អង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ការរឹតបន្តឹងលើសិទ្ធិសេរីភាព ក្នុងការស្លៀកបំពាក់របស់ស្រ្តី
ចុះផ្សាយនៅថ្ងៃ៖
តំណាងអង្គការសង្គមស៊ីវិលចំនួន៧ ដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និង សមភាពយេនឌ័រនៅកម្ពុជា នៅថ្ងៃទី១៩កុម្ភៈ បានផ្ញើរលិខិតចំហមួយជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ ការរឹតបន្តឹងលើសិទ្ធិសេរីភាព ក្នុងការស្លៀកពាក់របស់ស្រ្តី ដោយលោកសំអាងថាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់ស្រ្តីខ្មែរ និង វប្បធម៌ជាតិ។ លិខិតចំហនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី ១៧ កុម្ភៈ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបិទគណនី ឫទំព័រហ្វេសប៊ុកណាដែលផ្សាយ «Live» លក់ផលិតផលដោយមានការបញ្ចេញកេរ្តិ៍ខ្មាស ដើម្បីទាក់ទាញឱ្យគេមើល និងទិញផលិតផល។
បើតាមតំណាងអង្គការសង្គមស៊ីវិលចំនួន៧ ការដាក់ទណ្ឌកម្មទៅស្រី្តដោយសារតែជម្រើសនៃការស្លៀកពាក់របស់ពួកគេ គឺជាឫសគល់នៃអំពើហឹង្សានិងការរើសអើងលើស្រ្តី វាមិនមែនជាដំណោះស្រាយនោះទេ។ ចំណែកការលើកឡើងរបស់លោកនាយករដ្នមន្រ្តី ដែលយល់ថាការដែលស្រី្តស្លៀកពាក់លេចលើលេចក្រោមនាំឱ្យមានការរំលោភបំពាន គឺជាការស្តីបន្ទោសជនរងគ្រោះ ហើយការពង្រឹងវប្បធម៌ស្តីបន្ទោសជនរងគ្រោះនេះ នឹងធ្វើឲ្យអំពើហឹង្សាលើស្រី្ត និងការរើសអើងផ្នែកយេនឌ័រនៅតែបន្តកើតមានក្នុងសង្គមកម្ពុជា។ តាមតំណាងអង្គការសង្គមស៊ីវិល មានការស្រាវជ្រាវជាច្រើនបង្ហាញថា អំពើហឹង្សាលើស្រ្តីផ្តើមចេញពីផ្នត់គំនិតរើសអើងយេនឌ័រ វប្បធម៌ស្តីបន្ទោសជនរងគ្រោះ ដែលចាក់ឫសគល់នៅក្នុងសង្គមកម្ពុជា ដែលមិនមែនផ្អែកលើការស្លៀកពាក់ ឬ រូបរាងកាយឬ ទង្វើរបស់ស្រ្តីនោះទេ។ ក្នុងនោះការអនុវត្តច្បាប់មិនទាន់រឹងមាំ និង វប្បធម៌និទណ្ឌភាព ក៏ជាកត្តាមួយផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កន្លងមកមិនមានឯកសារផ្លូវច្បាប់ឬឯកសារផ្លូវការណាមួយដែលផ្តល់និយមន័យអំពី «តម្លៃស្តី្រ និងតម្លៃសង្គម ឬ វប្បធម៌ខ្មែរ» ឬពន្យល់អំពីគោលបំណងនៃការលើកកម្ពស់បញត្តិនោះទេ។ ហើយមកទល់នឹងពេលនេះពុំទាន់មានការសិក្សាបែបស៊ីជម្រៅណាមួយដែលបញ្ជាក់ថា ការស្លៀកពាក់របស់ស្រ្តីជាដើមហេតុនៃការបង្កឲ្យមានឳនភាពនៃសីលធម៌សង្គមនោះដែរ។
ប៉ុន្តែបើតាម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សយល់ថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា មិនមែនជាដាក់បញ្ជាដាច់ណាត់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបរបរតាមអនឡាញទាំងអស់នោះទេ។ លោកស្រីថា បើចង់លក់ផលិតផល សូមលក់ក្នុងសេចក្តីថ្លៃថ្នូ កុំទាក់ទាញហួសព្រំដែន ដោយការបញ្ចេញភាពស្រើបស្រាល ដែលឱ្យមានការប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង។
គួររម្លឹកផងដែរ កាលពីថ្ងៃទី ១៧ កុម្ភៈ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបិទគណនី ឫទំព័រហ្វេសប៊ុកណាដែលផ្សាយ«Live»លក់ផលិតផលដោយមានការបញ្ចេញកេរ្តិ៍ខ្មាស ដើម្បីទាក់ទាញឱ្យគេមើល និងទិញផលិតផល។ តាមលោកនាយករដ្ឋមន្រ្តី សកម្មភាពបែបអាសអាភាសនេះ គឺនាំឱ្យមានការបំពានផ្លូវភេទស្រ្តី ហើយក៏អាចនាំឱ្យកើតមានករណីចាប់រំលោភថែមទៀតផង។
បន្ទាប់ពីចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីនេះផងដែរ នៅល្ងាចថ្ងៃទី ១៩កុម្ភៈ ស្ត្រីរកស៊ីតាមអនឡាញម្នាក់ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីនាងមិនគោរពកិច្ចសន្យា ទាក់ទងទៅនឹងការ Live លក់ផលិតផលតាម Facebook ដោយស្លៀកពាក់ស៊ីចស៊ីលេចលើលេចក្រោមហួសហេតុ។ ការឃាត់ខ្លួននេះគឺជាលើកទី២ហើយ ខណៈកាលពីលើកទី១ សមត្ថកិច្ចបានហៅស្រីនាងមកធ្វើកិច្ចសន្យាឈប់Live លក់ក្នុងរូបភាពស៊ីចស៊ីពេក ប៉ុន្តែក្រោយធ្វើកិច្ចសន្យាទទួលស្គាល់កំហុសហើយ នាងនៅតែត្រឡប់ទៅ Liveក្នុងទម្រង់ដដែល ដូច្នេះទើបលើកទី២នេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ