កម្ពុជា-នយោបាយ

រាជ​បណ្ឌិត្យ​សភា គាំទ្រ​ដល់​នយោបាយ​មិន​ឱន​ក្បាល​ចំពោះ​មហា​អំណាច​រឿង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

លោក សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា @សហការី
១៨ នាទី

រាជ​បណ្ឌិត្យ​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល​មួយ​ ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​បណ្ឌិត​ដែល​គេ​ស្គាល់​ថា​មួយ​ចំនួន ជា​ទី​ប្រឹក្សា​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។ ក្នុង​កិច្ច​ពិភាក្សា​ពេញ​មួយ​ព្រឹក នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​វាគ្មិន​ដែល​ជា​បណ្ឌិត​ទាំង​៥​រូប បាន​បង្ហាញ​ជំហរ​គាំទ្រ​ដល់​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​ព្រម​ឱន​ក្បាល​ ចំពោះ​ប្រទេស​មហា​អំណាច ហើយ​ដែល​កំពុង​ព្រមាន​ដាក់​ទណ្ឌកម្ម​ដល់​កម្ពុជា។ សម្រាប់​វាគ្មិន​មួយ​រូបៗ នយោបាយ​របស់​លោក​ហ៊ុន សែន កំពុង​តែ​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ហើយ។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិភាក្សា​ក្រោម​ប្រធាន​បទ «តួនាទី​របស់​មហា​អំណាច​ក្នុង​កិច្ច​ការ​តំបន់ និង ពិភព​លោក» ដែល​រៀប​ចំ​ឡើង​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នា​ពេល​នេះ បាន​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ការ​ប្រកាស​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​សំណាក់​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច និង​សហភាព​អឺរុប។ កិច្ច​ពិភាក្សា​នេះ ក៏​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​មិន​ឱន​ក្បាល​ចំពោះ​ការ​ព្រមាន​ពី​បរទេស​ណា​មួយ ហើយ​ក៏​ផ្គើន​បន្ថែម​ឲ្យ​ដាក់​ទណ្ឌកម្ម​តាម​ចិត្ត។ ក្រុម​បណ្ឌិត​ ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នា​ពេល​នេះ មាន​ដូច​ជា លោក ស៊ន សំណាង ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា - លោក​ ហ៊ើស សិរិធន ទីប្រឹក្សា​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ - លោក ស៊ុំ ឈុំប៊ុន អនុប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា - លោក ឌៀប សុផល អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត និង​ទំនាក់​ទំនង​អន្តរជាតិ - និង​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា។

ក្រុម​លោក​បណ្ឌិត និង​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​នេះ បាន​យល់​ថា ប្រទេស​ធំៗ​តួ​យ៉ាង​ដូច​ជា​មហា​អំណាច​អាមេរិក​ជា​ដើម គេ​នឹង​មិន​ដែល​គិត​ប្រទេស​តូច​តាច​ដូច​ជា​កម្ពុជា​ ជា​ធំ​នោះ​ទេ។ ហើយ​រាល់​ការ​សម្រេច​របស់​គេ គឺ​គ្រាន់​តែ​ដើម្បី​ប្រយោជន៍​របស់​គេ​តែ​ប៉ុណ្ណោះ។ លោក​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​​ថា អាមេរិក​តាំង​ពី​ដើម​មក មិន​ដែល​ដឹង​កំហុស​របស់​ខ្លួន​ទេ ហើយ​បន្ត​ធ្វើ​បាប​កម្ពុជា។ តាម​លោក​បណ្ឌិត សុខ ទូច អាមេរិក​ខុស​ពី​ចិន ដែល​ជា​មហា​អំណាច​មួយ​ដែរ តែ​ចេះ​ទទួល​ខុស​ត្រូវ ហើយ​តែង​តែ​ជួយ​កម្ពុជា​រហូត​មក។

សម្រាប់​លោក​ សុខ ទូច អ្វី​ដែល​អាមេរិក​ចង់​ឲ្យ​កម្ពុជា​ធ្វើ​តាម​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​​ ពី​ព្រោះ​ថា​ប្រជាធិតេយ្យ មិន​មែន​សុទ្ធ​តែ​អាច​ចម្លង​តាម​គ្នា ឬ copy right បាន​នោះ​ទេ ដោយ​កម្ពុជា ត្រូវ​ដើរ​ទៅ​មុខ តាម​របៀប​របស់​កម្ពុជា មិន​មែន​របៀប​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ ហើយ​នយោបាយ​របស់​លោក​ហ៊ុន សែន ជា​នយោបាយ​ចំរុះ​ពណ៌ ដែល​ត្រូវ​ការ​មហា​អំណាច ទាំង​ជិត ទាំង​ឆ្ងាយ ទាំង​អស់ ប៉ុន្តែ​បើ​មាន​មហា​អំណាច​ណា​មួយ​មិន​ពេញ​ចិត្ត ក៏​កម្ពុជា មាន​នៅ​មាន​ជម្រើស​ដែរ។

គួរ​ជម្រាប​ជូន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន កាល​ពី​ថ្ងៃ​អាទិត្យ​ ទើប​បាន​ប្រកាស​ថា ផ្ទៃ​ក្នុង​កម្ពុជា មិន​មែន​កំណត់​ដោយ​បរទេស​នោះ​ទេ។ ប្រសាសន៍​ទាំង​ស្រុង​របស់​លោក​ ហ៊ុន សែន គឺ​បើ​ស្ថិត​នៅ​លើ​បរទេស​ដដែល គឺ​ខ្មែរ​ជា​ឆ្កែ​សុទ្ធ ដែល​ដើរ​តាម​ឆ្អឹង​ដែល​គេ​ទម្លាក់​ឲ្យ ប៉ុន្តែ​កម្ពុជា មិន​អាច​ធ្វើ​ជា​សត្វ​ឆ្កែ គ្រាន់​តែ​ដើម្បី​ឆ្អឹង ឬ សាច់​មួយ​ដុំ ដែល​លះ​បង់​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឡើយ។ លោក​ហ៊ុន សែន ថែម​ទាំង​ឲ្យ​​ជម្រើស​ទៅ​សហរដ្ឋ​អាមេរិក​ទៀត​ថា តើ​សុខ​ចិត្ត​យក​ទំនាក់​ទំនង​ជាមួយ​បុគ្គល​មួយ​ក្រុម ឬ ក៏​យក​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រទេស?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI