គោអូស្ត្រាលីជិត៣ពាន់ក្បាលមកដល់ស្រុកខ្មែរ ត្រៀមខ្លួនចូលកន្លែងសត្តឃាតនៅសប្ដាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រនេះ គោអូស្ត្រាលីជាង២ពាន់៧រយក្បាល បានធ្វើដំណើរមកដល់កំពង់ផែខេត្តព្រះសីហនុ មុននឹងត្រូវសម្លាប់នៅក្នុងកន្លែងសត្តឃាតស្តង់ដារអន្ដរជាតិ នៅសប្ដាហ៍ក្រោយ។ សាច់គោអូស្ត្រាលីដែលពិឃាតនៅស្រុកខ្មែរនេះ នឹងមានដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងតម្លៃប្រដំប្រសងនឹងសាច់គោខ្មែរ និងថោកជាងសាច់គោអូស្ត្រាលីក្លាសេ។
សត្វគោប្រាម៉ាន់ របស់អូស្ត្រាលីទាំងជិត៣ពាន់ក្បាល នឹងត្រូវនាំចេញពីនាវានៅកំពង់ផែក្រុងព្រះសីហនុ ទៅដាក់នៅកសិដ្ឋានរបស់ក្រុមហ៊ុន SLN Meat Supplies នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបំប៉នកម្លាំងជាមុនសិន មុននឹងធ្វើការពិឃាតនៅសប្ដាហ៍ក្រោយ។ លោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុន SLN Meat Supplies បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា សត្វគោទាំងជិត៣ពាន់ក្បាល អាចនឹងហត់នឿយបន្ទាប់ពីធ្វើដំណើរតាមនាវាពីអូស្ត្រាលីមកកម្ពុជាអស់ពេលជាង១សប្ដាហ៍។ ការទុកពេលឲ្យគោបានសម្រាក បំប៉នកម្លាំង គឺជារឿងចាំបាច់ដើម្បីថែរក្សាគុណភាពសាច់។ នេះបើតាមលោក ហោ ស៊ឹមលាង។
ជាជំហានដំបូង ក្រុមហ៊ុននឹងចាប់ផ្ដើមសម្លាប់សត្វគោប្រមាណ២០០ក្បាលជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់ដេប៉ូចែកចាយនៅទូទាំងប្រទេសកម្ពុជានិងប្រទេសជិតខាង។ អគ្គនាយកក្រុមហ៊ុន SLN Meat Supplies បានគូសបញ្ជាក់ថា សាច់គោអូស្ត្រាលីដែលពិឃាតនៅស្រុកខ្មែរនេះ នឹងត្រូវដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងតម្លៃប្រមាណ១០ដុល្លារ ដែលជាតម្លៃប្រដំប្រសងនឹងសាច់គោខ្មែរ តែថោកជាងនិងស្រស់ជាងសាច់គោអូស្ត្រាលីក្លាសេនាំចូលដល់ទៅ៤០ភាគរយ។
លោក ហោ ស៊ឹមលាង អះអាងថា ទីសត្តឃាតតម្លៃ៣៥លានដុល្លាររបស់ក្រុមហ៊ុន SLN Meat Supplies នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជាកន្លែងសត្តឃាតធំជាងគេនៅអាស៊ី និងអាចផលិតសាច់គោបានរហូតដល់ទៅជាង៣ពាន់ក្បាលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនរំពឹងថា សាច់គោអូស្ត្រាលីដែលផលិតនៅស្រុកខ្មែរនេះ នឹងអាចទទួលបានគាំទ្រពីអតិថិជនទាំងនៅក្នុងប្រទេស និងប្រទេសជិតខាងក្នុងតំបន់។ និងថា ក្រុមហ៊ុននឹងនាំចូលគោអូស្ត្រាលីចំនួន២ពាន់ក្បាលទៀតនៅខែកក្កដា មុននឹងបង្កើនការនាំចូលដល់៤ដងក្នុងមួយខែៗនាពេលខាងមុខ។
ជុំវិញការផលិតសាច់គោអូស្ត្រាលីដើម្បីផ្គត់ផ្គង់ទីផ្សារស្រុកខ្មែរនេះ ក្រុមអ្នកសេដ្ឋកិច្ចមើលឃើញថា វានៅមិនទាន់មានសក្ដានុពលខ្លាំងនៅឡើយទេ។ ប៉ុន្តែ កម្ពុជាអាចនាំចេញសាច់គោអូស្ត្រាលីនេះ ទៅកាន់ប្រទេសជិតខាងដូចជា វៀតណាម ថៃ និងចិនជាដើម ដែលមានតម្រូវការសាច់គោអូស្ត្រាលីខ្ពស់។ បើតាមក្រុមអ្នកសេដ្ឋកិច្ច ការចំណាយរបស់កម្ពុជាក្នុងការផលិតនិងកែច្នៃសាច់គោ អស់ថ្លៃតិចជាងនៅប្រទេសអូស្ត្រាលី។ ហើយផ្នែកជាច្រើននៃសត្វគោ ដូចជាភ្នែក ត្រចៀក និងក្បាល ដែលមិនមានតម្លៃនៅប្រទេសលោកខាងលិច គឺវាមានតម្លៃបំផុតនៅក្នុងតំបន់អាស៊ី។ សម្រាប់អ្នកសេដ្ឋកិច្ច ទាំងនេះ គឺជាឱកាសសម្រាប់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ