លោក សុខ ទូច ដែលរងការគំរាមបាញ់សម្លាប់ រក្សាជំហរមិនប្ដឹង

បណ្ឌិត សុខ ទូច ដែលជាអ្នកដឹកនាំការស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា វៀតណាម នៅរាជបណ្ឌិតសភាកម្ពុជា។
បណ្ឌិត សុខ ទូច ដែលជាអ្នកដឹកនាំការស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា វៀតណាម នៅរាជបណ្ឌិតសភាកម្ពុជា។

លោក សុខ ទូច ដែល​ដឹកនាំ​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​កម្ពុជា វៀតណាម នៅ​រាជ​បណ្ឌិត​សភា​​កម្ពុជា បាន​រង​ការ​គំរាម​បាញ់សម្លាប់​កាលពី​ម្សិលមិញ។ ប៉ុន្តែ រហូតមកដល់​ឥឡូវ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ បានសម្រេច​ចិត្ត​មិន​ប្ដឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​បាន​សរសេរ​គំរាម​លោក​តាមរយៈ​បណ្ដាញ​សង្គម​នោះទេ។ មាន​មូលហេតុ​បីយ៉ាង​ដែល​ធ្វើឱ្យ​លោក សុខ ទូច រក្សា​ជំហរ​មិន​ប្តឹង។

ផ្សាយពាណិជ្ជកម្ម

លោក សុខ ទូច ដែល​កំពុង​ដឹកនាំ​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​កម្ពុជា វៀតណាម នៅ​រាជបណ្ឌិតសភា​កម្ពុជា បាន​រង​ការ​គំរាម​បាញ់សម្លាប់ តាំងពី​ថ្ងៃ​សៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០១៥។ ពេលនោះ មនុស្ស​ម្នាក់​ដែល​ប្រើ​ឈ្មោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា Sey Hu បាន​សរសេរ​សារ​គំរាម ភ្ជាប់​ជាមួយ​រូបថត​បីសន្លឹក ក្នុងនោះ​មាន​រូប​កាំភ្លើងខ្លី និង​គ្រាប់​កាំ​ភ្លើង​១០​គ្រាប់។ Sey Hu បាន​ផ្សាយ​សារ​និង​រូបថត​នោះ​ជា​សាធារណៈ​នៅ​ម៉ោង៨និង២៩នាទី តាមរយៈ​ទំព័រ​របស់​ក្រុម​ដែលមាន​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​កថាTHIS IS CAMBODIA/ធាតុពិតនៃកម្ពុជា ។

ប៉ុន្តែ​ក្នុង​ថ្ងៃ​សៅរ៍​នោះ លោក សុខ ទូច មិន​បានធ្វើ​ពាក្យបណ្ដឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​នេះ​ទេ។ ផ្ទុយទៅវិញ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ បាន​ចែកចាយ​បន្ត​នូវ​សារ​គំរាម​ដែល​ពោរពេញ​ដោយ​ពាក្យពេចន៍​ហិង្សា និង​អសីលធម៌​នោះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ទៀត។

រហូតមកដល់​ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០១៥ដដែល លោក សុខ ទូច ដែលជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ផង បាន​រក្សារ​ជំហរ​មិន​ប្តឹង​ជនសង្ស័យ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ឡើយ។ បណ្ឌិត សុខ ទូច ពន្យល់ថា លោក​ជា​ប្រជាជន​កម្ពុជា ជា​មន្ត្រីរាជការ ជា​អ្នក«ធ្វើការ​បម្រើ​ជាតិ» ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច«ត្រូវតែ​ការពារ»លោក។

លោក សុខ ទូច អះអាងថា ការដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​អំពី​កិច្ចការ​ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​លាតត្រដាង​ការពិត​ប្រាប់​សាធារណៈជន នៅតែ​បន្ត ជាពិសេស​ការចុះទៅ​ផ្ទៀងផ្ទាត់​រវាង​ខ្សែ​ព្រំដែន​នៅលើ​ផែនទី និង​ខ្សែ​ព្រំដែន​នៅលើ​ដី​ជាក់ស្តែង ក្នុង​សប្តាហ៍​ថ្មី​នេះ លើកលែងតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាមឃាត់ ឬ​កោះហៅ​លោក។ ប៉ុន្តែ មកដល់ពេលនេះ បើតាម​លោក សុខ ទូច ក្រៅពី​អ្នកសារព័ត៌មាន ភ្នាក់ងារ​មាន​សមត្ថកិច្ច​កម្ពុជា​មិនទាន់បាន​មកជួប​លោក ដើម្បី​ស៊ើបសួរ​ព័ត៌មាន ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI