អង្គការសេរីនិយមអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបំរាមលើសមាជិកសភាអឺរ៉ុប៦រូប
អង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានធ្វើយុទ្ធនាការតាមអ៊ីនធឺណែត ដើម្បីស្វែងរកការគាំទ្រលើញត្តិមួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបំរាមលើសមាជិកសភាអឺរ៉ុប០៦រូបពីក្នុងបញ្ជីខ្មៅ ដែលហាមមិនឲ្យអបដំណើរលោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា។ យុទ្ធនាការនេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកទ្វារចំហឲ្យលោក សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ញត្តិដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត កាលពីថ្ងៃទី ១៩ កក្កដា តាមរយៈគេហទំព័រផ្លូវការរបស់អង្គការសេរីនិយមអន្តរជាតិ (Liberal International) នេះ បានតម្រូវឲ្យប្រជាពលរដ្ឋនៅលើពិភពលោក គាំទ្រញត្តិនេះ តាមរយៈការចុះឈ្មោះ ភេទ ឈ្មោះប្រទេស និងអាស័យដ្ឋានអ៊ីម៉ែលរបស់ខ្លួន ដើម្បីគាំទ្រទៅលើញត្តិនេះ។ ជាញត្តិ ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបំរាមលើសមាជិកសភាសហភាពអឺរ៉ុបចំនួន០៦រូប ដែលប្រកាសអមដំណើរលោក សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលអនាគត។ ញត្តិនេះ ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រលប់ចូលមកក្នុងប្រទេសវិញដោយមិនមានការចាប់ខ្លួនផងដែរ។
គួរជំរាបជូនថា យុទ្ធនាការគាំទ្រញត្តិនៅលើបណ្តាញអ៊ីនធឺណែតនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែ កក្កដា បានដាក់បំរាមលើសមាជិកសភាអឺរ៉ុបចំនួន០៦រូប ទៅក្នុងបញ្ជីខ្មៅ និងណែនាំឲ្យស្ថានទូតខ្មែរទាំងអស់នៅក្រៅប្រទេស កុំឲ្យចេញទិដ្ឋាការឲ្យសមាជិកសភាអឺរ៉ុបទាំង០៦រូបធ្វើដំណើរអមលោក សម រង្ស៊ី ចូលមកកាន់ប្រទេសកម្ពុជាឡើយ។ នៅក្នុងលិខិតដដែលនោះ ក្រសួងការបរទេសកម្ពុជា ក៏បានបង្គាប់ឲ្យស្ថានទូតខ្មែរទាំងអស់នៅក្រៅប្រទេស បដិសេធការផ្តល់ទិដ្ឋាការដល់ជនបរទេសឯទៀត ដែលមានបំណងគាំទ្រឬការពារលោក សម រង្ស៊ី ផងដែរ។
គួរបញ្ជាក់ជូនដែរថា សេចក្តីសម្រេចរបស់ក្រសួងការបរទេសកម្ពុជាយ៉ាងដូច្នេះ គឺបន្ទាប់ពីសមាជិកសភាអឺរ៉ុបទាំង០៦រូប បានប្រកាសធ្វើដំណើរអមលោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ ក្នុងនោះរួមមាន លោក Phil Bennion សមាជិកសភាជនជាតិអង់គ្លេស លោកស្រី Ana Gomes សមាជិកសភាជនជាតិព័រទុយហ្គាល់ លោក Ilhan Kyuchyuk សមាជិកសភាជនជាតិប៊ុកហ្គារី លោក Johannes Cornelis van BAALEN សមាជិកសភាជនជាតិហូល្លង់ លោកស្រី Abir Al Sahlani សមាជិកសភាជនជាតិស៊ុយអែត និងលោក Javier Nart សមាជិកសភាជនជាតិអេស្ប៉ាញ។ ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ០៦ កក្កដា បានបង្ហាញការភ្ញាក់ផ្អើល ចំពោះការប្រកាសរបស់សមាជិកសភាសហភាពអឺរ៉ុប មួយចំនួនតូចនេះ។ សេចក្តីថ្លែងការណ៍ បានរំលឹកឲ្យអ្នកនយោបាយបរទេសទាំងនេះ ពិចារណាឡើងវិញពីការសម្រេចចិត្តដោយខ្វះព័ត៌មានច្បាស់លាស់ និងត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កប់ដោយឧបាយកលនយោបាយ និងគ្មានលក្ខណៈការទូតនេះ។ សេចក្តីថ្លែងការណ៍កាលណោះ ក៏បានរំលឹកដល់សមាជិកសភាអឺរ៉ុបទាំងនោះ ពីច្បាប់ស្តីពីអន្តោប្រវេសន៍របស់កម្ពុជាឆ្នាំ ១៩៩៤ និងរំលឹកពីមាត្រា៤១ នៃសន្ធិសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ ១៩៦១ ស្តីពី ទំនាក់ទំនងការទូត ដែលតម្រូវឲ្យបុគ្គលទាំងអស់ ដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។
យ៉ាងណាក៏ដោយ ប្រធានអង្គការសេរីនិយមអន្តរជាតិ លោកស្រី Hakima el Haité បានថ្លែងនៅក្នុងញត្តិថ្កោលទោស ដែលត្រូវបានដាក់ឲ្យធ្វើយុទ្ធនាការគាំទ្រតាមអ៊ីនធឺណែត កាលពីថ្ងៃទី ១៩ ខែ កក្កដា នេះថា ការសម្រេចដាក់សមាជិកសភាអឺរ៉ុបទាំង០៦រូបទៅក្នុងបញ្ជីខ្មៅ ដោយគ្រាន់តែពួកគេប្រកាសជំហរថា ត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញនោះ គឺជាភស្តុតាងថ្មីៗទៀតដែលបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែឃ្លាតឆ្ងាយពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហើយ។ នេះបើតាមញត្តិរបស់អង្គការសេរីនិយមអន្តរជាតិ កាលពីថ្ងៃទី ១៩ កក្កដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ