មេដឹកនាំ៦ប្រទេស ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ បានបើកធ្វើជាផ្លូវការ នៅទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី ១០ មករា នេះ ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលចំនួន៦ប្រទេស។ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅភ្នំពេញ ធ្វើឡើង ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ផ្តើមបើកកិច្ចប្រជុំកំពូលនេះ គឺជាការថ្លែងសុន្ទរកថាស្វាគមន៍ពីប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅភ្នំពេញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងរំលឹកឡើងវិញនៃកិច្ចព្រមព្រៀងដែលឈានទៅបង្កើតបាននូវយន្តការថ្នាក់អនុតំបន់មេគង្គ-ឡានឆាង នៅទីក្រុងសានយ៉ាប្រទេសចិន។ បន្ទាប់មក គឺជាសុន្ទរកថារបស់លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ មានប្រទេសចំនួន៦ដែលស្ថិតនៅតាមដងទន្លេមេគង្គចូលរួម រួមមាននាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង ក្នុងនាមជាសហប្រធាន និងមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក មិន ស្វេ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និង នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅចំពោះមុខប្រមុខរដ្ឋាភិបាលនៃប្រទេស៥ទៀតថា សម្រាប់កម្ពុជា កិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើកទី២នេះ មិនមែនជារឿងចៃដន្យនោះទេ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ បើតាមលោកនាយករដ្ឋមន្ត្រី គឺជាបញ្ហាអទិភាព និងធ្វើដំណើរទៅមុខជាមួយគ្នា។ បើតាមលោកនាយករដ្ឋមន្ត្រី តំបន់មេគង្គ នឹងក្លាយជាទីកន្លែងនៃការសាកល្បងជាថ្មីម្តងទៀតនៃការប្រកួតប្រជែងមនោគមន៍វិជ្ជា និងការជ្រៀតជ្រែកពីខាងក្រៅ ដែលទំនងជាបានសំដៅទៅលើសហអាមេរិក។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រកាន់យកគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិក បានធ្វើឲ្យយន្តការ មេគង្គ-ឡានឆាង រក្សាបាននូវសន្តិភាពនៅក្នុងតំបន់នេះ។ សម្រាប់កម្ពុជា នេះគឺជាមោទនភាព និងកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរ នៃមេដឹកនាំ៦ប្រទេស ស្ថិតនៅក្នុងតំបន់មេគង្គនេះ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ បានពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនៅអនុតំបន់ទន្លេមេគង្គ, ការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ នឹងធ្វើឡើងនៅក្នុងប្រទេសឡាវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ