អង្គការសមាគមជំនាញខាងកិច្ចការបោះឆ្នោត មិនបានចូលរួមសង្កេតការណ៍បោះឆ្នោតព្រឹទ្ធសភា
ចុះផ្សាយនៅថ្ងៃ៖
អង្គការសមាគមក្នុងស្រុក ដែលមានជំនាញខាងកិច្ចការបោះឆ្នោត និងតែងចូលរួមសង្កេតការណ៍បោះឆ្នោតកន្លងមក នឹងមិនចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈនេះទេ។ អង្គការទាំងនោះបញ្ជាក់ថា នេះគ្រាន់តែជាការបោះឆ្នោតអសកល ដែលអាចទាយដឹងពីលទ្ធផលមុន ក្រោយអវត្តមានបក្សប្រឆាំង។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២១ ខែកុម្ភៈ មានអង្គការ និងសមាគមក្នុងស្រុកចំនួន១២ បានចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ដែលត្រូវសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ្រោងធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។
ចំណែកឯ អង្គការ និងសមាគម ដែលមានជំនាញខាងកិច្ចការបោះឆ្នោតនៅកម្ពុជា ដូចជាគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិកហ្វិច (NICFEC) និង គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅថា អង្គការខុមហ្វ្រែល (COMFREL) មិនបានចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះទេ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច និងលោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្រែ្វលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៣ ខែកុម្ភៈ ថា ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ហើយអាចប៉ាន់ស្មានដឹងថាគណបក្សណានឹងទទួលបានលទ្ធផលក្រោយពីការបោះឆ្នោត។
លោក សំ គន្ធាមី បន្តថាការមិនចូលរួមនេះ មិនមែនជាលើកទី១ទេ ព្រោះកន្លងមកស្ថាប័នរបស់លោកក៏មិនធ្លាប់បានចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាដែរ។ លោកបន្ថែមថាមូលហេតុមួយទៀត គឺដោយសារស្ថាប័នរបស់លោកគ្មានកញ្ចប់ថវិកាសម្រាប់បណ្តុះបណ្តាលអ្នកសង្កេតការណ៍។
លោក កន សាវាង្សវិញបន្តថា ក្រោយពីការរំលាយគណបក្សប្រឆាំងមក ស្ថាប័នរបស់លោកអាចដឹងបានថាលទ្ធភាពនៃការជាប់ឆ្នោតនៃសមាជិកព្រឹទ្ធសភា គឺមានតែមួយគណបក្សតែប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការថយចុះនៃចំនួនអង្គការ ឬសមាគមក្នុងស្រុក ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ ដោយសារតែការបោះឆ្នោតព្រឹទ្ធសភា គឺជាបោះឆ្នោតអសកល ដូច្នេះមជ្ឈដ្ឋានមួយចំនួនមិនសូវចាប់អារម្មណ៍ឡើយ។ លោកបន្ថែមថាករណីនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ថាទោះបីជាតួលេខនៃអ្នកចូលរួមសង្កេតការណ៍ប៉ុណ្ណាក៏ដោយ ក៏បង្ហាញពីការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធដែរ។
បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប អ្នកសង្កេតការណ៍ជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាឆ្នាំ២០១៨នេះ មានចំនួនសរុប ២៧៦នាក់ មកពី១២ស្ថាប័ន ដែលមានទាំងសមាគមស្និតនឹងបក្សកាន់អំណាចផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ