លោក ស្រី រ៉ូណា ស្មីត ចាប់ផ្តើមការងារដំបូងជាមួយការសង្ឃឹមតិចពីអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបានចាប់ផ្តើមបំពេញការងាររបស់ខ្លួនជាលើកដំបូងចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលោកស្រីបានជួបប្រមូលព័ត៌មាន មុនគេជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកប្រមាណជា២០ ដែលធ្វើសកម្មភាពទាក់ទងទៅនឹងសិទ្ធិមនុស្សនៅកម្ពុជា។ ហើយនៅថ្ងៃនេះដែរ លោកស្រីបន្តជួបជាមួយអ្នកការពារសិទ្ធិមនុស្សនៅកោះកុងនិងសហគមន៍ មុននឹងមានជំនួបជាមួយមន្ត្រីរដ្ឋាភិបាល។
នៅថ្ងៃសុក្រទី១៨កញ្ញានេះ ជាថ្ងៃទី២ហើយដែលអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានចាប់ផ្តើមធ្វើការងារដំបូងរបស់ខ្លួននៅកម្ពុជា។ លោកស្រីស្មីត បានធ្វើដំណើរទៅកាន់ខេត្តកោះកុង ដើម្បីជួបនៅរសៀលនេះ ជាមួយនឹងមនុស្សចំនួន១៧នាក់ ដែលអាជ្ញាខេត្តបានឃាត់ខ្លួនកាលពីដើមខែ ខណៈដែលពួកគេបានឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅក្នុងវិវាទដីធ្លីមួយរវាងប្រជាសហគមន៍ និងក្រុមហ៊ុន Union Development Group។ ក្នុងចំណោមអ្នកដែលអាជ្ញាធរចាប់ខ្លួននោះ មានសកម្មជនការពារសិទ្ធិមនុស្សលីកាដូ៤នាក់ សកម្មជនអាដហុកម្នាក់ ក្រៅពីនេះគឺជា ប្រជាសហគមន៍។
ដោយសារតែបេសកកម្មរបស់លោកស្រីស្មីតជាការស៊ើបសួរព័ត៌មាន លោកស្រីមិនមានអត្ថាធិប្បាយតបភ្លាមៗទេបន្ទាប់ពីជំនួបជាមួយសង្គមស៊ីវិលក្នុងស្រុកកាលពីម្សិលមិញ។នេះបើតាមលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុក។ ក៏ប៉ុន្តែសង្គមស៊ីវិលបានលើកជាច្រើនទៅកាន់លោកស្រី ទាក់ទងទៅនឹងបរិយាកាសនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពីច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធយុត្តិធម៌ សុវត្ថិភាពអ្នកការពារសិទ្ធិមនុស្ស។ល។
ទោះជាយ៉ាងនេះក្តីលោកនី ចរិយា មិនមានសង្ឃឹមមុតមាំថាការងាររបស់លោកស្រីស្មីតនឹងខុសប្លែកគ្នាខ្លាំងពីអ្នកតំណាងចាស់នោះទេ ដោយសារតែគាត់ជាសាស្ត្រាចារ្យដូចគ្នា។ម្យ៉ាងទៀតរាល់របាយការណ៍ដែលលើកឡើងដោយអ្នករាយការណ៍ពិសេសកន្លងមកតែងបដិសេធដោយរដ្ឋាភិបាល។
តាមគំរោង នៅក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៨ថ្ងៃរបស់លោកស្រីរ៉ូណា ស្មីត តំណាងសិទ្ធិមនុស្សសហប្រជាជាតិរូបនេះនឹងមានជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះនឹងត្រូវជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវបានកំណត់នៅថ្ងៃចន្ទទី២១ខែកញ្ញា សប្តាហ៍ក្រោយ។ចុងបញ្ចប់នៅថ្ងៃទី២៤ កញ្ញា លោកស្រីស្មីត នឹងធ្វើសន្និសីទកាសែតមួយទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី និងការប្រមូលព័ត៌មានស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជាលើកដំបូង។
សូមរំលឹកថា លោកស្រី រ៉ូណា ស្មីត ជាសាស្ត្រាចារ្យច្បាប់ជនជាតិអង់គ្លេសមួយរូប ដែលបន្តបេសកម្មពីលោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី ដែលចប់អាណត្តិ ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមិនាឆ្នាំ២០១៥ ដើម្បីតាមដាននិងរាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ