សម្តេចក្រុមព្រះស្វាគមន៍សែរាជ្យវង្សមួយអង្គ ដែលគំរាមប្តឹងរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិចដែលសុំជំនួយពីចិន
ចុះផ្សាយនៅថ្ងៃ៖
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី០១ មករានេះ បានស្វាគមន៍ចំពោះសែរាជ្យវង្សមួយអង្គ ដែលមានបំណងចង់ប្តឹងរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលសុំជំនួយពីប្រទេសចិន ក្នុងនាមជាគណបក្សក្រជាងគេ។ បន្ទូលរបស់ព្រះអង្គ គឺជាការ ឆ្លើយតបទៅនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ដែលប្រកាសធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងថែមទាំងព្រមានប្ដឹងឲ្យរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសិនបើរដ្ឋាភិបាលចិនផ្ដល់ជំនួយតាមការអំពាវនាវនេះមែន។
បើកសករាជថ្មីឆ្នាំ២០១៨នេះ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនសិនប៉ិច បានប្រកាសស្វាគមន៍ បើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្ដឹងរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយហេតុតែព្រះអង្គសុំជំនួយពីរដ្ឋាភិបាលចិន។ មានបន្ទូលទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីព្រះអង្គបញ្ចប់ពិធីបួងសួងសុំសេចក្តីសុខនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី១ មករានេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា ព្រះអង្គសុំជំនួយពីចិន គឺក្នុងឋានៈព្រះអង្គជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលក្រជាងគេ និងខ្វះខាតធនធាននៅក្នុងការធ្វើនយោបាយ។
គួររំលឹកជូនថា នៅក្នុងជំនួបជាមួយលោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គម នៃប្រជាមានិតចិន កាលពីថ្ងៃទី២៥ ធ្នូ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានលើកសំណើដោយឥតលាក់លាមទៅកាន់រដ្ឋាភិបាលចិន ដើម្បីផ្តល់ជំនួយដល់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលព្រះអង្គចាត់ទុកថា បច្ចុប្បន្នជាគណបក្សធំលំបាប់ទី០២នៅកម្ពុជាក៏ពិតមែន តែជាគណបក្សដែលក្រជាងគេ។ ការមានបន្ទូលរបស់សម្តេចក្រុមព្រះបែបនោះហើយ បាននាំឲ្យមានប្រតិកម្មពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពលថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរ។ បន្ថែមលើនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ក៏បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៨ធ្នូថា ព្រះអង្គនឹងធ្វើបាតុកម្មនៅមុខស្ថានតទូតចិនប្រចាំនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលចិន ផ្ដល់ជំនួយដល់គណបក្សហ្វ៊ុនស៊ិនប៉ិច។ មិនតែប៉ុណ្ណោះ ព្រះអង្គត្រូវប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិច ដូចដែរ គណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់ប្តឹងរំលាយគណបក្សសង្គ្រោះជាតិដែរ។ សម្រាប់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ការគំរាមប្តឹងនេះ គឺគ្រាន់តែជាសិទ្ធិបុគ្គលម្នាក់ប៉ុណ្ណោះ។
គួរជំរាបជូនថា តាមមាត្រា២៩ថ្មី និងមាត្រា៤០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ បានហាមមិនឲ្យគណបក្សនយោបាយនៅកម្ពុជា ទទួលវិភាគទានពីបរទេសនោះទេ ទោះនៅក្នុងរូបភាពណាក៏ដោយ។ បើមិនដូច្នោះទេ គណបក្សនយោបាយនោះ នឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ ឬផ្អាកសកម្មភាពនយោបាយក្នុងរយៈពេលកំណត់ណាមួយ ហើយបើធ្ងន់ធ្ងរនឹងត្រូវប្តឹងរំលាយតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ