ឆ្នាំ២០១៩៖ វិស័យមីក្រូហិរញ្ញវត្ថុផ្តល់កំចីជាង៧ពាន់លានដុល្លារដល់អតិថិជនជាង២លាននាក់
ចុះផ្សាយនៅថ្ងៃ៖
ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្តល់ឥណទានជាង៧ពាន់លានដុល្លារដល់អតិថិជនជាង២លាន១សែននាក់។ កំណើននេះ បានជំរុញឲ្យមានការកោតសរសើរផង និងក្តីបារម្ភផងថា អាចនឹងមានបញ្ហាប្រឈមដូចជា បំណុលវ័ណ្ឌករ ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យនេះ។
អ្នកជំនាញដែលធ្វើការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ចំពោះកំណើននៃការផ្តល់ហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ថា អតិថិជនហាក់មិនកើនច្រើន ក៏ប៉ុន្តែចំនួនហិរញ្ញវត្ថុបានកើនឡើងទៅវិញ។
សូមជំរាបជូនថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទាន ប្រមាណជាង៧ពាន់លានដុល្លារ ដល់អតិថិជន ប្រមាណជា២លាន១សែននាក់។ លោក គា បូរាណ ដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកទី២កាលពីថ្ងៃទី ៣១ មករា បានកត់សំគាល់ថា ទំហំចំនួនអតិថិជនដែលខ្ចីប្រាក់បានកើនឡើងប្រមាណ២លាន១សែននាក់ ពោលគឺមិនកើនចំនួនអ្នកខ្ចីច្រើនពេកទេនោះទេ ប៉ុន្តែបានកើនឡើងនូវចំនួនឥណទានទៅវិញ។ កំណើននេះ នឹងជំរុញឲ្យមានការកោតសរសើរផង និងក្តីបារម្ភផងថា អាចនឹងមានបញ្ហាប្រឈម ដូចជា ការជាប់បំណុលវ័ណ្ឌកររបស់អតិថិជន មិនអាចសងត្រលប់មកវិញ ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យមួយនេះ។
លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនិងជាអគ្គនាយកគ្រឹះស្ថានវិថីមីក្រូហ្វាយណាន់ បានទទួលស្គាល់ជារួមថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាពិតជាមានការព្រួយបារម្ភចំពោះចំណុចខាងលើនេះ ហើយអ្នកដែលធ្វើការងារនៅក្នុងវិស័យនេះ ត្រូវធានាថា អតិថិជនម្នាក់មិនគួរផ្តល់ប្រាក់កំចីឲ្យលើសពីពីរ ឬ បី ស្ថាប័ននោះទេ។ ប៉ុន្តែយ៉ាងណាក្តី លោក ប៊ុន មុនី បានកត់សំគាល់ថា ប្រជាពលរដ្ឋកម្ពុជានៅត្រូវការសាច់ប្រាក់ច្រើន ដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ។
សូមជំរាបជូនថា សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈដែលជួយធ្វើឱ្យមានវិបុលភាពនិងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាដោយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។ គិតត្រឹមដើមឆ្នាំ ២០២០នេះ សមាគមនេះ មានសមាជិកចំនួន ១០១ ស្ថាប័ន ដែលសុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យាជាដើម។ លោក គាន បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានជាថ្មី កាលពីថ្ងៃទី ៣១ មករា បានកត់សំគាល់ថា វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ