កម្ពុជា-សង្គម

​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ប្តេជ្ញា​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​ជន​ល្មើស​នៅ​ខេត្ត​ទេស​ចរណ៍​នេះ​

ក្រុងព្រះសីហនុ (រូបភាពឯកសារ)
ក្រុងព្រះសីហនុ (រូបភាពឯកសារ) @Internet

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្តេជ្ញា​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ខ្លាំង​ក្លា​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ក្នុង​ខេត្ត​តំបន់​​ទេសចរណ៍​ដ៍​សំខាន់​របស់​កម្ពុជា​។ ការ​អះអាង​ថា​របស់​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​យ៉ាង​ដូច្នេះ គឺ​បន្ទាប់​ពី​មាន​ករណី​ជន​ជាតិ​ចិន​ចូល​ទៅ​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​របស់​ជន​ជាតិ​ខ្មែរ ហើយ​ពេល​ម្ចាស់​ផ្ទះ​មក​ទាន់​ក៏បាញ់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​រង​របួស​ម្នាក់​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​។ 

ផ្សាយពាណិជ្ជកម្ម

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា​ ករណី​ជន​ជាតិ​ចិន​ចូលគាស់ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​របស់​ជនជាតិ​ខ្មែរ​ហើយ​ត្រូវបាន​ម្ចាស់​ផ្ទះ​បាញ់​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​នោះ សំណុំរឿងនេះ​ស្ថិត​នៅលើដៃតុលាការខេត្តនេះ។ ប៉ុន្តែ​បើនិយាយពី​បញ្ហា​សន្តិសុខ​នៅខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រមួយនេះវិញ រាល់​បទល្មើស​ដែល​កើត​ឡើង គឺសមត្ថកិច្ច​តែងតែ​ចាប់​បានជាបន្ត​បន្ទាប់ដោយ​គ្មានការលើកលែង​ ហើយសមត្ថកិច្ច​ក៏នៅតែបន្ត​រឹតបន្តឹង​សន្តិសុខ​កាន់តែ​ខ្លាំង​ផងដែរ ខណៈ​ខេត្តនេះមានជនជាតិបរទេ​សរស់នៅច្រើន។ ​នេះបើតាមអ្នកនាំ​ពាក្យដដែល។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុនេះជាគោលដៅមួយ​ដែល​រដ្ឋាភិបាល​យកចិត្តទុកដាក់​និង​ខ្វល់​ខ្វាយ​ច្រើន​ជាង​ខេត្ត​ដទៃទៀត​ក្នុងការការពារសន្តិសុខ​ទាំងការចូល​របស់ជនជាតិចិន និង​ការចាកចេញទៅវិញ​របស់​ពួកគេ ហើយ​អាជ្ញាធរកំពុង​រិះរក​វិធី​គ្រប់​គ្រង​សន្តិសុខ​ឲ្យបានល្អនៅក្នុងខេត្តនេះ។ នេះបើតាម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ប្រាប់អ្នកសារព័ត៌មាន​កាលពីសប្តាហ៍មុន។

ខេត្តគោលដៅទេសចរណ៍ដ៍សំខាន់មួយនេះ ​ក៏ត្រូវ​ការ​កម្លាំងពិសេសបន្ថែមពីខាង​អគ្គស្នងការ​នគរបាលជាតិផងដែរ ​ដើម្បី​ជួយអន្តរាគមន៍នៅពេលមាន​បញ្ហាអសន្តិសុខធំៗកើតឡើង ខណៈអាជ្ញាធរខេត្តនេះទទួល​​ស្គាល់ថា ករណី​ចោរកម្ម​ផ្សេងៗ​តែងតែកើតឡើងច្រើន ដោយ​សារតែ​ជាតំបន់​កំពុង​អភិវឌ្ឍ។

​គួរកត់​សំគាល់ថា ក្រៅពីបញ្ហាចោរកម្ម ​ករណី​បាញ់សម្លាប់​យ៉ាង​សហាវ​ក៏តែង​តែ​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុដែរ។ កាលពីថ្ងៃទី៦​ខែតុលា​​កន្លងមកនេះ ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ជនជាតិ​ចិន​ដូចគ្នា​បាញ់សម្លាប់​ទម្លាក់​ពីលើ​រថយន្ត​ គឺតែ​ប៉ុន្មាន​ថ្ងៃក្រោយករណី​ប្លន់​សម្លាប់​កាត់​ជាកង់ៗទៅលើ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា។ បញ្ហា​នេះ​បានធ្វើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​សម្តែង​ការព្រួយបារម្ភ​ខ្លាំងឡើងៗពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI