អាជ្ញាធរ៖ ការបង់ថ្លៃសេវាកម្មប្រមូលសំរាមថ្មី ធ្វើឡើងតាមភ្នាក់ងារបង់ប្រាក់នានាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥នៃខែបន្ទាប់
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី ០១ ខែកុម្ភៈនេះ បានជូនដំណឹងឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បង់ថ្លៃសេវាកម្មប្រមូលសំរាមថ្មី។ ការបង់ថ្លៃសេវាកម្មប្រមូលសំរាមថ្មី គឺធ្វើឡើងតាមរយៈភ្នាក់ងារបង់ប្រាក់នានា ដូចជា Wing ឬ ធនាគារអេស៊ីលីដាជាដើម ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ នៃខែបន្ទាប់។ សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញកំពុងធ្វើកំណែទម្រង់លើសេវាកម្មប្រមូលសំរាមនៅក្នុងទីក្រុង បន្ទាប់ពីមានការរិះគន់។
ពីអំណឹះតទៅ! ការបង់ប្រាក់លើសេវាកម្មប្រមូលសំរាមថ្មីសម្រាប់ខែមករា ឆ្នាំ ២០២០ គឺធ្វើឡើងតាមរយៈភ្នាក់ងារបង់ប្រាក់នានា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅ។ នេះបើតាមការជូនដំណឹងរបស់អាជ្ញាធររាជធានីភ្នំពេញ តាមរយៈសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី ០១ កុម្ភៈ នេះ។ ការបង់ប្រាក់ គឺនៅរក្សាតម្លៃចាស់ដដែល ពោលគឺ បើម្ចាស់ផ្ទះល្វែងធ្លាប់បង់ប្រាក់ជាមួយក្រុមហ៊ុនស៊ីនទ្រីចំនួន១ដុល្លារក្នុងមួយខែ គឺនៅរក្សាដដែល។ ចំណែកឯលំនៅដ្ឋានដែលមានការធ្វើអាជីវកម្ម ក៏ត្រូវបង់ ដោយផ្អែកលើឯកត្តាចាស់ ដែលមានចាប់តាំងពីខែតុលា ឆ្នាំមុនមក។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានរំលឹកថា ការបង់ប្រាក់ គឺធ្វើឡើងតាមរយៈភ្នាក់ងារបង់ប្រាក់នានាដែលសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ តួយ៉ាងដូចជា ភ្នាក់ងារវីង (Wing) True Money Tara Pay ឬក៏តាមរយៈធនាគារអេស៊ីលីដា និងដៃគូសហការនានាជាច្រើនទៀត។ ការបង់ប្រាក់លើថ្លៃសេវាកម្មប្រមូលសំរាមថ្មី ប្រជាពលរដ្ឋអាចបង់ប្រចាំខែក៏បាន ឬបង់ផ្តាច់មួយឆ្នាំក៏បាន។ ការបង់ថ្លៃសេវាកម្មប្រមូលសំរាមចាស់ គឺភ្ជាប់ជាមួយនឹងវិក្ក័យប័ត្រភ្លើង។ ប៉ុន្តែចាប់ពីឆ្នាំ ២០២០នេះតទៅ ការបង់ថ្លៃសេវាកម្មប្រមូលសំរាម គឺមានវិក្ក័យប័ត្រផ្សេងរបស់ខ្លួន។ នេះបើតាមការបញ្ជាក់បន្ថែម ពីអាជ្ញាធររាជធានីភ្នំពេញ។
គួរជំរាបជូនថា អាជ្ញាធររាជធានីភ្នំពេញកំពុងធ្វើកំណែទម្រង់លើសេវាកម្មប្រមូលសំរាមនៅក្នុងទីក្រុង ភ្នំពេញ បន្ទាប់ពីមានការរិះគន់ទៅលើក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ផ្អែកតាមវិសាលភាពនៃរាជធានីភ្នំពេញ និងកំណើនកាកសំណល់នៅក្នុងទីក្រុងដែលគិតជាមធ្យមជិត៣ពាន់តោនក្នុង១ថ្ងៃនោះ យ៉ាងហោចណាស់ គេត្រូវការក្រុមហ៊ុនចំនួន៤ ដើម្បីចែកគ្នាធ្វើលើការងារនេះ។
យ៉ាងណាក្តី នៅក្នុងអន្តរកាលនេះ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី នៅតែធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងទីក្រុងដដែល គឺរហូតដល់មានក្រុមហ៊ុនថ្មីមកជំនួស។ នេះបើតាមការបញ្ជាក់ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ