អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅជប៉ុនធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា ដើម្បីរក្សាEBA
ដូចការគ្រោងទុក អ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រចាំនៅប្រទេសជប៉ុនរាប់សិបនាក់ បានជួបជុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូនៅព្រឹកថ្ងៃសៅរិ៍នេះ។ កម្មវត្ថុនៃបាតុកម្ម គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា និងដាក់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ អ្វីជាការកត់សំគាល់ ចលនាបាតុកម្មនៅក្រៅប្រទេស ហាក់បានបង្កើនសន្ទុះកាន់តែខ្លាំងឡើងនៅប៉ុន្មានថ្ងៃមកនេះ ស្របពេលដែលសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយលើប្រព័ន្ធអនុគ្រោះពន្ធEBAនៅថ្ងៃទី ១២ កុម្ភៈខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖
ជាបឋម គួរជំរាបជូនថា មុនមានបាតុកម្មនៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃសៅរិ៍នេះ កាលពីថ្ងៃទី ០៦ កុម្ភៈ កន្លងទៅ បាតុកម្មមួយក៏ត្រូវបានរៀបចំឡើងដែរ នៅក្នុងទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ីក។ បាតុកម្មដែលរៀបចំដោយអ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រចាំនៅទ្វីបអឺរ៉ុប គឺដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ដូចគ្នានេះដែរ បាតុកម្មដែលរៀបចំដោយយុវជនអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុននៅថ្ងៃសៅរិ៍នេះ ក៏បានទារមទារឲ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះដែរ។
បើតាមយុវជន ហៃ វណ្ណា អ្នករៀបចំបាតុកម្មនៅក្នុងប្រទេសជប៉ុននៅថ្ងៃសៅរិ៍នេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបើកឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ បាតុកម្មដែលបានធ្វើឡើងនៅឧទ្យាន Hibiya និងបានបន្តដើរហែរក្បួនតវ៉ានៅមុខស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូប្រទេសជប៉ុនថែមទៀត។ សូមបញ្ជាក់ថា នេះគឺជាបាតុកម្មលើកទី៥របស់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។
អ្វីជាការកត់សំគាល់ ចលនាបាតុកម្មពីសំណាក់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្រៅប្រទេសនេះ ហាក់បានកើតឡើងជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ ស្របពេលដែលសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តមួយ នៅថ្ងៃទី ១២ កុម្ភៈសប្តាហ៍ក្រោយនេះ ថាតើត្រូវបន្ត ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ឬក៏ត្រូវព្យួរផ្នែកខ្លះ។ យ៉ាងណាក៏ដោយ អ្នកនំាំពាក្យរដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងថា ចលនាបាតុកម្មនៅក្រៅប្រទេសនេះ គឺមិនមានឥទ្ធិពលអ្វី មកលើរដ្ឋាភិបាលកម្ពុជានោះទេ។
គួរជំរាបជូនដែរថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងកំពុងស្ថិតនៅក្នុងដំណើរការកាត់ទោសក្រោមអំណាចតុលាការកម្ពុជា។ ចំណែកឯគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចរំលាយចោល ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៧មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ