ប្រជាសហគមន៍តំបន់សេសានក្រោម២ មិនព្រមចាកចេញពីទីកំណើតខ្លួន ទោះបីជាស្ថានភាពមិនអំណោយផល
ចុះផ្សាយនៅថ្ងៃ៖
យ៉ាងហោចណាស់ប្រជាជន១២០គ្រួសារ ក្នុងភូមិស្រែគរចាស់ កំពុងបន្តរស់នៅលើទីតាំងកំណើតរបស់ខ្លួន បើទោះជាស្ថានភាពរស់នៅមិនអំណោយផលក៏ដោយ។ ពួកគេកំពុងរស់នៅក្នុងទឹកលិច ដែលបណ្ដាលមកពីទំនប់វារីអគ្គិសនីសេសានក្រោម២ និងភ្លៀងធ្លាក់ជាប់ៗគ្នា។ ការជន់លិចនេះចាប់តាំងពីថ្ងៃទី១៨ កក្កដា បីថ្ងៃក្រោយពីការចាប់ផ្ដើមគម្រោងសាកល្បងប្រតិបត្តិការទំនប់វារីអគ្គិសនី។អត្ថបទដោយ៖ ប៊ុន សៅសុភនាថ និង ទី កញ្ញា
លោក ស៊ុន យូរ៉ា ប្រធានកម្មវិធីអភិឌ្ឍន៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានប្រាប់វិទ្យុបារាំង នៅថ្ងៃទី១ សីហា ថា ទឹកលិចនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺកើតឡើងដោយសារ មានភ្លៀងធ្លាក់ជោគជាំ និងការសាកល្បងប្រតិបត្តិការទំនប់វារីអគ្គិសនី។ មូលហេតុនេះហើយ ធ្វើឲ្យប្រជាជន១២៤គ្រួសារ ត្រូវរស់លើទឹកលិច និងប្រឈមការលំបាកសម្រាប់ជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ លោក ហ្វុត ឃឿន ជាប្រជាជនរស់នៅភូមិស្រែគរចាស់ បានអះអាងថា ករណីលិចទឹកនៅក្នុងភូមិរបស់លោក គឺមកពីទំនប់វារីអគ្គិសនី។ លោកថា អ្នកភូមិខ្លះត្រូវបង្ខំចិត្ត ទៅរស់នៅទីទួលសុវត្ថិភាព នៅពេលទឹកឡើងខ្លាំង។ ប៉ុន្តែ ប្រជាសហគមន៍មួយចំនួននៅតែប្រកាន់ជំហរមិនព្រមចាកចេញ បើទោះបីកម្ពស់ទឹកកើនឡើងខ្ពស់ មានការលំបាកក៏ដោយ។
កម្ពស់ទឹកបានគំរាមកំហែងខ្លាំងទៅលើកន្លែងមួយចំនួន ដូចជាឃុំស្រែគរចាស់ ឃុំក្បាលរមាស និងឃុំសាឡាត ជាដើម។ ជាក់ស្តែង ស្រែផ្នែកខាងក្រោម នៅក្នុងភូមិស្រែគរចាស់ កម្ពស់ទឹកបានឡើងរហូតដល់ជាង២ម៉ែត្រ និង តាមកន្លែងខ្លះ ទឹកឡើង កន្លះម៉ែត្រ ទៅ១ម៉ែត្រ។ នេះ ជាហេតុធ្វើឲ្យស្រូវ ដំណាំ បន្លែ មួយចំនួនត្រូវបានខូចខាត។
ទោះជាយ៉ាងណា លោក ហ្វុត ឃឿន បានប្រាប់ពីស្ថានភាពបច្ចុប្បន្ន ថាទឹកកំពុងតែស្រកជាបណ្ដើរៗហើយ។ លោកថា ទោះបីជាមានភាពធូរស្រាលនៃការលិចទឹកក៏ដោយ ប្រជាពលរដ្ឋនៅក្នុងភូមិបានរៃលុយគ្នានិងត្រៀមខ្លួនដោយរៀបចំ ទូក កាណូត វិទ្យុទាក់ទងគ្នា ជាដើម ដើម្បីការពារខ្លួន ព្រោះគ្មានអាជ្ញាធរមកជួយអន្តរាគមន៍ទេ។ ហេតុដូច្នេះ លោកចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរៀបចំតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហា។
សូមរំលឹកថា កន្លងទៅ ប្រជាសហគមន៍នៅស្រុកសេសាន មិនបានឯកភាពឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី និងមិនព្រមចាកចេញពីដីសមូហភាពដែលបន្សល់ពីដូនតានោះទេ។ ហើយ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២នេះ បានបិទទ្វារទឹកសាកល្បង ចាប់តាំងពីថ្ងៃ១៥ កក្កដា មកម្ល៉េះ។ ទំនប់វារីអគ្គិសនីនេះ មានសក្តានុពល ៤០០មេហ្កាវ៉ាត់ ដែលអាចផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ខេត្តចំនួន៥ គឺ ស្ទឹងត្រែង កំពង់ចាម ក្រចេះ ព្រះវិហារ និង រតនគិរី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ