លោក សុខ ឥសាន៖ លោក សម រង្ស៊ី កំពុងភ័យខ្លាំងខ្លាចលោក កឹម សុខា បែកពីខ្លួនទៅបង្កើតបក្សថ្មី
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានចេញមកច្រានចោលនូវការចោទប្រកាន់ដែលថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងបំបែកបំបាក់លោកកឹម សុខា ពីលោកសម រង្ស៊ី។ ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ពីលោក សម រង្ស៊ី ។ ប៉ុន្តែលោកសុខ ឥសាន ថា លោកសម រង្ស៊ី កំពុងតែភ័យខ្លាចលោកកឹម សុខា បែកពីខ្លួនទៅបង្កើតគណបក្សថ្មី ទើបនិយាយបែបនេះ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោក សម រង្ស៊ី កំពុងតែភ័យខ្លាចលោកកឹម សុខា បែកចិត្តទៅបង្កើតគណបក្សថ្មី ឫ ទៅដឹកនាំគណបក្សសិទ្ធិមនុស្សរបស់លោកវិញ បើសិនលោកកឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយនោះ។ សម្រាប់លោកសុខ ឥសាន នៅពេលនេះ លោកសម រង្ស៊ី កំពុងភិតភ័យខ្លាំងណាស់ពីរឿងហ្នឹង ទើបបានជាប៉ុន្មានថ្ងៃនេះ លោកសម រង្ស៊ីនិយាយដដែលជាដដែលថា សម រង្សី និង កឹម សុខា ជាមនុស្សតែមួយមិនដាច់ពីមាត់បែបនេះ។
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៧ វិច្ឆិកា បានអះអាងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានបំណងបំបែកលោកកឹម សុខា ចេញពីលោក។ លោកថា ការបាក់បែកគ្នារវាងលោក និង លោកកឹម សុខា គឺជាអ្វីដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនចង់បាន និងថា លោកកឹម សុខា នឹងត្រូវដោះលែងឱ្យមានសេរីភាព បើសិនលោកកឹម សុខា ព្រមបែកពីរូបលោក ឫក៏បំភ្លេចអតីតគណបក្សសង្រ្គោះជាតិ ទៅបង្កើតគណបក្សថ្មី ឫទៅដឹកនាំគណបក្សសិទ្ធិមនុស្សវិញ។ តែទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា រូបលោក និងលោកកឹម សុខា មិនបែកបាក់គ្នាតាមការចង់បានរបស់លោកហ៊ុន សែនឡើយ។
ប៉ុន្តែលោកគឹម សុខ អ្នកវិភាគនយោបាយកម្ពុជា យល់ថា សារនយោបាយដែលថា លោកសម រង្ស៊ី និងលោកកឹម សុខា ជាមនុស្សតែមួយនេះ គឺមានតែទ្រឹស្តីប៉ុណ្ណោះ ពីព្រោះលោកសម រង្ស៊ី មិនបានចូលខ្លួនមកសម្របសម្រួលការខ្វែងគំនិតគ្នានៃផ្ទៃក្នុងអតីតបក្សប្រឆាំងឡើយ ខណៈលោកកឹម សុខា មិនអាចធ្វើអ្វីបាន។ ទោះជាអះអាងបែបនេះក្តី ក៏លោកគឹម សុខ មើលឃើញថា លោកកឹម សុខា មានជំហររឹងមាំជាងលោកសម រង្ស៊ីចំពោះសម្ព័ន្ធភាពមួយនេះ បើទោះបីលោកមិនអាចនិយាយអ្វីបានព្រោះជាប់បម្រាមធ្វើនយោបាយ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី និង លោកកឹម សុខា មិនអាចទាក់ទងគ្នាបានទេ ដោយសារតែលោកកឹម សុខា កំពុងស្ថិតក្រោមការឃ្លាំមើលពីសំណាក់តុលាការកម្ពុជា និងហាមមិនឱ្យធ្វើនយោបាយ។ កាលពីថ្ងៃព្រហស្បតិ៍ លោកមុត ចន្ថា នាយកខុទ្ធកាល័យលោកកឹម សុខា និង មេធាវីលោកកឹម សុខា សុទ្ធតែចេញមកទាត់ចោលនូវព័ត៌មានដែលថា លោកសម រង្ស៊ី និង លោកកឹម សុខា ទាក់ទងគ្នាតាមទូរស័ព្ទ។ តាមពួកគេ ការប្រឌិតព័ត៌មានបែបនេះ គឺមានចេតនាទុច្ចរិតមកលើលោកកឹម សុខា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ