ពលរដ្ឋខេត្តព្រះសីហនុ១០សហគមន៍ ជំរុញឲ្យអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ ខណៈដីតំបន់នោះឡើងថ្លៃ
ចុះផ្សាយនៅថ្ងៃ៖
ប្រជាពលរដ្ឋរាប់រយនាក់តំណាងឲ្យទាំង ១០សហគមន៍ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារនេះ ដោយជំរុញឲ្យអាជ្ញាធរខេត្តនេះ ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេឲ្យបានលឿន។ ការទាមទារយ៉ាងដូច្នេះ ដោយសារតែក្រុមអ្នកតវ៉ាទាំងនោះ មានការបារម្ភពីការរំលោភយកដីធ្លីពីក្រុមមនុស្សចំណូលថ្មី ខណៈដីធ្លីនៅតំបន់នោះហក់ឡើងថ្លៃ។
លោក ម៉ន ស៊ីណា អះអាងថាជាតំណាងពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលឡើងមកពីពីស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ដើម្បីតវ៉ានៅមុខសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ដោយសារតែភាពចម្រូងចម្រាសបញ្ហាដីធ្លី និងតម្លៃដីកំពុងតែឡើងថ្លៃនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ គឺជាក្តីបារម្ភមួយ ដែលពលរដ្ឋទាំងនោះខ្លាចមានការរំលោភយកពីភាគីដទៃ ទើបពួកគេស្នើឲ្យអាជ្ញាធរ ចេញបណ្ណកាន់កាប់ដីធ្លីដល់ពួកគេឲ្យបានលឿន។
បើតាមតំណាងពលរដ្ឋរូបនេះ ក្រៅពីស្នើឲ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីនោះ ពួកគេក៏ជំរុញឲ្យពន្លឿនការដោះស្រាយលើដីទំនាស់ ដែលកើតកាលពីជិត១០ឆ្នាំមុននោះផងដែរ គឺជាដីទំនាស់សម្រាប់កសាងវត្ត។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ១០សហគមន៍ បានរអ៊ូរទាំថា សកម្មភាពចុះអនុវត្តការងារ របស់មន្ត្រីជំនាញ រដ្ឋបាលខេត្តព្រះសីហនុ គឺមានការយឺតយ៉ាវក្នុងការចេញបណ្ណកាន់កាប់ដីធ្លី ដោយអូសបន្លាយពេលយូរឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថាអាជ្ញាធរបានសម្របសម្រួលឲ្យតំណាងពលរដ្ឋចំនួន៨សហគមន៍ បានចូលជួបអភិបាលរងខេត្តម្នាក់ ទទួលបន្ទុកកិច្ចការដីធ្លីនេះមុននឹងចុះធ្វើការដោះស្រាយជាក់ស្តែង។ ប៉ុន្តែអ្នកនាំពាក្យដដែល លើកឡើងថា បញ្ហាដែលអាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិបានលឿនជូនពលរដ្ឋទាំងនោះក៏ព្រោះតែដីមួយចំនួន ដែលពួកគេកាន់នោះគឺជាដីមានទំនាស់ ដែលមានសំណុំរឿងស្ថិតក្នុងដៃតុលាការនៅឡើយ។
បើតាមលោក ឃាង ភារម្យ ទំនាស់ដីនៅខេត្តកំពុងអភិវឌ្ឍន៍មួយនេះ បានស្ងប់បន្តិចវិញនៅពេលនេះ បន្ទាប់ពីកក្រើកខ្លាំងកាលពីអំឡុងប៉ុន្មានខែមុន ខណៈដីបានហក់ឡើងថ្លៃជាបន្តបន្ទាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ