សង្គមស៊ីវិល៖ ការសម្លាប់គ្នាបង្កឡើងដោយជនជាតិចិនជារូបភាពមិនល្អសម្រាប់សង្គមកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ហេតុការណ៍ជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ហើយត្រូវគេបង្ហាញឃ្លីបវីដេអូជាសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកតាមដានសង្គម មើលឃើញថា វាជារូបភាព ដែលបង្ហាញពីសច្ចៈភាពសង្គម ខណៈដែលអាជ្ញាធរថាបញ្ហាចិននៅខេត្តព្រះសីហនុ អាចដោះស្រាយបាន។
ករណីជនជាតិចិន បានបាញ់សម្លាប់គ្នានៅក្នុងរថយន្ត ហើយធាក់ទំលាក់សាកសពចេញមកក្រៅ នៅតាមទីសាធារណៈ នៅខាងមុខសណ្ឋាគាខ្សាច់ស ខេត្តព្រះសីហនុ ដោយមិនមានខ្លាចរអារអ្វីនោះ គឺជាករណីចុងក្រោយមួយ ដែលបង្ហាញពីរូបភាពហឹង្សារ ជារូបភាពដែលពលរដ្ឋខ្មែរធ្លាប់តែឃើញនៅក្នុងភាពយន្តចិនជាច្រើនទសវត្សមកហើយ។
ករណីនេះ បានរងនូវការចោទសួរ និងរិះគន់យ៉ាងច្រើនពីមហាជន តាមរយៈបណ្តាញសង្គម នូវសំណួរទៅកាន់អាជ្ញាធរខ្មែរ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ។ ភាគច្រើននៃចំងល់ទាំងនោះ គឺផ្តោតទៅលើថា ជនបរទេសដូចជាជនជាតិចិនពេលនេះ តើបានអាវុធពីណាយកមកប្រើ ដើម្បីបាញ់បោះ កាប់សម្លាប់គ្នាក្នុងដែនដីដែលគ្រប់គ្រងដោយរដ្ឋបាលខ្មែរ ប្រទេសខ្មែរ?
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ដែលជាអ្នកតាមដានសង្គមមួយរូប ចាប់អារម្មណ៍ និងទទួលស្គាល់ថានៅប្រទេសណាក៏មានបទល្មើសកើតឡើងដែរ តែជនជាតិចិន ដែលជាជនបរទេសមកសម្លាប់មនុស្សដោយមិនខ្លាចច្បាប់បែបនេះ វានឹងជះឥទ្ធិពលមិនល្អជាច្រើនដល់យុវជន និងសង្គមខ្មែរ។ លោកថាសកម្មភាពបាញ់សម្លាប់គ្នារវាងជនជាតិចិនបែបនេះ បានក្លាយពីតថភាព ទៅជាសច្ចៈភាពនៃសង្គមខ្មែរបច្ចុប្បន្ន ដ៏គួរឲ្យមានការព្រួយបារម្ភ។
ជាការកត់សម្គាល់ ចាប់តាំងពីមានការវិនិយោគយ៉ាងគំហុក នៅខេត្តព្រះសីហនុមក តាំងពីឆ្នាំ២០១៨ បញ្ហាដែលបានកើតឡើងជុំវិញជនជាតិចិននេះ រួមមាន ការជាប់ជំរិតតាមប្រព័ន្ធអនឡាញ ការបង្កគ្រោះថ្នាក់ចរាចរណ៍ ការបើកបនស្រីបំរើផ្លូវភេទ ក្រោមរូបភាព ម៉ាស្សា និងការសរសេរអក្សរខ្មែរខុស ដាក់តាមឡូហ្គោ ក្រុមហ៊ុន និងភោជនីយដ្ឋាននានាជាដើម។
ទោះយ៉ាងណា អាជ្ញាធរខេត្តព្រះសីហនុ តែងអះអាងម្តងហើយម្តងទៀតថា បញ្ហាជនជាតិចិន អាជ្ញាធរ នៅតែគ្រប់គ្រងសភាពការណ៍បាន ខណៈខេត្តជាប់មាត់សមុទ្រមួយនេះកំពុងទទួលនូវការអភិវឌ្ឍ។
តាមរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បង្ហាញថា ជនជាតិចិនជាសញ្ជាតិដែលរងគ្រោះច្រើនជាងគេរយៈពេលត្រីមាសទី១ឆ្នាំ២០១៩នេះ គឺមានចំនួន ៩៨នាក់ បារាំង១២នាក់ អង់គ្លេស១១នាក់ អាល្លឺម៉ង់០៩នាក់ អាមេរិក៧នាក់។
សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេ គឺជនជាតិចិន មានចំនួន២៤១នាក់ តាមពីក្រោយដោយ វៀតណាមចំនួន៤៩នាក់ ថៃ២៦នាក់ កូរ៉េខាងត្បូងចំនួន ០៤នាក់ អាមេរិកចំនួន០៣នាក់។ ភូមិសាស្ត្រដែលកើតឡើងច្រើនជាងគេ គឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ