សមត្ថកិច្ចកម្ពុជាព្រមានវាយខ្នោះនៅនឹងកន្លែង ប្រសិនបើមានបាតុកម្មនៅថ្ងៃទី១៦ វិច្ឆិកា
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចកម្ពុជាបានព្រមានចាប់ខ្លួននៅនឹងកន្លែង ប្រសិនបើមានការប្រមូលផ្តុំធ្វើបាតុកម្មនៅ ក្នុងកំឡុងពេលដែលតុលាការកំពូល បើកសវនាការជំនុំជំរះក្តីលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៦ វិច្ឆិកា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា អាជ្ញាធរបានត្រៀមរួចហើយ ដើម្បីទប់ស្កាត់ចលនាបាតុកម្ម ដែលអាចកើតមានឡើង។
ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង អ្នកនាំពាក្យក្រសួងមហាផ្ទៃបានព្រមានជាមុនថា សមត្ថកិច្ចកម្ពុជា អាចនឹងវាយខ្នោះភ្លាម ទៅលើជនទាំងឡាយណាដែលប៉ុនប៉ងធ្វើបាតុកម្មនៅថ្ងៃទី ១៦ វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា ជាថ្ងៃដែលតុលាការកំពូលបើកសវនការជំនុំជំរះក្តីលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ចកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំនៅមុខតុលាការកំពូល ដែលជាហេតុដាក់សម្ពាធទៅលើតុលាការ។ ទោះការប្រមូលផ្តុំនោះធ្វើឡើងជាទ្រង់ទ្រាយតូច ឬធំក៏ដោយ។
ចំណែកលោក គាត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានលើកឡើងពីការត្រៀមកងកម្លាំង ដើម្បីរិតបណ្តឹងសន្តិសុខនៅក្នុងកំឡុងពេលសវនាការនោះដែរ។ លោក គាត ចន្ទថារិទ្ធ បានអះអាងថា សមត្ថកិច្ចនឹងអនុវត្តទៅតាមច្បាប់ដាច់ខាត ប្រសិនបើមានការប្រមូលផ្តុំតវ៉ាណាមួយ។
គួរជំរាបជូនថា បើគ្មានការប្រែប្រួលទេ តុលាការកំពូលនៃប្រទេសកម្ពុជា នឹងបើកសវនការជំនុំជំរះក្តីលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ១៦ វិច្ឆិកា សប្តាហ៍ក្រោយនេះ។ ក្រសួងមហាផ្ទៃ ក្រៅពីបានប្តឹងសុំឲ្យតុលាការកំពូលរំលាយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាហើយនោះ ក៏បានប្តឹងសុំឲ្យតុលាការ ផ្អាកសកម្មភាពធ្វើនយោបាយរយៈពេល៥ឆ្នាំរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងគណៈកម្មាធិការនាយកប្រមាណជា១០០នាក់ផងដែរ។ ជាអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍នេះ បានប្រកាសភ្នាល់ ១សង១០០ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ នៅថ្ងៃទី ១៦ វិច្ឆិកា ទេនោះ។
យ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រសិនបើរដ្ឋាភិបាលរំលាយគណបក្សប្រឆាំងមែននោះ។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានព្យាករណ៍ថា លទ្ធភាពនៃការធ្វើបាតុកម្មអាចនឹងមិនកើតមានឡើយ។ ត្បិតក្បាលម៉ាស៊ីនសំខាន់ៗរបស់គណបក្សប្រឆាំង ហើយដែលលោកចាត់ទុកថា ជាអ្នកសកម្មក្នុងការដឹកនាំចលនាធ្វើបាតុកម្មកាលពីឆ្នាំ២០១៣នោះ បានចាកចេញពីប្រទេសកម្ពុជាអស់ទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ