រដ្ឋមន្ត្រី៖ ជិត១ភាគ៣នៃស្ត្រីរោងចក្រធ្លាប់ទទួលរងឥរិយាបថនៃការបៀតបៀនផ្លូវភេទ
តាមការសិក្សាស្រាវជ្រាវមួយបង្ហាញដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនៅថ្ងៃទី២១មិនានេះគឺ កម្មការិនីបំរើការងារនៅតាមរោងចក្រធ្លាប់ទទួលរងឥរិយាបថនៃការបៀតបៀនផ្លូវភេទក្នុងកម្រិតអត្រាមួយខ្ពស់ បើធៀបនឹងការបៀតបៀនលើស្ត្រីក្នុងវិស័យផ្សេងទៀត។ ការលើកបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បែបនេះធ្វើឡើងនៅក្នុងកម្មវិធីដាក់ឲ្យដំណើរការកម្មវិធីសហប្រតិបត្តិការ អូស្រ្តាលី កម្ពុជា ក្នុងការផ្ដល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌ដល់ស្ត្រី។
ចុះផ្សាយនៅថ្ងៃ៖
ជិត១ភាគ៣នៃស្ត្រីកម្មការិនីរោងចក្រនៅក្នុងទ្វីបអាស៊ី ដែលក្នុងនោះមានស្ត្រីកម្ពុជាដែរបានរាយការណ៍ថា ធ្លាប់ទទួលរងឥរិយាបថនៃការបៀតបៀនផ្លូវភេទ។ សម្រាប់ប្រទេសកម្ពុជាលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានគូសបញ្ជាក់ថា ក្រសួងកិច្ចការនារីនឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើការស្រាវជ្រាវដែលផ្ដល់ជូនដោយអង្គការក្រៅរដ្ឋាភិបាល។
ក្រៅពីកម្មការិនីរោងចក្រ ស្រ្តីពិការភាពក៏ទទួលរងអំពើហិង្សាបៀតបៀនផ្លូវភេទដែរ តែហិង្សាលើពួកគេភាគច្រើនកើតក្នុងរង្វង់គ្រួសារ។ ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីទទួលស្គាល់ និងមានក្ដីបារម្ភចំពោះអំពើហិង្សាផ្លូវភេទលើស្ត្រីពុំមានការថយចុះឡើយ ខណៈអំពើហិង្សាក្នុងរង្វង់គ្រួសារបានធ្លាក់ចុះ។
ទាក់ទងអំពើហិង្សាលើស្ត្រីជាទូទៅនៅកម្ពុជាដូចជាៈ ស្ត្រីចំណាក់ស្រុក ស្ត្រីអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនៅតាមជន និងស្ត្រីជនជាតិដើមភាគតិចជាដើម ម្នាក់ក្នុងចំណោមប្រាំនាក់ធ្លាប់មានបទពិសោធន៍ទទួលរងអំពើហិង្សានៅក្នុងជីវិតរបស់ពួកគេ ដែលនេះជាចំនួនមួយខ្ពស់បើធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់។ ក្នុងចំណោមស្ត្រីដែលធ្លាប់ទទួលរងអំពើហិង្សាទាំងនោះ មានស្ត្រីតែ១ភាគរយប៉ុណ្ណោះដែលស្វែងរកជំនួយពីស្ថាប័នមានសមត្ថកិច្ច។
ប្រឈមបញ្ហានានាទាក់ទងអំពើហិង្សាលើស្ត្រី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានអះអាងថា ក្រសួងកិច្ចការនារីកំពុងសិក្សារៀបចំយុទ្ធសាស្ត្រទប់ស្កាត់ ដែលយុទ្ធសាស្ត្រទប់ស្កាត់នេះនឹងចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗ។
សម្រាប់អង្គការសង្គមស៊ីវិលក្នុងស្រុកនិយាយថា អំពើហិង្សាលើស្ត្រីកំពុងកើតមានឡើងនៅក្នុងទម្រង់បែបថ្មីនៃសម័យបច្ចេកវិទ្យាទំនើប ខណៈអំពើហិង្សាដោយកម្លាំងមានការថយចុះ។ ជាក់ស្ដែង ការបង្ហោះ និងថតរូបស្ត្រីដោយគ្មានការអនុញ្ញាត ហើយធ្វើការចែកចាយបន្តលើបណ្ដាញសង្គមតាមរយៈប្រើប្រាស់ពាក្យសម្ដីលេងសើច មាក់ងាយ ឬគម្រាមកំហែង ជាដើមគឺសុទ្ធតែរាប់បញ្ចូលទៅក្នុងទម្រង់អំពើហិង្សាបែបថ្មី។
ផ្អែកតាមរបាយការណ៍ដោយឡែករបស់អង្គការលីកាដូ រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណីអំពើហិង្សាលើស្ដ្រីមានចំនួន ៥៨ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រី ១០នាក់ស្លាប់ ហើយការរំលោភសេពន្ថវៈលើស្ត្រី និងកុមារីមានចំនួន ១២៧ករណី បណ្តាលឱ្យជនរងគ្រោះ៨ នាក់ស្លាប់ ក្នុងនោះក្មេងស្រីមានចំនួន៣នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ