លោក Murphy ក្លាយជាឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំកម្ពុជាផ្លូវការ ក្រោយការអនុម័តពីព្រឹទ្ធសភាអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ នេះ បានអនុម័តយល់ព្រម លើសំណើរបស់ប្រធានាធិបតីអាមេរិកឲ្យលោក W. Patrick Murphy ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ លោកត្រូវបានប្រធានាធិបតីអាមេរិកស្នើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាជំនួសលោក William Heidt ដែលត្រូវចប់អាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់ថា តើលោក Patrick Murphy នឹងត្រូវមកកាន់តំណែងនៅកម្ពុជានៅពេលណានៅឡើយទេ។ តើលោក Patrick Murphy ជានណា?
ក្នុងរយៈពេល២៦ឆ្នាំនៃការបំពេញការងារជាអ្នកការទូត លោក W. Patrick Murphy ធ្លាប់ធ្វើជាអនុប្រធានបេសកម្មនិងភារធារីអាមេរិកប្រចាំនៅទីក្រុងបាងកកប្រទេសថៃ ពី២០១៣ដល់ឆ្នាំ២០១៦ ជាតំណាងពិសេសខាងសម្របសម្រួលគោលនយោបាយនៅក្នុងប្រទេសភូមាពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ និងជាអនុប្រធានបេសកម្មនៃស្ថានទូតអាមេរិកនៅទីក្រុង Maseru នៃ Lesotho អាហ្រ្វិកខាងត្បូង ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ ក្រៅពីនេះ លោក W. Patrick Murphy ធ្លាប់បម្រើការងារនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រួមមាន ជាតំណាងពិសេសទទួលបន្ទុកប្រទេសភូមា ជានាយក/នាយករងការិយាល័យអាស៊ីអាគ្នេយ៍ ជាទីប្រឹក្សានយោបាយសម្រាប់ក្រុមការងារប្រទេសហៃទី ហើយនិងជាមន្រ្តីប្រចាំការទទួលបន្ទុកប្រទេសភូមានិងឡាវផងដែរ។ ចាប់តាំងពីចូលរួមបម្រើការងារនៅក្រសួងការបរទេសអាមេរិកនៅឆ្នាំ១៩៩២មក លោកក៏បានបំពេញការងារការទូតនៅក្រៅប្រទេសជាច្រើនទៀត ដូចជា ប្រទេសចិន អ៊ីរ៉ាក់ ហ្គីណេ និងប្រទេសម៉ាលីថែមទៀតផង។
សូមបញ្ជាក់ថា មុនត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកគឺជាឧបការរីរងនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិករយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ និងធ្លាប់បានធ្វើទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជាផងដែរ។ ក្នុងវ័យ៥៦ឆ្នាំ លោក W. Patrick Murphy ត្រូវបានគេចាត់ទុកថា គឺជាមន្ត្រីអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ ដែលមានចំណេះដឹងទាំងខាងផ្នែកកិច្ចការនយោបាយ យោធា សេដ្ឋកិច្ច សិទ្ធិមនុស្ស និងជំនាញខាងការដោះស្រាយទំនាស់ផងដែរ។ លើការសិក្សាវិញ លោក Patrick Murphy បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល (M.A) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (M.S.) ពីមហាវិទ្យាល័យសង្គ្រាមជាតិ និង B.A. ពីសាកលវិទ្យាល័យ Vermont។ ក្រៅពីនោះ លោកក៏បានសិក្សានៅវិទ្យាស្ថានអឺរ៉ុប នៅទីក្រុងនីស ប្រទេសបារាំងផងដែរ។
លោក Patrick Murphy ត្រូវបានលោក ដូណាល់ ត្រាំ ស្នើជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ជំនួសលោក William Heidt ដែលត្រូវចប់អាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែទើបតែថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៩នេះ ដែលលោក Patrick Murphy ត្រូវបានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ឯកអគ្គរដ្ឋទូតថ្មី» ប្រចាំនៅកម្ពុជាជាផ្លូវការ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់ថា តើលោក Patrick Murphy នឹងត្រូវមកកាន់តំណែងនៅកម្ពុជានៅពេលណានៅឡើយទេ ខណៈអ្នកនយោបាយ និងសង្គមស៊ីវិលនៅកម្ពុជារំពឹងថា តាមរយៈឯកអគ្គរដ្ឋទូតថ្មីនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងមានភាពល្អប្រសើរឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ