កម្ពុជា-នយោបាយ

កូន​ស្រីទី​២​លោក ​កឹម សុខា ​ចេញ​មុខ​ការពារ​ជំហរ​ឳពុក​របស់​ខ្លួន ​ថា​មិន​មែន​ធ្វើ​ឡើង​ដោយ​សារ​ការ​ភ័យ​ខ្លាច​

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook

កូន​ស្រី​ទី​២ ​លោក ​កឹម សុខា ​បាន​ចេញ​​មុខ​ការ​ពារ​​ជំហរ​​ឳ​ពុក​​របស់​ខ្លួន​​ថា ​មិន​មែន​​ធ្វើ​ឡើង ​ដោយ​សារ​ការ​ភ័យខ្លាច​​នោះ​ទេ​។ ​ប្រតិ​កម្ម​នេះ ​គឺ​​សំដៅ​​ទៅ​លើ​​រូប​លោក ​សម ​រង្ស៊ី ​ដែល​​បាន ​លើក​ឡើង​ថា ​ការ​សម្រេច​ចិត្ត​​របស់​​លោក ​កឹម សុខា ​គឺ​​ដោយ​សារ​តែ​​ការ​“ភ័យ​ខ្លាច​” ​និង​​ស្ថិត​នៅ​ក្រោម​​គំនាប​។ 

ផ្សាយពាណិជ្ជកម្ម

“ក្នុងនាម​ក្រុមគ្រួសារ​របស់លោក កឹម សុខា នាង​ខ្ញុំ​សូមបញ្ជាក់ថា រាល់​ការសម្រេចចិត្ត​របស់​ឪពុក​នាង​ខ្ញុំ គឺធ្វើឡើង​ដោយ​ឆន្ទៈ​របស់លោក។ នេះ​គឺជា​ខ្លឹមសារ​នៃ​ប្រតិកម្ម​របស់​កញ្ញា កឹម សម្មា​ធីតា កូនស្រី​ទី២របស់លោក កឹម សុខា កាលពី​រាត្រី​ថ្ងៃទី ២១ មករា ទៅនឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នកគាំទ្រ ដែល​បានចាត់ទុក ការសម្រេចចិត្ត​របស់​លោក កឹម សុខា គឺ​ដោយ​ផ្អែកលើ​ភាពភ័យខ្លាច។ ប៉ុន្តែ​តាមរយៈ​សំណេរ​នៅលើ​គណនី​យ​ហ្វេ​ស​បុក​របស់​កញ្ញា កឹម សម្មាធិ​តា កូនស្រី​ទី២របស់លោក កឹម សុខា ដែល​បាន​គូសបញ្ជាក់ថា “រូបលោក (កឹម សុខា) ពុំដែល​សម្រេចចិត្ត​អ្វីមួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់លោក ដោយហេតុថា ខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន​ឡើយ។ ហើយ​ថា “បើ​លោក​ចេះ​ក្បត់​ឆន្ទៈ​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​នោះ នោះ​លោក​ក៏​មិន​នៅ​តស៊ូ​ក្នុងស្រុក ទាំង​ដែល​ដឹងថា គេ​មានបំណង​ចាប់ខ្លួន​រូបលោក​ដែរ។

គួរ​ជំរាបជូន​ថា តាមរយៈ​មេធាវី​របស់ខ្លួន កាលពី​ថ្ងៃទី ២០ មករា លោក កឹម សុខា ដែល​កំពុងស្ថិត​ក្រោម​កា​រ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដោយ​សង្ស័យ​ពីបទ​ក្បត់ជាតិ បានប្រកាស​មិន​គាំទ្រ និង​មិន​ចូលរួម ជាមួយ “ចលនា​សង្គ្រោះ​ជាតិ” ដែល​បង្កើតឡើង​ដោយ លោក សម រ​ង្ស៉ី នោះឡើយ។ ប៉ុន្តែភ្លាមៗនោះ លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន​ដោយសារ​បណ្តឹង​ជាច្រើន​នៅក្នុង​តុលាការ​កម្ពុជា​នោះ បានចាត់ទុក​ជំហរ​របស់លោក កឹម សុខា នេះ​ថា ធ្វើឡើង​ដោយសារ​ការ “ភ័យខ្លាច។ តាមរយៈ​គណនី​ហ្វេ​ស​បុក​របស់ខ្លួន កាលពី​ថ្ងៃទី ២០ មករា លោក សម រង្ស៊ី បានសរសេរថា “បើ​លោក កឹម សុខា ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ នោះ​ច្បាស់​ជា​លោក ហ៊ុន សែន នឹងធ្វើ​បាប​លោក កឹម សុខា រឹតតែ​ខ្លាំង​ថែមទៀត។ បន្ថែម​លើ​នេះ លោក សម រង្ស៊ី បាន​លើកទឹកចិត្ត សូមកុំ​ឲ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិសំខាន់ៗ ប្រកាស​ការគាំទ្រ​របស់​ខ្លួន ចំពោះ​ចលនា​នោះឡើយ ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន។

សូមបញ្ជាក់ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន កាលពី​រាត្រី​ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ ពីបទ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់។ បើតាម​លោក សម រង្ស៊ី ការបង្កើតឡើង​នូវ​ចលនា​ថ្មី កាលពី​ថ្ងៃទី ១២ មករា នោះ គឺ​នៅក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង លោក កឹម សុខា និង​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ។ លោក សម រង្ស៊ី បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ កាលពី​ចុងឆ្នាំ២០១៧នោះ មិនអាច​ធ្វើ​សកម្មភាព​បាន​ទៀត​នោះទេ ហើយ​ចាំបាច់​ត្រូវបង្កើត​យន្តការ​ថ្មី​មួយ ក្រៅពី​ក្របខណ្ឌ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

យ៉ាងណាក៏ដោយ តាមរយៈ​គណនី​ហ្វេ​ស​បុក​របស់ខ្លួន កញ្ញា កឹម សម្មា​ធីតា បាន​ចាត់ទុកថា ការលើកឡើង​របស់ លោក សម រ​ង្ស៉ី​និង​អតីត​អ្នកគាំទ្រ គឺអាច​ជា​អ​ចេតនា​បរិហារកេរ្តិ៍​លើ​ឪពុក​របស់ខ្លួន និង​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បរិហាកេរ្តិ៍​មកលើ​ឪពុក​របស់ខ្លួន ដោយ​ការប្រើ​ពាក្យ​ថា “ការសម្រេចចិត្ត​របស់​លោក (កឹម សុខា) គឺ​ដោយសារ​ខ្លាច​ពី​សុ​វត្តិភាព​របស់ខ្លួន»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI