដើម្បីផលប្រយោជន៍កីឡាពិតប្រាកដនោះទេ។
ជាមួយគ្នានោះ ប្រាក់ឧបត្ថម្ភតិចតួច ដែលមិនអាចធ្វើឲ្យកីឡាកររស់បានសមរម្យ អ្នកកាច់ចង្កូតកីឡាមិនមែនជាអ្នកកីឡា និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធផងនោះ ជម្រុញឲ្យកីឡាករបាក់ទឹកចិត្ត ហើយមិនមានឆន្ទៈមោះមុតក្នុងការប្រកួតឡើយ។ ការសន្យាផ្តល់ប្រាក់រង្វាន់ពីអតីតកាលក៏មានលក្ខណៈស្តួចស្តើង ចំពោះអត្តពលិកដែលមានជ័យលាភី។
ដើម្បីវិលទៅរកភាពរីកចំរើនលើវិស័យកីឡា ការស្តារហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យគ្រប់គ្រាន់ និងស្តង់ដារមានសារៈសំខាន់ណាស់បើគ្មានទីលានហើយកីឡាករក៏មិនអាចធ្វើការហ្វឹកហាត់យ៉ាងម៉េចដែរ។ ផ្តាច់ចេញកីឡាពីការប្រទាញប្រទង់នយោបាយ និងមានការយកចិត្តទុកដាក់ពេញលេញដល់កីឡាករទាំងថវិកានិងការហ្វឹកហាត់។
ក៏ប៉ុន្តែមួយទសវត្សចុងក្រោយនេះ វិស័យកីឡាខ្មែរហាក់ដូចជាមានការវិវត្តន៍គួរឲ្យកត់សម្គាល់។ ជាការវិវត្តន៍មួយដែលនាំមកនូវមេដាយជូនជាតិជាបណ្តើរៗគឺចាប់តាំងពីស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០០៥ កម្ពុជាទទួលបានមេដាយចំនួន១២។ ជាបន្តបន្ទាប់ចំនួនមេដាយមានការកើនឡើងជាលំដាប់រហូតទទួលបាន ១៨មេដាយស៊ីហ្គេមឆ្នាំ២០០៧នៅប្រទេសថៃ ពេលនោះកម្ពុជាចាប់ផ្តើមឈ្នះមេដាយមាសជាលើកដំបូងចំនួន២។ នៅឆ្នាំ២០០៩ កម្ពុជាដណ្តើមបានមេដាយដល់ទៅ៤០ នៅប្រទេសឡាវ។ នៅឥណ្ដូនេស៊ីឆ្នាំ២០១១ មេដាយកម្ពុជានៅទ្រឹងបន្ទាប់ពីកើនឡើងខ្លាំង។ ហើយចុងក្រោយនៅឆ្នាំ២០១៣ កន្លងទៅកម្ពុជាទទួលបានមេដាយសរុប៤៧ហើយមេដាយមាសកើនខ្លាំងរហូតដល់ទៅ៨មេដាយ ខុសពី១០ឆ្នាំ មុនប្រទេសដែលឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃមួយនេះមិនដែលស្គាល់មេដាយមាសសោះ។
ជាការពិតលទ្ធផលទាំងអស់នេះ គឺដោយសារតែមានការកែទម្រង់មួយរយៈកាលចុងក្រោយនេះ។ មេដឹកនាំកីឡាបានចេញមកពីអ្នកចេះលេងកីឡា និងស្គាល់ពីល្បិចកិច្ចកលនៅក្នុងពិភពកីឡាច្បាស់លាស់។ ការលើកទឹកចិត្តជាថវិកាត្រូវបានបំពេញ។ កីឡាករមួយចំនួនមានជីវភាពធូរធារ ទទួលបានប្រាក់រង្វាន់ច្រើន ប្រសិនបើការប្រកួតសំខាន់ៗរបស់គេឈ្នះមេដាយជូនជាតិ។
ជាក់ស្តែងកីឡាការិនីស៊ន សៀវម៉ី ដែលទើបតែឈ្នះមេដាយមាសកាលពីពេលថ្មីៗនេះលំដាប់អាស៊ី ហើយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសន្ធឹកសន្ធាប់និងផ្តល់កិត្តិយសពីរដ្ឋាភិបាល អាចជាមេដែកមួយបង្ហាញដល់អត្តពលលិក ឯទៀតឲ្យមានការប្រឹងប្រែងដូចគ្នាក៏ថាបាន។ លើសពីនេះគេសង្ឃឹមថា កីឡាករខ្មែរនឹងធ្វើបានល្អបន្ថែមទៀតនៅក្នុងការចូលរួមប្រកួតស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីឆ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ