ហ្វេសប៊ុក​ ឆ្លុះ​បញ្ចាំង​ពី​ភាព​ប្រេះឆា​ក្នុង​សង្គម​ខ្មែរ

សំឡេង ០៤:២៦
បណ្តាញ​សង្គម​ហ្វេសបុក​ ជា​កន្លែង​ប្រមូល​ផ្តុំ​មតិ​ជា​សាធារណៈ។​
បណ្តាញ​សង្គម​ហ្វេសបុក​ ជា​កន្លែង​ប្រមូល​ផ្តុំ​មតិ​ជា​សាធារណៈ។​ REUTERS/Regis Duvignau/Files

សង្គ្រាម​សំណេរ​នៅ​តាម​បណ្ដាញ​សង្គម​ រិះគន់​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​បាន​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​សប្ដាហ៍​នេះ​។ គឺ​ខ្លាំង​រហូត​ជំរុញ​ឲ្យ​ជន​មិន​ស្គាល់​មុខ ដុត​បំផ្លាញ​ខ្លោង​ទ្វារ​នោះ កាល​ពី​យប់​អាធ្រាត​ឈាន​ចូល​ថ្ងៃ​អង្គារ​។ បណ្ដាញ​សង្គម ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​ជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​សង្គម​កម្ពុជា​។ តើ​បណ្ដាញ​សង្គម​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ប្រេះឆា​ឬ​យ៉ាង​ណា​? ឬ​ថា កម្ពុជា​ប្រេះ​ឆា​រួច​ជា​ស្រេច​ទៅ​ហើយ​?

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ជាង​​១លាន៤សែន​នាក់​។ ចំនួន​នេះ ស្មើ​នឹង​១០​ភាគ​រយ នៃ​ប្រជាជន​សរុប​របស់​កម្ពុជា​។ នេះ​បើ​តាម​ស្ថិតិ ចុះ​ផ្សាយ​ដោយ​គេហទំព័រ Geeks in Cambodia នៅ​ក្នុង​ឆ្នាំ​២០១៤​។ ហ្វេសប៊ុក មាន​លក្ខណៈ​សេរី និង​ទូលំទូលាយ​។ វា​បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់ ដែល​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​ដើម្បី​អនុវត្ត​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ។ ជនជាតិ​ខ្មែរ​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ មាន​ភាព​ក្លាហាន ក្នុង​ការ​បង្ហាញ​ពី​ការ​យល់ឃើញ ក៏​ដូច​ជា​និន្នាការ​នយោបាយ​របស់​ខ្លួន​យ៉ាង​បើក​ចំហ​។ ​គំនិត​គាំទ្រ ឬរិះគន់​គណបក្ស​ណាមួយ​ ត្រូវ​បាន​បញ្ចេញ​​មក​ក្រៅ​ដោយ​ឥត​លាក់លាម តាម​រយៈ​ក្ដារ​ចុច​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​។

ជាការពិត ​នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ​នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​កម្ពុជា​។ អ្វី​ដែល​ប្លែក​នោះ​ គឺ​ការ​ប្រកាន់​ជំហ​ជ្រុល​និយម​រៀងៗ​ខ្លួន​ របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​។ ជា​រឿយ​ៗ ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​​ប្រឆាំង​មួយ​ចំនួន​ធំ ​បាន​ជ្រើស​យក​ទស្សនៈ​អញ​និយម​មក​ដាក់​ក្នុង​ខ្លួន​។ ទស្សនៈ​អញ​និយម​ដែល​យល់​ថា អ្វី​ៗ​ដែល​ជា​របស់​អញ ឬ​អ្វី​ៗ​ដែល​អញ​ស្រឡាញ់​ពេញ​ចិត្ត គឺ​សុទ្ធ​តែ​ត្រូវ​ល្អ​ឥត​ខ្ចោះ​។ ហើយ​ទង្វើ ឬ​កម្មសិទ្ធិ​គ្រប់​យ៉ាង​របស់​គូ​សត្រូវ​​ខ្លួន គឺ​សុទ្ធ​តែ​អាក្រក់​រក​លេខ​ដាក់​គ្មាន​។

នៅ​ពេល​ដែល​អ្នក​នយោបាយកម្ពុជា​រក្សា​ភាព​​ស្ងប់ស្ងាត់​ និង​នៅ​ពេល​ដែល​គ្មាន​បាតុកម្ម​ប្រឆាំង​បែប​ចេញ​មុខ អ្នក​គាំទ្រ​នយោបាយ​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដើម្បី​បង្ហាញ​ពី​ទស្សនៈ​អញ​និយម និង​ជំហ​ជ្រុល​និយម។ អ្នក​ជ្រុល​និយម​អស់ទាំង​នេះ អាច​បង្កើត​សង្គ្រាម​ក្ដារ​ចុច​បាន​គ្រប់​ពេល​ទាំង​អស់​ តាម​រយៈ​ការ​រិះគន់ឈ្នានីស​។ ហើយ​ការ​រិះគន់​នេះ​ទៀត​សោត មិន​មែនធ្វើ​ឡើង​ចំពោះ​រឿង​នយោបាយ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ចំពោះ​គ្រប់​វិស័យ​ទាំង​អស់​។

ករណី​​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ជា​ឧទាហរណ៍​ថ្មី​បំផុត ដែល​កើត​ឡើង​ដោយ​សារ​ភាព​ជ្រុល​និយម​។ ខ្លោង​ទ្វារនេះ ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​​ថា គ្មាន​រចនាបទ​ជា​ខ្មែរ តែ​បែរ​ជា​មាន​សណ្ឋាន​ដូច​រចនាបទ​វៀតណាម​និង​ចិន​ទៅ​វិញ​។ រូបភាព​ត្រូវ​គេ​បង្ហោះ​ត​ៗ​គ្នា​។ បុគ្គល​មួយ​ចំនួន​ថែម​ទាំង​បាន​បង្កើត​យុទ្ធនាការ​ប្រឆាំង​អង្គរ​សង្ក្រាន្ត មិន​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​សារ​តែ​ខ្លោង​ទ្វារ​នេះ​ថែម​ទៀត​ផង​។ សង្គ្រាម​សំណេរ​នៅ​តាម​បណ្ដាញ​សង្គម​ឡើង​កំដៅ រហូត​ធ្វើ​ឲ្យ​ខ្លោង​ទ្វារ​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​នោះ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​កាល​ពីយប់​អាធ្រាត​ឈាន​ចូល​ថ្ងៃ​អង្គារ​។

តើ​ដោយ​សារ​តែ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឬ ដែល​ធ្វើ​ឲ្យ​រឿង​នេះ​រីក​ធំ​ឡើង​ៗ រហូត​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែក​បាក់​ប្រេះឆា​​​? ឬ​ថា​សង្គម​ខ្មែរ​​ប្រេះ​ឆា​រួច​ស្រេច​ទៅ​ហើយ​?

មែន​ទែន​ទៅ ភាព​ប្រេះឆា​នៅ​ក្នុង​សង្គម​ខ្មែរ មាន​តាំង​ពី​យូរ​មក​ហើយ ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣​។ ហ្វេសប៊ុក គ្រាន់​តែ​ដើរ​តួ​ជា​សង្វៀន​​ប្រដាល់​​សាធារណៈ ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទំនាស់ ឡើង​មក​ប្រកួត​គ្នា​ដោយ​សេរី​តែ​ប៉ុណ្ណោះ​។ ចំណែក​លទ្ធផល​ឈ្នះ​ចាញ់​យ៉ាង​នា វា​អាស្រ័យ​លើ​បំណិន​ប្រសព្វ​នៃ​សំណេរ​រិះគន់​លាប​ពណ៌​របស់​ភាគី​ម្ខាង​ៗ​។ ប៉ុន្តែ សួរ​ថា​តើ​ទង្វើ​អស់​ទាំង​នេះ វា​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ ក្រៅ​តែ​ពី​ភាព​បែក​បាក់ ប្រេះ​ឆា​?

ការ​រិះគន់ ដូច​ដែល​បាន​លើក​ឡើង​ពី​ខាង​ដើម​អ៊ីចឹង ថា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ការ​រិះគន់​ដែល​មាន​ប្រយោជន៍ និង​មាន​តម្លៃ គឺ​ត្រូវ​តែ​ជា​ការ​រិះគន់​ស្ថាបនា ដែលផ្អែក​លើ​ការ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ និង​មាន​បង្ហាញ​ពី​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​។ ចំណែក​អ្នក​ដែល​រង​ការ​រិះគន់​ទៀត​សោត ក៏​ត្រូវ​ទទួល​យក​គំនិត​រិះគន់​ស្ថាបនា​នោះ ទៅ​ពិចារណា ដើម្បី​កែ​លម្អ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ផង​ដែរ​​​។ គួរ​ឲ្យ​សោក​ស្ដាយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​មិន​ទាន់មាន​ទំលាប់​ដ៏​ល្អ​ទាំង​នេះ​នៅ​ឡើយ​។

ជា​ថ្មី​ម្ដង​ទៀត បណ្ដាញ​សង្គម មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បែកបាក់​ប្រេះ​ឆា​ឡើយ​។ ស្នាម​ប្រេះ​ឆា​មាន​រួច​ស្រេច​ទៅ​ហើយ​។ ខណៈ​ដែល​សង្គម​ខ្មែរ​នៅ​ក្រោម​សម្ពាធ​ភាព​ជ្រុល​និយម ហ្វេសប៊ុក​បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​ដែល​ធ្វើ​ឲ្យ​សង្គម​នេះ រហែក​ចេញ​ពី​គ្នា​កាន់​តែ​លឿន​រហ័ស​។ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា ដែល​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​បែក​បាក់​នោះ​ទេ​។ ហេតុ​ដូច្នេះ មិន​ថា​នៅ​តាម​បណ្ដាញ​សង្គម ឬ​នៅ​ក្នុង​ជំនួប​ផ្ទាល់​ទេ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប គួរ​តែ​ជម្រុះ​ចោល​នូវ​ភាព​ជ្រុល​និយម ហើយ​ងាក​មក​ប្រកាន់​យក​វប្បធម៌​សន្ទនា​គ្នា​ដោយក្ដី​​គោរព។ ការ​រិះ​គន់​ឈ្នានីស និង​ការ​​​លាប​ពណ៌​គួរ​តែ​បញ្ចប់ ជំនួស​មក​វិញ​នូវ​ការ​រិះគន់​ស្ថាបនា ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ទើប​ជា​ការ​ប្រសើរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI