កម្ពុជា

បក្ស​ប្រឆាំង​មិន​ដែល​បាន​ធ្វើ​ពហិការ​មិន​ចូល​សភា​ជា​ទូទៅ​ទេ

លោក សុន ឆៃ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅក្នុងសន្និសីទកាសែតកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ឧសភា ហើយក៏ជាសន្និសីទកាសែតដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រដ្ឋសភាជាតិកាលពីព្រឹកមិញនេះ ដែលបានបោះឆ្នោតសម្រេចបើកផ្លូវឲ្យតុលាការបន្តនីតិវិធីក្នុងការចាប់
លោក សុន ឆៃ ប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅក្នុងសន្និសីទកាសែតកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ឧសភា ហើយក៏ជាសន្និសីទកាសែតដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រដ្ឋសភាជាតិកាលពីព្រឹកមិញនេះ ដែលបានបោះឆ្នោតសម្រេចបើកផ្លូវឲ្យតុលាការបន្តនីតិវិធីក្នុងការចាប់ Faceboook

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ថា​គណបក្ស​ប្រឆាំង​មិន​ដែល​ធ្វើ​ពហិការ​ទេ​ ហើយ​ថា​ការ​មិន​ចូល​ប្រជុំ​សភា​កន្លង​មក ដោយសារ​តែ​មាន​ក្រុម​ប្រដាប់​អាវុធ​តាម​ចាប់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដល់​ស្នាក់​ការ រួម​ទាំង​ការ​ប្រើ​យន្តការ​សភា ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ជា​ដើម។ តែ​ប្រធាន​បក្ស​ប្រឆាំង ដែល​កំពុង​តែ​នៅ​ក្រៅ​ប្រទេស​វិញ ថា​ការ​ធ្វើ​ពហិការ​នៅ​ដដែល។

ផ្សាយពាណិជ្ជកម្ម

លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​ក្នុង​វេទិកា​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ពី​ដើម​សង្រ្គោះ​ជាតិ​មិន ដែល​ប្រកាស​ពហិការ​អ្វី​ទេ! សង្រ្គោះ​ជាតិ​គ្រាន់​តែ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ថា​ពួក​លោក​មិន​អាច​ទៅ​បំពេញ​ការងារ​ពេញ​លេញ​នៅ​មន្ទីរ​រដ្ឋសភា​បាន​ទេ។

បើ​តាម​លោក​សុន ឆ័យ និង​លោក​អ៊ូ ច័ន្ទឫទ្ធិ ការ​មិន​ចូល​ប្រជុំ​សភា ដោយសារ​មាន​ការ​តាម​ចាប់​ខ្លួន​លោក​កឹម សុខា និង​ការ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​កន្លង​មក ហើយ​ជា​រួម​គឺ​ដោយ​តែ​មាន​ករណី​រំលោភ​រដ្ឋ​ធម្មនុញ្ញ។ លោក​សុន ឆ័យ ថា​ពី​ដើម​មក​ពួក​លោក​ក៏​មិន​ដែល​ប្រកាស​ធ្វើ​ពហិការ​ទេ គ្រាន់​តែ​ថា​ពួក​លោក​មិន​អាច​ចូល​ប្រជុំ​ក្នុង​ករណី​រំលោភ​បំពាន​រដ្ឋ​ធម្មនុញ្ញ។ ក្នុង​ករណី​ការងារ​ធម្មតា​តំណាង​រាស្រ្ត​បន្ត​ធ្វើ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​ធ្លាប់​បាន​បង្ហើប​ថា “ជួន​កាល​កន្លែង​សភា​ហ្នឹង​វា​មាន​ប្រយោជន៍​របស់​វា​ដែរ គេ​មិន​ណាត់​ជួប​គ្នា​មុន​ទេ ប៉ុន្តែ(ពេល)​ដើរ​ចូល​សភា​ជួប​គ្នា​ចាប់​ដៃ ចាប់​ដៃ​ហើយ​និយាយ​ពីរ​បី​មាត់ (ពី)​រឿង​នេះ​រឿង​នោះ​ទៅ (នោះ)​វា​រាល​ដាល​ដល់​រឿង​ផ្សេង​ៗ​ទៅ អាច​បង្កើត​ការ​យោគ​យល់​គ្នា​បាន​ខ្លះ។” លោក​បញ្ជាក់​ទៀត​ថា​កន្លែង​តែ​មួយ​គត់ ដើម្បី​និយាយ​គ្នា​គឺ​សភា។

ចំណែក​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី តាម​រយៈ​កាសែត​ខេមបូឌា​ដេលី​ថ្ងៃ​ទី​២២ កញ្ញា បាន​ឲ្យ​ដឹង​ថា លោក​រក្សា​ជំហរ​ការ​ធ្វើ​ពហិការ​ដដែល ទោះ​សភា​មាន​ផែនការណ៍​អ្វី​ក៏​ដោយ។ តាម​រយៈ​កាសែត​នេះ​លោក​សម រង្ស៊ី ថា ការ​ត្រឡប់​មក​កាន់​រដ្ឋសភា​វិញ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​មាន​ន័យ​ថា​ស្ថានការណ៍​នយោបាយ​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ តែ​ជាក់​ស្តែង​មិនមែន​អ៊ី​ចឹង​នោះ​ទេ។ លោក​សម រង្ស៊ី ប្រាប់​កាសែត​នេះ​ទៀត​ថា បើ​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​មិន​ត្រូវ​បាន​គោរព ហើយ​សន្តិសុខ​របស់​តំណាង​រាស្ត្រ​មិន​ត្រូវ​បាន​ធានា នោះ​នៅ​តែ​មាន​ការ​លំបាក​សម្រាប់​សមាជិក​សភា​បក្ស​ប្រឆាំង​ក្នុង​ការ​បន្ត​ការ​ងារ​របស់​ខ្លួន។

លោក​សុន ឆ័យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ​។ តែ​លោក​ធ្លាប់​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​កោះ​ហៅ​រដ្ឋ​មន្ត្រី​ចំនួន​ ៤​រូប ឲ្យ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា​ជា​ថ្មី នៅ​ដើម​ខែ​តុលា​ខាង​មុខ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ក៏​នឹង​ចូល​ខ្លួន​ទៅ​ការពារ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ចំនួន​៣ ប្រសិន​បើ​មាន​ការ​កោះ​ហៅ​ពី​រដ្ឋ​សភា។

សូម​បញ្ជាក់​ថា​ការ​អាក់​ខាន​មិន​បាន​ចូល​ប្រជុំ​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​កឹម សុខា កាល​ពី​ខែ​ឧសភា កន្ល​ងទៅ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI