លោក ម៉េត មាសភក្តី៖«យន្តការថ្មីនេះ នឹងជួយកាត់បន្ថយបទល្មើសនៅក្នុងរាជធានីភ្នំពេញ»
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារបាន ចេញសេចក្តីប្រកាសបង្កើត«មជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ» ដែលក្រុមការងារសន្តិសុខពិសេសនេះ ដឹកនាំដោយសាលារាជធានីភ្នំពេញនិងមានទីតាំងនៅក្នុងសាលាក្រុងតែម្តង។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ក្រុមការងារប្រចាំបញ្ជារាជធានីភ្នំពេញនឹងជួបប្រជុំគ្នាក្នុងពេល ឆាប់ៗនេះ ដើម្បីដំណើរការការងារផ្តោតទៅលើការត្រួតពិនិត្យ សន្តិសុខតាមរយៈកាមេរ៉ាសុវត្ថិភាពប្រមាណជាជាង១ពាន់គ្រឿង បំពាក់នៅក្នុងក្រុងភ្នំពេញ។ ក្រុមប្រចាំបញ្ជានេះ នឹងបំពេញការងារប្រកបដោយប្រសិទ្ធភាព ដោយមានការប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងបែងចែកជា៤វេន ដែលមួយវេនៗមានគ្នា ១៦នាក់។