មេធាវីព្រមានប្តឹងឧទ្ធរណ៍បើចៅក្រមនៅតែបន្តមិនកោះហៅតំណាងអាមេរិកមកបំភ្លឺក្នុងរឿងក្តីលោកកឹម សុខា
គិតមកដល់ពេលនេះ គឺជិតពីរសប្តាហ៍មកហើយដែលក្រុមមេធាវីរបស់លោកកឹម សុខា បានដាក់សំណើសុំឲ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបំពេញកិច្ចដោយកោះហៅតំណាងរដ្ឋាភិបាលអាមេរិកាំងមកបំភ្លឺក្នុងសំណុំរឿងអតីតមេបក្សប្រឆាំង។ ប៉ុន្តែមិនទាន់មានឆ្លើយតបយ៉ាងណាមួយនៅឡើយទេ។ នេះធ្វើឲ្យក្រុមមេធាវីមិនសប្បាយចិត្ត ហើយព្រមានថា ប្រសិនបើចៅក្រមនៅតែពន្យារពេលធ្វើកិច្ចការនេះទៀត នោះពួកគេនឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដើម្បីឲ្យធ្វើការសម្រេចជំនួសតែម្តង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមមេធាវីរបស់លោកកឹម សុខា នឹងទុកពេលយ៉ាងយូរបំផុត១ខែ ដើម្បីឲ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញគឺលោកគី ឫទ្ធី ដំណើរការបំពេញកិច្ចកោះហៅតំណាងរដ្ឋាភិបាលអាមេរិកាំងមកបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិរបស់អតីតមេបក្សរូបនេះតាមសំណើរបស់ខ្លួន។ នេះបើតាមការអះអាងរបស់លោកសំ សុគង់ដែលជាសហមេធាវីម្នាក់របស់លោកកឹម សុខា។ លោកសំ សុគង់ បានអះអាងទៀតថា ដោយសារតែសំណើបំពេញកិច្ចនេះ មិនបានកំណត់រយៈពេលដល់ចៅក្រមក្នុងការឆ្លើយតប ដូច្នេះហើយក្រុមមេធាវីគ្មានជម្រើសណាផ្សេងក្រៅតែពីរង់ចាំសិននោះទេ។ លោកគី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងលោកកឹម សុខា មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ ចំណែកលោកលី សុផាណា ដែលជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញក៏មិនព្រមផ្តល់ព័ត៌មានជុំវិញរឿងនេះនោះដែរ។
ក្រុមមេធាវីរបស់លោកកឹម សុខា បានដាក់សំណើរសុំឲ្យលោកចៅក្រមគី ឫទ្ធី កោះហៅតំណាងរដ្ឋាភិបាលអាមេរិកាំងមកបំភ្លឺនៅក្នុងរឿងក្តីរបស់លោកតាំងតែដើមសប្តាហ៍មុនមកម្លេះ។ ការដាក់សំណើនេះ ក៏ព្រោះតែក្រុមមេធាវីយល់ថា ដោយសារតែមានការចោទប្រកាន់លោកកឹម សុខា ថាមានអាមេរិកនៅពីក្រោយក្នុងសំណុំរឿងក្បត់ជាតិរបស់លោក។ ដូចនេះហើយ ដើម្បីឲ្យកាន់តែច្បាស់លាស់ ក្រុមមេធាវីចង់ឲ្យចៅក្រមកោះហៅតំណាងរដ្ឋាភិបាលអាមេរិកាំងមកបំភ្លឺរឿងនេះនៅក្នុងតុលាការកម្ពុជាតែម្តង។ បើតាមលោកមេធាវី សំ សុគង់ ដំណើរការនេះ គឺអាចធ្វើទៅបាន ប្រសិនបើចៅក្រមមានចេតនាចង់ធ្វើនោះ។
លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំជិត៥ខែមកហើយគិតមកដល់ពេលនេះ។ លោកត្រូវឃុំខ្លួនក្រោមបទចោទក្បត់ជាតិ។ ក្រុមមេធាវីរបស់លោកកឹម សុខា បានខិតខំតវ៉ាជំទាស់នឹងការឃុំខ្លួនភ្លាមៗនេះ ប៉ុន្តែតុលាការតាំងពីជាន់ទាប ជាន់កណ្តាល និងជាន់ខ្ពស់សុទ្ធតែទាត់ចោលនូវការខិតខំទាំងនេះ។
លុះការទាមទារទាំងនេះមិនបានសម្រេច ក្រុមមេធាវីក៏បានស្នើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យលោកកឹម សុខា បាននៅក្រៅឃុំតាមនីតិវិធីច្បាប់ តែសំណើនេះត្រូវបានទាត់ចោលកាលថ្ងៃទី១៥ មករាកន្លងទៅ។ យ៉ាងណាមិញ ក្រុមមេធាវីក៏បានប្តឹងទៅកាន់សាលាឧទ្ធរណ៍ទៀត ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចបើកសវនាការនៅថ្ងៃទី០១ ខែកុម្ភៈសប្តាហ៍ក្រោយនេះ។ យ៉ាងណាក៏ដោយ ក្រុមមេធាវីហាក់មិនសង្ឃឹមថា តុលាការសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ពួកគេនោះទេ ដោយហេតុថា សំណុំរឿងនេះ ជារឿងធំ ហើយមានលក្ខណៈនយោបាយទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ