កម្ពុជា-នយោបាយ

អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​និង​អតីត​បក្ស​ប្រឆាំង​ហូប​នំ​បញ្ចុក​ក្នុង​ថ្ងៃ​តែ​មួយ ​តែ​មិន​មែន​ជា​សញ្ញា​នៃ​កា​រ​ចរចា​នយោបាយ​

សិស្សានុសិស្ស​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ហូប​នំ​បញ្ចុក ​នៅថ្ងៃទី ​០៩ ​មិថុនា ​ឆ្នាំ ​២០១៩​ នេះ​ដែរ​ ខណៈអ្នក​គាំទ្រ​បក្ស​កាន់​អំណាច​និង​អតីត​បក្ស​ប្រឆាំង​ហូបនំ​បញ្ចុក​ក្នុង​ថ្ងៃ​តែ​មួយ ។​
សិស្សានុសិស្ស​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ហូប​នំ​បញ្ចុក ​នៅថ្ងៃទី ​០៩ ​មិថុនា ​ឆ្នាំ ​២០១៩​ នេះ​ដែរ​ ខណៈអ្នក​គាំទ្រ​បក្ស​កាន់​អំណាច​និង​អតីត​បក្ស​ប្រឆាំង​ហូបនំ​បញ្ចុក​ក្នុង​ថ្ងៃ​តែ​មួយ ។​ @FB

ដូចការ​គ្រោង​ទុក ​អ្នក​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​និង​អតីត​គណបក្ស​ប្រឆាំង​ បាន​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​ដោយ​ឡែក​ពី​គ្នា ​នៅ​ថ្ងៃ​អាទិត្យ ​ទី ​០៩ ​មិថុនា​ នេះ ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។ ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ភ្លាមៗ​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន ​បាន​ចេញ​មក​អរគុណដ​ល់​អ្នក​គាំទ្រ​របស់​លោក ​ខណៈ​លោក ​សម រង្ស៊ី ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​វិញ ​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់ខ្លួន​បន្ត​សកម្មភាព​ហូប​នំ​បញ្ចុក​នេះ ​នៅ​ថ្ងៃ​ស្អែក ​និង​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​។ 

ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​បាន​​ចេញ​​ម​ក​​ថ្លែង​​អំណរ​​គុណ​​ដល់​ជន​រួម​ជាតិ​របស់​លោក ​ដែល​បាន​រៀបចំ​ហូប​នំ​បញ្ចុក​រួម​គ្នា ​ដោយ​​មិន​​ប្រកាន់​​ក្រុម ​ប្រកាន់​ជំនឿ​សាសនា ​ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ​សម្រាប់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ការ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​នេះ ​បាន​បង្ហាញ​ពី​មិត្ត​ភាព ​សាមគ្គីភាព​ ការ​ស្រឡាញ់រា​ប់អាន​ និង​ឯកភាព​ជាតិ ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។ ​តាម​​រយៈ​​សំណេរ​​នៅ​លើ​គណនីយ​ហ្វេសបុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ​លោក​​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ជូនពរ​ឲ្យ​ជនរួមជាតិ​របស់​លោក ​ជួប​តែ​សេចក្តី​សុខ ​និង​​សំណាង​​ល្អ​គ្រប់ៗ​គ្នា​។

​គួរ​ជំរាប​ជូន​ថា ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ​និង​អតីត​គណបក្ស​ប្រឆាំង ​នៅ​​ថ្ងៃ​​អាទិត្យ ​ទី ០៩ ​មិថុនា ​នេះ ​បាន​ជួប​ជុំ​គ្នា​ហូបនំ​បញ្ចុក​តាម​ការ​គ្រោង​ទុក ​នៅ​​តាម​​ទី​កន្លែង​​រៀងៗ​​ខ្លួន​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​បន្ទាប់​ពី​ការ​​អំពាវនាវ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ​ហ៊ុន ​សែន​។ ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។

​យ៉ាង​ណា​ក៏​ដោយ ​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​​កំពុង​​ស្ថិត​​នៅ​​ក្នុង​​ប្រទេស​​បារាំង ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ​ថា ​ជា​​ជោគជ័យ​​មួយ​​របស់​​អតីត​គណបក្ស​ប្រឆាំង​របស់​លោក​។ ​ជោគជ័យ ​ដោយ​​សារ​តាម​​រយៈការ​​ជួប​​ជុំគ្នា​​ហូប​​នំ​​បញ្ចុក​​នៅ​ថ្ងៃ​នេះ ​បាន​ធ្វើ​ឲ្យ​សកម្មភាព​​របស់​អតីត​គណបក្ស​​ប្រឆាំង​​នៅ​កម្ពុជា​​រស់​​ឡើង​​វិ​ញ​​។ ​បើ​តាម​លោក ​សម រង្ស៊ី ​សកម្មជន​របស់​លោក​នា​ពេល​កន្លង​មក​ មិន​​ហ៊ាន​​ជួប​ជុំគ្នា​​នោះ​​ទេ​។ ​ជោគ​ជ័យ​មួយទៀ​ត ​អតីត​ប្រធាន​​គណបក្ស​ប្រឆាំង​​ដែល​កំពុង​​រស់​នៅ​​ដោយ​និរទេស​​ខ្លួន​នៅ​ប្រទេស​បារាំង​រូប​នេះ ​យល់ថា ​មេដឹក​នាំ​​គណបក្ស​កាន់​​អំណាច​​លោក​ ហ៊ុន សែន ​កំពុង​រត់​តាម​ព្រឹត្តិការណ៍​របស់​ខ្លួន​។ ​បន្ថែម​លើ​នេះ ​លោក​ សម ​រង្ស៊ី ដែ​ល​បាន​ថ្លែង​តាម​រយៈវីដេអូស្កែប​ពី​ប្រទេស​បារាំង ​ទៅកាន់​អ្នក​គាំទ្រ​នៅ​​ឯ​​សហរដ្ឋ​អាមេរិក​​នៅ​យប់​មិញ​នេះ ​បាន​អំពាវនាវ​ឲ្យ​សកម្មជន​អតីត​​គណបក្ស​ប្រឆាំង​​របស់​​លោក​​បន្ត​សកម្មភាព​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​នេះនៅ​ថ្ងៃ​ស្អែក ​និង​នៅ​ថ្ងៃ​បន្ត​​បន្ទាប់​​ទៀត ​ខណៈលោ​ក ​សុខ ​ឥសាន ​អ្ន​កនាំពា​ក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ​គណបក្ស​​ប្រជាជន​កម្ពុជារបស់​លោក​ នឹង​បន្ត​សកម្មភាព​ហូបនំ​បញ្ចុ​ក​នេះដូច​គ្នា ​អាស្រ័យ​​លើ​​មូល​​ដ្ឋាន​នីមួយ​ៗ​។

​យ៉ាង​ណាក៏​ដោយ ​ទោះបី​ជាគេបាន​មើល​ឃើញ​ថា ​នេះគឺ​ជាព្រឹត្តិការណ៍​​ដែល​អ្នក​​គាំទ្រ​​បក្ស​​កាន់​​អំណាច ​និង​អតីតគ​ណបក្ស​ប្រឆាំង ​បាន​ហូបនំ​បញ្ចុក​​នៅចំថ្ងៃតែ​មួយ​​និង​ជា​លើក​ទី​មួយ​ក្តី​ តែ​នេះមិ​នមែន​ជាស​ញ្ញានៃ​ការ​​ឈាន​ទៅ​​រកការ​​ចរចាន​យោបាយ​​នោះ​​ឡើយ​។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាលោក ​ហ៊ុន សែន ​បាន​ថ្លែង​កាល​ពីថ្ងៃទី ​០៦ ​មិថុនាថា​ ការ​​​ប្រកាស​ឲ្យប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ​និង​គ្រប់​និន្នាការ​នយោបាយ ​ចូល​រួម​ហូប​​នំបញ្ចុក​​នៅ​ថ្ងៃទី​៩​មិថុនា​នេះ ​គឺ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​និង​ទិញ​ផលិតផល​ក្នុង​ស្រុក ​ហើយ​ក៏​អាច​ទុក​ថា ​ជា​ការ​បង្រួប​បង្រួម​ប្រជាជន​ផង​ដែរ​។ ​ប៉ុន្តែ ​ការ​ហូបនំ​បញ្ចុក​នេះ ​មិន​មែន​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចារ​វាងគណបក្ស​កាន់​អំណាច ​និង​​អតីត​​គណបក្ស​​ប្រឆាំ​ង​​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI