អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ខ្វះ​ភាព​«ស៊ីវិល័យ»​​

សំឡេង ០៤:៤៤
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ដោយ៖ ប៉ែន បូណា

​​នៅ​ក្នុង​​​ប្រទេស​​មួយ ​រដ្ឋាភិបាល​​​ជា​​​អ្នក​​​កាច់​​​ច​ង្គូត​​​នាវា ​​ចំណែក​​​ពលរដ្ឋ​​​គ្រប់​​គ្នា​​​គឺ​​ជា​​​អ្នក​​​​ជួយ​​​​ចូក​​ចែវ​​​ឲ្យ​​​នាវា​​​នោះ​​​ធ្វើ​​ដំណើរ​​​លឿន​​​ទៅ​មុខ​។​ ​​ប៉ុន្តែ ​​ទម្លាប់​​​អាក្រក់​​​របស់​​​មន្ត្រី​​​និង​​​​​ពល​រដ្ឋ​​​ខ្មែរ​​​មួយ​​ចំនួន​​​កំពុង​​​ធ្វើ​​​ឲ្យ​​​​ប្រទេស​​ជាតិ​​​បាត់​​បង់​​​សណ្តាប់​​ធ្នាប់​ ​និង​​​ធ្វើ​​​ឲ្យ​​​នាវា​​​កម្ពុជា​​​​ពិ​បាក​​​​តាម​​​ទាន់​​​គេ​​​ក្នុង​​​តំបន់។​​ ដោយ​​​គ្រាន់​​តែ​​សង្កេត​​មើល​​​ចរាចរណ៍​​​តាម​​​ដង​​ផ្លូវ​​ និង​​​ការ​​​បោះ​​​​សំ​រាម​​​តាម​​​ទី​សាធារណៈ​​​ជា​​​រៀង​​រាល់​​ថ្ងៃ​​​ឬ​​ក៏​​​ក្នុង​​អំឡុង​​ពេល​​​ ​បុណ្យ​​ធំ​ម្តងៗ ​​គេ​​​អាច​​​​យល់​​បាន​​​អំពី​​​កង្វះ​​​ភាព​​«ស៊ី​វិ​ល័យ»​​របស់​​​សង្គម​​​ខ្មែរ​​។ ​​ដូច្នេះ ​​ដល់​​ពេល​​​ហើយ​​​ដែល ​​ខ្មែរ​​​​គួរ​​​ភ្ញាក់​​រលឹក​​​កែ​​ប្រែ​​​ទម្លាប់​​​មិន​​ល្អ​​​ទាំង​​ឡាយ​​​នោះ​​​ជា​​បន្ទាន់​។​​​​​

ផ្សាយពាណិជ្ជកម្ម

សណ្តាប់​ធ្នាប់​​ចរាចរណ៍​​នៅ​តាម​​ដង​ផ្លូវ​ ក៏​ដូចជា​​របៀប​រៀប​រយ​​នៅ​តាម​​​ទី​សាធារណៈ​ផ្សេងៗ​ដែរ​​នៅ​តែ​​ជា​​បញ្ហា​​គួរ​​ឲ្យ​​ឈឺ​ក្បាល​​ដដែល។​ អ្នក​បើកបរ​​ជា​ច្រើន​​នៅ​តែ​​មិន​​ខ្ចី​​រវល់​​នឹង​​ច្បាប់​​​ចរា​ចរ​ណ៍។​ ការ​បើកបរ​​ឆ្លង​កាត់​​ភ្លើង​​ក្រហម​ ឈប់​​លើ​​គំនូស​​ផ្លូវ​​ដែល​​អ្នក​​ថ្មើ​​ជើង​​ឆ្លង​កាត់ ​បើក​បរ​​ឆ្លង​​គំនូស​​ទ្រូង​ផ្លូវ​​ឬ​​បើក​​ចំ​​កណ្តាល​​គំនូស​​ពណ៌​​ស​​ដោយ​​មិន​​ខ្វល់​​ពី​​អ្នក​​នៅ​​ពី​ក្រោយ​។ ​អ្នក​ខ្លះ​​ឈប់​​ចាំ​​បត់​​ឆ្វេង​​នៅ​​ចំ​ផ្លូវ​ដែល​ត្រូវ​ទៅមុខ​ត្រង់ ឬ​អ្នក​ខ្លះទៀត​ចូលក្នុង​ជួរ​ដែល​ត្រូវ​បត់​ឆ្វេង​ខណៈ​ដែល​​ខ្លួន​ត្រូវ​ទៅ​ត្រង់​សោះ...។

នៅតាម​ទីសាធារណៈ​វិញ សំរាម​នៅតែ​ត្រូវគេ​បោះចោល​ដោយ​គ្មាន​របៀបរៀបរយ។ ដប​ទឹក​ឬ​កាកសំណល់​ចំណីអាហារផ្សេងៗត្រូវបាន​អ្នកធ្វើដំណើរ​តាម​រថយន្ត​ខ្លះ​បោះចោល​ទៅលើ​ដងផ្លូវ​យ៉ាង​ងាយ។ ​នៅតាម​​សួនច្បារ​សាធារណៈ​ក៏​សម្បូរ​សំរាម​ណាស់ដែរ​ទោះបី​​ជា​មាន​​​ធុង​សំរាម​​នៅ​ទី​នោះ​​ក៏ដោយ។​ ងាក​​ទៅ​មើល​ទីជនបទ​ឯណោះ​វិញ អ្នកខ្លះ​ចូលចិត្ត​បបួលគ្នា​ជួប​ជុំ​​ផឹកស្រា​ស្រវឹង​​អួទីនួ រួច​ហើយ​​ឈ្លោះ​ប្រកែក​​គ្នា ​មក​ដល់​​ផ្ទះ​រក​រឿង​វាយ​​ប្រពន្ធ​​កូន​។​

​អ្នក​ខ្លះ​​ទៀត​​ជក់​​នឹង​ល្បែងស៊ីសង បៀរ អាប៉ោង កន្ទុយលេខ ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់កាស​និង​ពេលវេលា​ឥតប្រយោជន៍។ នៅឯ​ទីក្រុង​ក៏​មិន​ណ​យ​ដែរ៖ ស្រី ស្រា ល្បែង នៅតែ​​ជា​​ត្រី​មុខ​​របស់​​​មនុស្ស​ជាច្រើន។ ​ទាំងអស់​នេះ​សុទ្ធសឹង​​ជា​​ទម្លាប់​មិនល្អ​​ដែល​​ត្រូវតែ​​កែ​​ប្រែ​ជា​​ចាំ​បាច់​​ពី​ព្រោះ​​ទម្លាប់​​ទាំងនេះ​​ជា​​ប្រភព​​នៃ​ភាព​ក្រីក្រ​​ផង ​ជា​​ប្រភព​​នៃ​បញ្ហា​​ចាក់​ស្រេះ​​ក្នុង​សង្គម​​​ផង​ និង​​ក៏​ជា​ឧបសគ្គ​រារាំង​សង្គម​មិនអាច​ក្លាយជា​ប្រទេស«ស៊ី​វិ​ល័យ»និង​នីតិរដ្ឋ​បានឡើយ។
ជាការ​ពិតណាស់ ប្រទេសមួយ​ដែល​អាច​ជឿនលឿន​ទៅមុខ​បាន​ឆាប់រហ័ស​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ អាស្រ័យ​ដោយ​កត្តា​សំខាន់​ពីរ​រួមផ្សំ​គ្នា​មិនអាច​ខ្វះ​បាន៖ទី១គឺ​ដោយសារ​មាន​អ្នក​ដឹកនាំ​ល្អ​គឺ​អ្នកដឹកនាំ​ដែលមាន​គុណធម៌ ព្រហ្ម​វិហារធម៌ និង​វៀងវៃ​ក្នុងការ​កាច់ចង្កូត​ប្រទេស​​ឆ្ពោះទៅកាន់​ផ្លូវត្រូវ។ និង​ទី២ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ល្អ​ពោល​គឺជា​ប្រជា​ពលរដ្ឋ​​ដែល​មាន​កម្រិត​ចេះដឹង​ខ្ពស់ ឧស្សាហ៍​ព្យាយាម និង​ចេះ​គោរព​ច្បាប់ទម្លាប់​ផ្សេងៗ​របស់​​ប្រទេស​បានល្អ។

វា​មិន​ខុស​អ្វី​ពី​គ្រួសារ​មួយ​ដែល​មានកូន​ល្អ​ប្រប​កដោយ​គន្លង​ធម៌​ហើយ​អាចជួយ​លើកមុខ​មាត់​កិត្តិយស​គ្រួសារ​បាន​នោះទេ។ នៅក្នុង​ប្រទេសមួយ​ក៏​ដូចគ្នា​ដែរ ពលរដ្ឋ​ល្អ​អាចជួយ​លើកមុខ​មាត់​ប្រទេសជាតិ​បាន។ បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រទេសជាតិ យ៉ាងហោចណាស់​បើ​គ្រាន់តែ​កុំ​បង្កបញ្ហា​ដល់​សង្គម​ក៏​ចាត់ទុកជា​រឿង​ល្អ​មួយ​ទៅហើយ។ ប៉ុន្តែ បច្ចុប្បន្ន ទាំង​រដ្ឋាភិបាល​ដែល​កំពុង​កាច់ចង្កូត​ប្រទេស ទាំង​អ្នកនយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែរ នៅមាន​ទម្លាប់​ដឹកនាំ ទម្លាប់​ធ្វើ​នយោបាយ និង​ទម្លាប់​នៃ​ការប្រព្រឹត្ត​ខុសឆ្គង​ជាច្រើន។

មាន​មូលហេតុ​ច្រើនយ៉ាង​ណាស់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​សភាព​បែបនេះ។ មូលហេតុ​សំខាន់​ជាងគេ​មួយ​គឺ​សង្គ្រាម​ដែល​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​និង​ធ្វើ​ឲ្យ​មាន​ភាពក្រីក្រ។ ភាពក្រីក្រ​និង​ការបាក់​ស្បាត​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្មាន​ពេល​រៀនសូត្រ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឡើយ។ មួយថ្ងៃៗ ពួកគេ​គិតតែ​ពី​បញ្ហា​ក្រពះ ដោយ​ទុក​បញ្ហា​សីលធម៌​និង​សុជីវធម៌​មួយអន្លើ។​

ចុងក្រោយ​នេះ ប្រទេសជាតិ​បាន​ស្គាល់​សន្តិភាព ប្រជាជន​ក៏មាន​ជីវភាព​ប្រសើរ​ជាបណ្តើរៗ ប៉ុន្តែ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​នៅតែ​បន្ត​កើតមាន​នៅឡើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ពិបាក​នឹង​ចាក​ចេញពី​ភាពក្រីក្រ( ទាំង​ទ្រព្យសម្បត្តិ និង​ស្មារតី)។ ម្យ៉ាងទៀត គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ដែល​កាន់តែ​រីកធំឡើង​ជា​លំដាប់​នោះ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ខ្លួន​នៅតែ​ក្រ​ដដែល​បើទោះជា​ជីវភាព​របស់​ពួកគេ​ប្រសើរ​ជាង​មុន​ខ្លះ​ក្តី​ពីព្រោះ​ពួកគេ​តាម​មិនទាន់​អ្នកមាន។ ចំណែកឯ​អ្នកមាន​ប្រាក់​និង​មានអំណាច​ខ្លះ​ក៏​បែរជា​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ខុស​ទំនង​ហើយ​ធ្វើខ្លួន​ជា​មនុស្ស​ទំនើង​មិន​គោរព​ច្បាប់​និង​ខ្វះ​សុជីវធម៌​ទៅ​វិញ​។

ទម្លាប់​អាក្រក់​ទាំងនេះហើយ​ដែល​បង្កើតបានជា​ជំងឺ​សង្គម​ហើយ​ឆ្លង​រាលដាល​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​ពិបាក​កែប្រែ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​កែ​ទម្លាប់​អាង​ក្រក់​ទាំងនោះ​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​របស់​សង្គម។ អ្នក​ដែល​ត្រូវ​ផ្តើម​មុនគេ​គឺ«លោកធំ»និង​អ្នកមាន​ឥទ្ធិពល​​ក្នុងសង្គម​ដែល​ត្រូវធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ ទាំង​សីលធម៌ សុជីវធម៌ និង​ការគោរព​ច្បាប់​ដើម្បី​​កសាង​សង្គម​ខ្មែរ​ឲ្យ​ក្លាយជា​សង្គម«ស៊ី​វិ​ល័យ»៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ