កម្ពុជាបង្ក្រាបបានគ្រឿងញៀននាំចូលពីប្រទេសឡាវជាង៥០គីឡូក្រាម
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី១៧ឧសភាសប្ដាហ៍នេះ ទើបតែបង្ក្រាបបានគ្រឿងញៀនចំនួនជាង៥០គីឡូក្រាម។ នៅក្នុងជំនួបផ្ដល់ព័ត៌មានបឋមដល់អ្នកកាសែតកាលពីព្រឹកមិញ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា គ្រឿងញៀនដែលទើបបង្ក្រាបបានជាង៥០គីឡូក្រាមនេះ ត្រូវបាននាំចូលមកកម្ពុជាពីប្រទេសឡាវ ដោយគ្រោងបែងចែកបន្តទៅកាន់ប្រទេសដទៃទៀត។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៧នេះ ធ្វើឡើងនៅ៣ទីតាំង៖ ក្នុងរាជធានីភ្នំពេញ ២ទីតាំង និងនៅខេត្តរតនគិរី ១ទីតាំង ដោយចំណាយពេលតែ២៤ម៉ោងប៉ុណ្ណោះ ។ ពោលគឺចាប់តាំងពីម៉ោង២កន្លះរសៀលថ្ងៃទី១៧ខែឧសភា ដល់ម៉ោង២កន្លះរសៀលថ្ងៃបន្ទាប់។ នេះគឺការគូសបញ្ជាក់របស់លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
លោកបានឲ្យដឹងបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យពីរនាក់ និងដកហូតបាន ម្សៅហេរ៉ូអ៊ីនចំនួន៤៧ដុំ ម្សៅក្រាមមេតំហ្វេតាមីន Ice ចំនួន១២ដុំ និងមេតំហ្វេតាមីនថ្នាំគ្រាប់ WY ចំនួន៤២ដុំ សរុបទាំងអស់ជាង៥០គីឡូក្រាម។
ករណីជួញដូរគ្រឿងញៀនដែលទើបតែបង្ក្រាបបាននេះ ត្រូវបានលោក ម៉ក់ ជីតូ ពន្យល់ថា ជាករណីរក្សាទុក និងជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ដោយមានអង្គការចាត់តាំងត្រឹមត្រូវ។ សម្រាប់អគ្គស្នងការរងនគរបាលជាតិ កម្ពុជាគឺជាប្រទេសរងគ្រោះ ព្រោះការជួញដូរគ្រឿងញៀនឆ្លងដែនតាំងពីយូរណាស់មកហើយ ដោយភាគច្រើន គ្រឿងញៀនត្រូវបាននាំចូលពីតំបន់ត្រីកោណមាស ឆ្លងកាត់តាមប្រទេសឡាវ ចូលមកកម្ពុជា ដើម្បីបែងចែកបន្តទៅកាន់ប្រទេសដទៃទៀត។ ករណីនេះមានច្រើនណាស់ដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតឈានទៅបង្ក្រាប នៅពេលប្រមូលបានភស្តុតាងជាក់ស្ដែង។
ដោយឡែក ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីររូប នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី២០ឧសភានេះតែម្ដង ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ ចំពោះការចោទប្រកាន់កន្លងមកថា ការផ្ដន្ទាទោសជនល្មើសគ្រឿញញៀនមិនសក្តិសមនឹងបទល្មើសដែលបានប្រព្រឹត្ត អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ សុំមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា សមត្ថកិច្ចនឹងរៀបចំភស្តុតាង សាក្សី ឲ្យបានរឹងមាំ ដើម្បីដាក់បន្ទុកទៅលើជនល្មើស។
សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា តាំងពីដើមឆ្នាំ២០១៧នេះមក បានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាលើកទី១ រយៈ៦ខែ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចបង្ក្រាបបានករណីបទល្មើសគ្រឿងញៀនចំនួនជាង៣ពាន់៥រយករណី ឃាត់ខ្លួនមនុស្សជាង៨ពាន់នាក់ និងដកហូតគ្រឿងញៀនបានជាង៥១គីឡូក្រាម ដោយមិនគិតករណីធំចុងក្រោយនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ