ប្រធានរដ្ឋឡាវកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
ចុះផ្សាយនៅថ្ងៃ៖
អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវលោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) បានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ តាមគម្រោង ប្រធានរដ្ឋឡាវ នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជានៅក្នុងព្រះបរមរាជវាំង នឹងមានជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។ សម្រាប់កម្ពុជា ដំណើរទស្សនកិច្ច នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) បានដាក់ជើងជាន់ដីកម្ពុជា នៅវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃអាទិត្យ ទី០៩ កុម្ភៈនេះ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ កុម្ភៈ។ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកត្រូវបានស្វាគមន៍ដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជានេះ អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវលោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។ បន្ទាប់មក លោកនឹងមានជំនួបទ្វេភាគីនិងដាច់ដោយឡែក ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន និងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ក្រៅពីនេះ ប្រធានរដ្ឋឡាវ ក៏បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ០៦ កុម្ភៈ។
អ្វីជាការកត់សំគាល់ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជាពេលនេះ គឺជួនចំពេលដែលក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសំដែងការព្រួយបារម្ភ បន្ទាប់ពីប្រទេសឡាវ បានលើកឡើងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងព្រះបាង បន្ថែមលើទំនប់វារីអគ្គិសនីសាយ៉ាបូរី និងទំនប់វារីអគ្គិសនីដនសាហុង ដែលនឹងធ្វើឲ្យមានការប្រែប្រួលខ្លាំងនៃចរន្តទឹកនៅទន្លេមេគង្គក្រោម។ ទំនប់វារីអគ្គិសនីថ្មីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការបំលាស់ទីរបស់ត្រី លំហូរជលសាស្ត្រ និងកំណកកក ដែលជាផលប៉ះពាល់ឆ្លងដែន ពិសេសចំពោះប្រទេសកម្ពុជាដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេមេគង្គប្រទេសឡាវ។ ក្រៅពីនេះ បញ្ហាព្រំដែនរហូតដល់មានការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ កាលពីអំឡុង ខែសីហា ឆ្នាំ២០១៩នោះ ក៏ទំនងជារបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវនៅកម្ពុជារយៈពេលពីរថ្ងៃនេះដែរ។
យ៉ាងណាក៏ដោយ សម្រាប់កម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជីត នៅកម្ពុជាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជនទាំងពីរ ដែលត្រូវបានចាត់ទុកថា ជាអ្នកជិតខាងល្អនឹងគ្នាផងដែរ។ បើតាមគម្រោងប្រធានរដ្ឋឡាវលោក ប៊ុនញ៉ាំង វរជីត នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ១០ កុម្ភៈ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ