អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ចិន​គ្រោង​ចំណាយ​៣​ពាន់​លាន​ដុល្លារ​បង្កើត​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ

តំបន់​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​
តំបន់​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​ RFI/Chan Lida
ដោយ៖ ប្រាក់ ធីតា
១៧ នាទី

ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​បាន​រួមគ្នា​មក​អភិវឌ្ឍន៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ទំហំ​ផ្ទៃដី​ចំនួន​ជាង ៣៣៧ហិកតា ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ។ ការ​ប្រកាស​ឲ្យ​ដឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ តំបន់​គំរូ​ក្រវាត់​មួយ ផ្លូវ​មួយ​តំបន់​សាក​ល្បង​កិច្ច​សហប្រតិបត្តិការ​ទន្លេ​មេគង្គ ឡាន ឆាង កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក ស៊ូ ហេមមីង នាយក​ក្រុម​ហ៊ុន China Gansu Corporation for International Techno-Economic Cooperation បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ នៅ​ខេត្ត​ព្រះសីហនុ​គ្រោង​ធ្វើ​ឡើង ដើម្បី​បង្កើត​ជា​មជ្ឈ​មណ្ឌល​វិស្សមកាល​លំហែកាយ​ទេសចរណ៍​អន្តរជាតិ ទីតាំង​សន្និសីទ​អចិន្ត្រៃយ៍​នៃ​វេទិកា​ប្រជុំ​ហរិញ្ញវត្ថុ សោធននិវត្តន៍​អន្តរជាតិ មន្ទីរពេទ្យ មហាវិទ្យាល័យ សុខាភិបាល មគ្គុទេសក៍​ទេសចរ សណ្ឋាគារ លំដាប់ផ្កាយ​៥ និង​បង្កើត​ជា​តំបន់​សម្បទាន​ទេសចរណ៍​ធំ បំផុត​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ជាតិ​កម្ពុជា AKP។

លោក​បន្ត​ថា គម្រោង​វិនិយោគ​នេះ ជា​ការ​ប្រតិបត្តិ​ពាណិជ្ជកម្ម​ច្នៃ​ប្រឌិត​ថ្មី​បែប​អន្តរជាតិ​គ្រប់​ជ្រុង​ជ្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ធ្វើ​អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​អចលនទ្រព្យ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា បើ​គម្រោង​នេះ​អនុវត្ត​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​នោះ​វា​នឹង​បម្រើ​មាន​ផល​ប្រយោជន៍ ច្រើន​សម្រាប់​កំណើន​វិស័យ​ទេសចរណ៍​ដោយ​វា​មិន​ត្រឹមតែ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ចិន​បាន​កាន់​តែ​ច្រើន ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ស្រូប​ភ្ញៀវ​បរទេស​ផ្សេង​ៗ​ទៀត កាន់​តែ​មាន​លំហូរ​មក​ច្រើន​ផង​ដែរ ស្រប​ពេល​ដែល​ខេត្ត​នេះ ពោរពេញ​ទៅ​ដោយ​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ជាប់​ជា​ចំណាត់​ថ្នាក់ ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ជាង​គេ​នៅ​លើ​ពិភព​លោក។

លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ តំបន់​ទេសចរណ៍​សំខាន់​ៗ​ដែល​ភ្ញៀវ​ទេចរ​ចិន ក៏​ដូចជា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាប់​អារម្មណ៍ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ គឺ​មាន​ក្រុង​ព្រះសីហនុ កោះរ៉ុង និង​ឆ្នេរ​សមុទ្ររាម។ លោក​អភិបាល​ខេត្ត​ក៏​បាន​អះអាង​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​ខេត្ត​ព្រះសីហនុ ឱ្យ​បាន កាន់​តែ​ច្រើន​នោះ​ អាជ្ញាធរ​ខេត្ត​បាន​ពង្រឹង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពង្រឹង​ការ​គ្រប់​គ្រង​សេវា​ឱ្យ​បាន​ល្អ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ រួម​ទាំង​ការ​បើក ជើង​ហោះ​ហើរ​ឡើង​វិញ នៅ​ព្រលាន​យន្ត​ហោះ​កងកេង ខេត្ត​ព្រះសីហនុ។

យោងតាម​របាយ​ការណ៍​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា ឆ្នាំ​២០១៥ កម្ពុជា​ស្រូប​បាន​ភ្ញៀវ ទេសចរ​ចិន ប្រមាណ​៧០​ម៉ឺន​នាក់ កើន​២៤​ភាគ​រយ ដោយឈរ​លំដាប់​លេខ​រៀង​ទី​២ បន្ទាប់​ពី​ភ្ញៀវ​ជនជាតិ​វៀតណាម​ជាប់​លំដាប់​លេខ​១ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​៤.៨​លាន​នាក់។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​គម្រោង​សាងសង់​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ពេល​ណា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ