ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មណ្ឌល​សង្គម​កិច្ច​មាន​តួនាទី​សំខាន់ ​តែ​ត្រូវ​មាន​បទដ្ឋាន​គ្រប់​គ្រង​ច្បាស់​លាស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជធានី​ភ្នំពេញ​ រង​​ការ​រិះគន់​ថា ​បណ្តោយ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​ ដោយសារ​តែ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សុខុមាល​ភាព​អ្នក​ដែល​ត្រូវ​បាន​ចាប់​ទៅ​ដាក់​នៅ​ទីនោះ។ ​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អ្ន​កជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នោះ​ មាន​ការ​ត្អូញត្អែរ​កន្លង​មក​ ក៏​ដូចជា​បច្ចុប្បន្ន​ថា​មាន​ការ​ខ្វះ​ខាត​របប​អាហារ ​ថ្នាំ​សង្កូវ​ និង​ការ​ថែទាំវេ​ជ្ជសាស្ត្រ​មិន​​គ្រប់គ្រាន់​ រួម​ទាំង​ការ​គ្រប់​គ្រង​មាន​ភាព​មិន​ច្បាស់​លាស់។​

អ្នក​សុំទាន​ នៅ​តាម​ដងផ្លូវ​
អ្នក​សុំទាន​ នៅ​តាម​ដងផ្លូវ​ RFI
ផ្សាយពាណិជ្ជកម្ម

ការ​ស្លាប់​មនុស្ស​៣​នាក់​តែ​ក្នុ​ងរយៈ​ពេល​មិន​ដល់​១​ឆ្នាំ​ផង​នោះ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ ដែល​គ្រប់គ្រ​ងដោយ​មន្ទីរ​សង្គម​កិច្ច​ និង​សាលាក្រុង​ភ្នំពេញ​នោះ ​ត្រូវ​បាន​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​និង​សង្គ​មស៊ីវិល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ងាក​មក​មើល​តាម​ផ្លូវ​សាធារណៈ​វិញ​សកម្មភាព​សុំទាន​ លក់​ផ្កា​ វា​ប្រឈម​នឹង​ការ​បាត់​សណ្តាប់​ធ្នាប់​រាជ​ធានី ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ និង​ការ​ធ្វើ​ទុក​បុក​ម្នេញនា​នា។ ស្ថានការណ៍​នេះ​ ធ្វើ​ឲ្យ​ជន​អនាថា ​អ្នក​សុំទាន ​កំពុង​​ស្ថិត​ក្នុង​ស្ថានភាព​ «ចុះ​ទឹក​ក្រពើ​ ឡើង​លើ​ខ្លា»។​

តាម​ពិត​ការ​ប្រមូល​ផ្តុំ​ជន​អនាថា ​អ្នក​សុំទាន​ ជា​ដើម​នោះ​ដាក់​នៅ​កន្លែង​មួយ​ដែល​ជា​មណ្ឌល​អប់រំ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នោះ​ មិន​មាន​អ្វី​មិន​ល្អ​នោះ​ទេ ​ប្រទេស​ណាក៏​ដូច​ប្រទេស​ណា​ដែរ​ ពោល​គឺ​វា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ជីវភាព​និង​ជំនាញកា​រងារ​ដល់​ក្រុម​ជន​អនាថា។

​ក៏ប៉ុន្តែ​អ្វី​ដែល​បាន​បង្ហាញ​នូវ​រូបភាព​មិន​ល្អ ​សម្រា​ប់មណ្ឌល​ប្រមូល​ផ្តុំ​ជន​អនាថា​នៅ​កម្ពុជា​ជា​ពិសេស​មណ្ឌល​ព្រៃ​ស្ពឺ​នេះ ​គឺ​ការ​ធានា​នូវ​ដំណើរ​ការ​គ្រប់គ្រង​នៃ​មណ្ឌល​មិន​មាន​អ្វី​ច្បាស់​លាស់។ មិ​នច្បាស់​លាស់​ត្រង់​ថា ​ព័ត៌មាន​នានា​ដែល​ទាក់ទង​ទៅនឹង​ដំណើរ​ការ​ប្រព្រឹទ្ធ​ទៅ​របស់​មណ្ឌល​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ឡើយ។​

ការ​ស្លាប់​របស់ម​នុស្ស​ជា​បន្ត​បន្ទា​ប់នៅ​ក្នុង​មណ្ឌល​ប្រមូល​ផ្តុំ​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​បរិយាយ​ថា​មិន​ខុស​ពី​មន្ទីរ​ឃុំឃាំង​នោះ ​មិន​មែន​ជា​រឿង​ធម្ម​តាទេ​ ខណៈ​ដែល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​កន្លង​មក​រង​ការ​រិះគន់​និង​ស្នើ​ឲ្យ​មាន​ការ​បិទ​ទ្វារ​ជា​ច្រើន​លើក។​

ជា​ញឹកញយ​ការ​ប្រមូល​ផ្តុំ​ជន​អាណាថា​ អ្នក​សុំទាន ​ត្រូវ​គេ​ប្រទះ​ឃើញ​អាជ្ញាធរ​ ដើរ​ចាប់​គ្រប់​ច្រកល្ហក​នៅ​ពេល​ដែល​ប្រទេស​មាន​រៀបចំ​ពិធី​បុណ្យ​ធំ​ៗ​ម្តង​ៗ ​ឬ​ក៏​បើក​យុទ្ធនាការ​បោស​សំអាត​ជា​អចិន្ត្រៃយ៍​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ ​ហើយ​យក​ទៅ​ដាក់​នៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ស្ថិត​ជាយ​រាជធានី​ភ្នំពេញ ​ក្នុង​ខណ្ឌ​ពោធិសែន​ជ័យ។​ ក៏​ប៉ុន្តែ​ការ​រើ​បំរះ​ និង​រត់​ចេញ​ពី​ទី​នោះ​ ក៏​​កើត​​មា​នជា​ហូរ​ហែរ​ដែរ។ ការ​ដែល​មនុស្ស​មិន​មាន​ផ្ទះ​សម្បែង​ ស្នាក់​នៅ​តាម​សួន​ច្បារ​និង​ចិញ្ចើម​ថ្នល់​ មិន​សុខ​ចិត្ត​រស់នៅ​ក្នុង​មណ្ឌល​មួយ​ដែល​គ្រប់​គ្រង​ដោយ​មន្ត្រី​របស់​រដ្ឋ​ ពិត​ជា​មាន​ហេតុផល​របស់​ពួក​គេ។

​ការ​គ្រប់គ្រង​ជា​ទូទៅ​គឺ​ជា​ចំណុច​ដែល​ត្រូវ​បាន​លើក​ឡើង​ ហើយ​ត្រូវ​បង្ហើប​ជា​រឿយ​ៗ​ដោយ​ក្រុម​ជន​អនាថា ​ដែល​ធ្លាប់​បាន​ចូល​ទៅ​ក្នុង​នោះ ​ដូច​ជា​ខ្លាច​រអារ​នឹង​អំពើ​ហិង្សា​ ដែល​បង្ក​ឡើង​ដោយ​ជន​អនាថា​ដូច​គ្នា​ ដែល​មាន​សតិ​មិន​ល្អ​ ញៀន​ថ្នាំ​ ឬដោ​យ​បុគ្គលិក​បំរើ​ការងារ​នៅ​ទី​នោះ។

ក​ង្វះ​ខាត​សេវា​ថែទាំ​សុខភាព ​ជា​ហេតុផល​ចំបង​ ដែល​អ្នក​ជាប់​នៅ​ក្នុង​មណ្ឌល​នោះ​ស្ទើរ​តែ​ទាំង​អស់ត្រូវ​ប្រឈម​ ហើយ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូកា​លពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ម្សិលមិញ​ ត្រូវ​បាន​លើក​ឡើង​ថា​មនុស្ស​២​នាក់​ចុង​ក្រោយ​បាន​ស្លាប់​ដោយសារ​ជំងឺ។​

ដោយឡែក​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ទៀត​សោធ ប្រហែល​ជា​មិន​មាន​ទេ​ ឬ​ក៏​មាន​ច្បោល​ៗ​ ដែលជ​ន​អាណាថា​ជាប់​ឃុំក្នុង​មណ្ឌល​យល់​ថា ​មិន​អាច​យក​ទៅ​ប្រើ​ការ​បាន​នៅ​ក្នុង​សង្គម​ ឬ​ក៏​អាច​រក​ចំណូល​ចាញ់កា​រដើ​រ​សុំទាន​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ទីក្រុ​ងក៏​ថា​បាន។​

ដូច្នេះ​ដើម្បី​ឲ្យ​តំលៃ​ប្រជាជាតិ​មួយ​ សក្តិសម​ទៅ​នឹង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​រដ្ឋាភិបាល​មាន​មោទនភាព​ពី​កំណើន​សេដ្ឋកិច្ច​ល្អ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​អាជ្ញាធរ​គួរ​តែ​រៀបចំ​មណ្ឌល​ប្រមូល​ផ្តុំ​កំរិត​ស្តង់​ដារ​មួយ ​ឲ្យ​សមស្រប​តាម​ការ​វិវត្ត​របស់​​សង្គម​និង​ប្រទេស​ជាតិ។​

ការ​បង្កើន​ថវិកា​ចំណាយ​លើ​មណ្ឌល​ជន​អាណាថា ​ដើម្បី​ធានា​បាន​នូវ​របប​អាហារ​គ្រប់​គ្រាន់​ការ​បណ្តុះ​បណ្តាល​ពិត​ប្រាកដ​ គួរ​តែ​មាន​ការ​ពិចារណា ​ខណៈ​ដែល​គម្រោង​ចំណាយ​ថវិកា​ជាតិ​លើ​វិស័យ​សង្គម​កិច្ច​សម្រាប់​ឆ្នាំ​២០១៦​នឹង​កើន​ប្រមាណ​ជា​២០​% ​គឺ​ជាង​៤,២លាន​ លាន​រៀល។

ផ្តល់សេ​វា​ថែទាំ​សុខុមាល​ភាព​ឲ្យ​បាន​​ត្រឹមត្រូវ​ ទាំង​សេវាពេទ្យ​ចិត្ត​សាស្ត្រ​ និង​ពេទ្យ​ ពិនិត្យ​ព្យាបាល​ជំងឺ។ បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​មណ្ឌល។ សិក្សា​ពី​តម្រូវ​ការ​ចាំបាច់​របស់​ជន​ អាណាថា ​ដូចជា​ទីតាំង​ស្នាក់​នៅ​ បរិស្ថាន​ អនាម័យ ​មាន​ការ​បើក​ចំហរ​រួម​ទាំង​ផ្តល់​ការ​ វាយ​តម្លៃ​ ពី​សំណាក់​អង្គការ​និង​ដៃគូអ​ភិវឌ្ឍន៍​នានា ​ដែល​មាន​សមានចិត្ត​ក្នុង​ការ​ជួយ​លើក​ស្ទួយ
​ការងារ​សង្គម​កិច្ច​នេះ​ជា​ដើម។

​ប្រសិន​បើ​ធ្វើ​បាន​ដូច្នេះ ​នោះ​គ្មាន​អ្នក​ណាច​ង់ចេ​ញម​ក​ក្រៅ​ដើម្បី​រស់នៅ​ក្នុង​សភាព​វេទនា ​ដើរ​ត្រាច់ចរ​សុំទាន​គេ ​គ្មាន​គោល​ដៅ ​ហើយ​អ្វី​ដែល​​រដ្ឋាភិបាល​ចង់​បាន​នោះ​គឺ​សណ្តាប់​ធ្នាប់​ សោភ័ណ្ឌភាព ​រួម​ទាំង​មុខមាត់​ប្រទេស​នឹង​មាន​ផល​វិជ្ជមាន​ទៅ​តាម​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត