អតីតបក្សប្រឆាំងដាក់ផែនការបង្កើនការងារទូត ដើម្បីជម្រុញឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន នៅឯទីក្រុង Lowell សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ធ្នូ នេះ ដើម្បីរៀបចំដាក់ផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំ២០២០ខាងមុខ។ ក្នុងនោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី បានប្រកាសថា នឹងបង្កើនការងារការទូតរបស់ខ្លួនឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីជម្រុញឲ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ព្រមទាំងអ្នកទោសនយោបាយ និងមនសិការទាំងអស់ ហើយនិងស្តារឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិបានចាត់ទុកថា លទ្ធផលនៃការងារការទូតរបស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនាពេលកន្លងមក បានជម្រុញឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះវិបត្តិនយោបាយនៅប្រទេសកម្ពុជា។ ហើយថា លទ្ធផលនេះ ក៏បាននាំឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាក់លាក់ ដោយបានដាក់ទណ្ឌកម្មទៅលើបុគ្គលពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងនៅឯទីក្រុង Lowell សហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី ១៤ ធ្នូនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដាក់ផែនការបន្តថា អតីតគណបក្សប្រឆាំងមួយនេះ នឹងបង្កើនសកម្មភាពការងារការទូតរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជម្រុញឲ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ព្រមទាំងអ្នកទោសនយោបាយ និងមនសិការទាំងអស់ ហើយនិងឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ បន្ថែមលើនេះ កិច្ចប្រជុំដែលដឹកនាំដោយលោក សម រង្ស៊ី នេះ ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតី និងទឹកចិត្តតស៊ូរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្នុងនោះកិច្ចប្រជុំក៏បានសន្យាដែរថា និងជួយរៀបចំឲ្យមានយន្តការស្របច្បាប់មួយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
គួរជំរាបជូនថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិកាលពីខែសីហាកន្លងទៅ ក៏បានកំណត់យុទ្ធសាស្ត្រឲ្យលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញផងដែរ កាលពីថ្ងៃទី ០៩ វិច្ឆិកា។ បើទោះបីជារដ្ឋាភិបាលកម្ពុជាបានចាត់ទុកផែនការនោះថា បរាជ័យក្តី ប៉ុន្តែមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងលោក អេង ឆៃអ៊ាង ធ្លាប់បានអះអាងថា ផែនការរបស់ខ្លួនទទួលបានជោគជ័យ បើទោះបីជាលោក សម រង្ស៊ី មិនអាចដាក់ជើងជាន់ដីកម្ពុជាបានក៏ដោយ។ នោះបើគេមើលទៅលើការវិវត្តន៍នៃសំណុំរឿងរបស់លោក កឹម សុខា ការខិតកាន់តែគៀកនឹងការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងការដាក់ទណ្ឌកម្មបង្កកព្រទ្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបីរូប ពីសំណាក់រដ្ឋាភិបាលអាមេរិកជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនជាអ្នកស្និទ្ធលោក សម រង្ស៊ី ក៏បានប្រកាសដែរថា អតីតគណបក្សប្រឆាំងមួយនេះ និងរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយរបស់ខ្លួន នៅខែមករា ឆ្នាំ២០២០ ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ