លោក សុខ ឥសាន៖ អ្នកតាំងខ្លួនព្រួយបារម្ភពីការបាត់ EBA គឺ ចង់បំផ្លាញសន្តិភាពនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានអះអាងឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា អ្នកដែលកំពុងមានការព្រួយបារម្ភពីបញ្ហាបាត់ប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា គឺកំពុងតែចង់បំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាទៅវិញ។ ការអះអាងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងតែពិនិត្យរបាយការណ៍ការពារខ្លួនចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជា មុនឈានទៅសម្រេចដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។
គឺតាមរយៈបណ្តាញសង្គមតេឡេក្រាម(Telegram) លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា អ្នកតាំងខ្លួនថាព្រួយបារម្ភពីការបាត់EBA គឺកំពុងបំភិតបំភ័យសង្គម និង ចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកថែមទាំងបញ្ជាក់ទៀតថា អ្នកដែលដកប្រព័ន្ធEBA ពីកម្ពុជា គឺជាអ្នករំលោភសិទ្ធិមនុស្សលើកម្មករនិយោជិតកម្ពុជា និងប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់។
ការគូសបញ្ជាក់របស់លោកសុខ ឥសាន នាពេលនេះ ទំនងជាចង់ឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ជាពិសេស គឺអតីតគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលបានសម្តែងនូវការព្រួយបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA។ តាមពួកគេខ្លះ បើសិនជាកម្ពុជាបាត់ប្រព័ន្ធអនុគ្រោះពន្ធEBAមែននោះ គឺវាប៉ះពាល់ខ្លាំងលើកម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ។ បន្ថែមលើនេះ កម្ពុជាក៏ត្រូវខាតបង់ទឹកប្រាក់ជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗផងដែរ។
គួរបញ្ជាក់ថា តាមនីតីវិធី សហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចមួយនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខថា តើត្រូវដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។ ប៉ុន្តែ នៅពេលនេះ គណៈកម្មការអឺរ៉ុបកំពុងពិនិត្យរបាយការណ៍ការពារខ្លួនចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាស្តីពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលរងការចោទប្រកាន់ថា បានដើរថយក្រោយ។ អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជានៅមានពេលវេលានៅឡើយក្នុងការធ្វើគ្រប់បែបយ៉ាងតាមការចង់បានរបស់សហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការដកប្រព័ន្ធអនុគ្រោះពន្ធEBA។
កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ អនុប្រធានគណៈកម្មការអឺរ៉ុបក៏បានរំលឹកពីបញ្ហានេះដល់រដ្ឋាភិបាលកម្ពុជាផងដែរ។ អនុប្រធានគណៈកម្មការអឺរ៉ុបបានលើកឡើងពីសារៈសំខាន់របស់អាជ្ញាធរកម្ពុជា ដែលត្រូវចាត់វិធានការជាបន្ទាន់ក្នុងការបើកចំហរបរិយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ដ៏គួរឱ្យទុកចិត្តមួយសម្រាប់គណបក្សប្រឆាំង និងដើម្បីផ្តួចផ្តើមដំណើរការផ្សះផ្សាជាតិតាមរយៈការសន្ទនាពិតប្រាកដមួយ។
ប៉ុន្តែ លោកសុខ ឥសាន បានអះអាងថា អ្វីដែលរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាធ្វើ គឺជារឿងត្រឹមត្រូវ។ លោកសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាមានមាគ៌ានយោបាយត្រឹមត្រូវ មានសតិអារម្មណ៏បម្រើជាតិ និងប្រជាជនរឹងមាំ និង មានការចាត់តាំងអនុវត្តឈ្លាសវៃស្របតាមសភាពការណ៍ជាក់ស្តែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ